• 2024-04-17 08:11:11
  • ព័ត៌មាន

ពេញចិត្ត ឬមិនពេញចិត្ត ភឹម ស្រីនោ ស្នើរមហាជនរិះគន់ក្នុងន័យស្ថាបនាដល់ម្ចាស់ជយលាភី MGC 2024

  • 2024-04-17 08:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២៤ (Miss Grand Cambodia 2024) បានចាប់ផ្តើមហើយ ដោយពិធីសន្និសីទកាសែត និងការបំពាក់ឆៀងជូនបេក្ខភាពផ្លូវការទាំង ២៨ រូប ត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅ Summer Bay Beach Club & Cabinsខេត្តព្រះសីហនុ។

រូបភាព៖ ហ្វេសប៊ុក Miss Grand Cambodia

ក្នុងនោះ កញ្ញា ភឹម ស្រីនោ បានឡើងបំពាក់ឆៀងជូនបេក្ខភាពផ្លូវការទាំង ២៨ រូបដោយទឹកមុខញញឹមប្រិមប្រិយ ទោះបីដឹងថា ខ្លួនឯងជិតដល់វេលាត្រូវផ្ទេរតំណែងទៅហើយក្តី។ ម្ចាស់មកុដ Miss Grand Cambodia 2023 រំភើបពេលឃើញបេក្ខភាពដាក់ពាក្យប្រកួតឆ្នាំនេះសុទ្ធតែជាស្រីស្អាត ហើយមានសមត្ថភាពរៀងៗខ្លួន។

រូបភាព៖ ហ្វេសប៊ុក Miss Grand Cambodia

ទន្ទឹមនឹងការលើកសរសើរ ស្រីនោ ក៏បើកភ្លើងខៀវឱ្យបេក្ខភាពសាកសួរពីបទពិសោធន៍ផ្សេងៗពាក់ព័ន្ធការប្រកួតទាំងក្នុង និងក្រៅស្រុក។ ថ្វីតែនាងមិនអាចចូលវគ្គ Top ណាមួយ តែនាងក៏ទទួលបានបទពិសោធន៍ការប្រកួតអន្តរជាតិច្រើន គួបផ្សំការប្រកួតក្នុងស្រុកផងនោះ នាងជឿជាក់ថា នាងអាចចែករំលែកចំណេះដឹង និងការត្រៀមខ្លួនល្អៗដល់បេក្ខភាពប្រកួតឆ្នាំថ្មី ប្រសិនគ្រប់គ្នាត្រូវការការចែករំលែកពីនាង។

រូបភាព៖ ហ្វេសប៊ុក Phoem Sreynor

ខណៈការប្រកួតកំពុងចាប់ផ្តើម ណាណូ ចង់ឱ្យបេក្ខភាពទាំងអស់យកចិត្តទុកដាក់ខ្ពស់លើការប្រតិបត្តិខ្លួន និងការរៀបចំផ្សេងៗ ព្រោះពិន្ទុត្រូវគេវាយតម្លៃតាំងពីចំនុចតូចៗដែលយើងនឹងស្មានមិនដល់។ ឆ្លៀតឱកាសនេះ នាងក៏សូមស្នើរដល់ចិត្តមហាជន និងអ្នកស្នេហាវិស័យបវរកញ្ញាទាំងអស់ដែលស្រលាញ់គាំទ្រវិស័យបវរកញ្ញា ហើយចង់ឱ្យវិស័យនេះរីកចម្រើន សូមឱ្យគ្រប់គ្នាធ្វើការរិះគន់ក្នុងវ័យស្ថាបនាដល់ម្ចាស់ជយលាភី។ ជាក់ស្តែង សម្រាប់ម្ចាស់ជយលាភី Miss Grand Cambodia 2024 ផ្ទាល់តែម្តង ទោះបីជាម្ចាស់ជយលាភីនោះ អ្នកបុគ្គលដែលលោកអ្នកគាំទ្រ ឬមិនមែនជាបុគ្គលដែលគ្រប់គ្នាស្រលាញ់ពេញចិត្តក៏ដោយ សូមឱ្យពុកម៉ែបងប្អូនបើកចិត្តទូលាយទទួលយក ព្រោះពេលបវរកញ្ញាចេញទៅប្រកួតលើឆាកអន្តរជាតិម្តងៗអ្វីដែលត្រូវការបំផុតគឺ កម្លាំងចិត្ត ពីពុកមែ៉បងប្អូនប្រជាជនកម្ពុជា ព្រោះពួកយើងសុទ្ធតែធ្វើដើម្បីប្រទេសជាតិទាំងអស់គ្នា។

រូបភាព៖ ហ្វេសប៊ុក Phoem Sreynor

ការលើកឡើងបែបនេះ ដោយសារនាងខ្លួនឯងធ្លាប់ជួបប្រទះរឿងនេះផ្ទាល់ ហើយបទពិសោធន៍ទាំងនោះធ្វើឱ្យនាងដិតដាមជាប់ក្នុងចិត្តជានិច្ច ដូច្នេះទើបមិនចង់ឱ្យវាកើតឡើងលើបវរកញ្ញាផ្សេងទៀតឡើយ។

ម្ចាស់មកុដ Miss Grand Cambodia 2023 សង្ឃឹមថា យើងនឹងអាចជ្រើសរើសបានបេក្ខភាពដែលស្អាត ឆ្លាត ពូកែ សម្រាប់តំណាងកម្ពុជាលើឆាកអន្តរជាតិ និងសូមលើកទឹកចិត្ដដល់បេក្ខភាពផ្លូវការទាំងអស់បញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីបន្តតំណែង Miss Grand Cambodia 2024 បន្ទាប់ពីរូបនាង៕

រូបភាព៖ ហ្វេសប៊ុក Phoem Sreynor

អត្ថបទ៖ Ah Mouy

មតិយោបល់