- 2024-05-31 10:15:54
- ព័ត៌មាន
ស៊ីន សេដ្ឋសុជ្ឈតា ដាក់បទ «នាង» តាមអនឡាញ platform ស្វាគមន៍ដំណើរផ្លូវជាសិល្បករឯករាជ្យ
- 2024-05-31 10:15:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីន សេដ្ឋសុជ្ឈតា ដាក់បទ «នាង» តាមអនឡាញ platform ស្វាគមន៍ដំណើរផ្លូវជាសិល្បករឯករាជ្យ
ចន្លោះមិនឃើញ
បន្ទាប់ពីគិតយ៉ាងយកចិត្តទុកដាក់ ចៅស្រីរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត គឺកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា បានសម្រេចចិត្តប្រកាសខ្លួនជា «សិល្បករឯករាជ្យ» វិញ ក្រោយជ្រកកោនក្រោមដំបូលផលិតកម្ម ក្លាបយ៉ាហ៊ែន (Klap YaHandz) អស់រយៈពេលប្រមាណជាង ៣ឆ្នាំ។ នេះបើយោងតាមការបង្ហោះរបស់ សុជ្ឈតា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។
ការប្រកាសចាកចេញពី Klap YaHandz របស់លោក សុខ វិសាល ជាជំហានដ៏ធំមួយក្នុងដំណើរតន្ត្រីរបស់នាង ដើម្បីបន្តទស្សនវិស័យសិល្បៈផ្ទាល់ខ្លួនរបស់នាង។
តារាចម្រៀងរូបនេះ មិនបញ្ជាក់ហេតុផលនៃការចាកចេញពី Klap YaHandz លឿនជាងកុងត្រាដែលបានប្រកាសកាលពីដើមឆ្នាំ២០២១នោះឡើយ ដែលគេដឹងថា សុជ្ឈតា កុងត្រាច្រៀងនៅផលិតកម្មនេះរយៈពេល ៥ឆ្នាំ ប៉ុន្តែពេលនេះទើបបាន ៣ឆ្នាំជាងប៉ុណ្ណោះ នាងក៏ប្រកាសចាកចេញពីទីនេះទៅហើយ។
ទោះជាយ៉ាងនេះក្តី ម្ចាស់បទ «ជឿជាក់» បានថ្លែងអំណរគុណដល់ Klap YaHandz ប៉ុន្តែវាដល់ពេលហើយសម្រាប់នាងក្នុងការស្វែងរកសំឡេងថ្មី និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកទាំងអស់គ្នាតាមលក្ខខណ្ឌរបស់នាង។
គួរឱ្យចាប់អារម្មណ៍ខ្លាំង គ្រាន់តែប្រកាសដើរចេញពីទ្រនំចាស់បាន ១ថ្ងៃប៉ុណ្ណោះ តារាចម្រៀងដ៏មានទេពកោសល្យ ស៊ីន សេដ្ឋសុជ្ឈតា ដាក់បទ «នាង» ឬ «SHE» តាមអនឡាញ platform ជាច្រើន ហាក់បីដូចជាការស្វាគមន៍ដំណើរផ្លូវជាតារាសិល្បករឯករាជ្យរបស់នាង។
ភ្ជាប់ជាមួយផ្ទាំង poster ផ្សព្វផ្សាយ សុជ្ឈតា រៀបរាប់ថា «រាងយូរបន្តិច តែមិនអីទេ “នាង” មកដល់ហើយ»។ ដូច្នេះ ពីពេលនេះតទៅលោកអ្នកអាចស្វែងរកស្តាប់បទចម្រៀង «SHE» របស់ចៅស្រីរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត នៅលើ online platform ចំនួន ៥ រួមមាន៖ Spotify, Deezer, YouTube Music, Apple Music និង Tik Tok។
គួររំឮកផងដែរថា កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា បានទម្លាក់បទ «នាង» ឬ «SHE» លើឆានែលយូធូប Setsochhata Sin - ស៊ីន សេដ្ឋសុជ្ឈតា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ដោយនាងបានឱ្យអត្ថន័យពាក្យ «នាង» លើសពីសព្វនាមសម្គាល់មនុស្សស្រី តែជាត្រីវិស័យសម្រាប់អ្នកស្វែងរកខ្លួនឯង៕