• 2024-06-12 10:00:00
  • ព័ត៌មាន

ការបង្ហើបរបស់ ND ថ្មី និង រឿន ណាត ធ្វើឱ្យហ្វេនពុះកញ្ជ្រោលចង់ឃើញម្ចាស់មកុដ MUC 2024 ឱ្យឆាប់

  • 2024-06-12 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាពក្រៅឆាកជាច្រើនសន្លឹកនៃការសម្ភាសន៍ផ្ទាល់រវាងស្ត្រីដ៏អស្ចារ្យចំនួន ៥រូប (Top5) ជាមួយគណៈកម្មការជំនាញ ត្រូវបានទំព័រហ្វេសប៊ុក Miss Universe Cambodia បង្ហោះចែកចាយពាសពេញបណ្តាញសង្គម ធ្វើឱ្យហ្វេនៗ និងអ្នកនិយមគាំទ្រវិស័យបវរកញ្ញានៅកម្ពុជានាំគ្នាជ្រួលច្របល់ឃើញស្គាល់មុខបេក្ខភាពអាថ៌កំបាំងទាំង៥រូបយ៉ាងខ្លាំងក្លា។

រូបភាព៖​ ហ្វេសប៊ុក Miss Universe Cambodia

ទោះស្ថាប័នមិនបង្ហាញឱ្យឃើញ តែហ្វេនៗបានធ្វើការស្រាវជ្រាវផ្ទាល់ខ្លួនរហូតបេក្ខភាពខ្លះត្រូវបានទម្លាយលើ social media ប៉ុន្តែខ្លះទៀតនៅពុំទាន់មានគេដឹងនៅឡើយទេ។

ស្របពេលដែលស្ថាប័នរៀបចំ MUC 2024 កំពុងលាក់សមាសភាពបេក្ខភាព Top5 ហ្វេនៗរឹតតែពុះកញ្ជ្រោលចង់ដឹង ដោយសារការបង្ហើបរបស់ លោក ឆូយ ជា National Director ថ្មីរបស់កម្មវិធី Miss Universe Cambodia 2024 និងបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត ដែលចូលរួមធ្វើជាគណៈកម្មការដាក់ពិន្ទុ។

បវរកញ្ញារូបស្រស់ រឿន ណាត បានបង្ហើបថា គ្រាន់តែឃើញបេក្ខភាពម្នាក់ៗបោះជំហានចូលបន្ទប់សម្ភាសន៍ គណៈកម្មការព្រឺសម្បុរខ្ញាកៗ ហើយបែកញើសជោគតែម្តង ព្រោះបេក្ខភាពទាំង ៥រូបមានមកជាកញ្ចប់សម្រាប់តំណែងម្ចាស់មកុដ MUC 2024។ សមត្ថភាព រូបសម្រស់ និងភាពជឿជាក់របស់ Top5 ធ្វើឱ្យ រឿន ណាត រំពឹងថា ឆ្នាំនេះកម្ពុជានឹងអាចបំបែកប្រវត្តិសាស្រ្តក្នុងការប្រកួត Miss Universe 2024 លើកទី៧៣ នៅប្រទេសម៉ិចស៊ីកូ នាចុងឆ្នាំនេះ។

រូបភាព៖​ ហ្វេសប៊ុក Miss Universe Cambodia

មិនទាន់អស់នៅឡើយទេ ND ថ្មីកម្មវិធី Miss Universe Cambodia 2024 ក៏បានឱ្យដឹងផងដែរថា Top5 ដែលយើងសម្រិតសម្រាំងមកសម្ភាសន៍សុទ្ធសឹងជាស្រ្តីមានឥទ្ធិពល មានភាពម្ចាស់ការលើខ្លួនឯង ថែមទាំងមានភាពជាអ្នកដឹកនាំទៀតផង ជាេហតុធ្វើឱ្យគណៈកម្មការពិបាកក្នុងការសម្រេចចិត្តជ្រើសរើសខ្លាំងមែនទែន។

លោកបង្ហើបថា ក្នុងចំណោមអ្នកទាំង ៥រូបមានស្ត្រីជាអ្នកម្តាយចំនួន ២រូប ហើយក្រៅពីនេះអ្នកខ្លះជាមុខថ្មី ខ្លះទៀតជាអ្នកធ្លាប់មានបទពិសោធន៍ក្នុងការប្រកួតប្រជែង។ ឆ្លងកាត់ការសម្ភាសន៍ និងការបញ្ចេញសមត្ថភាពរយៈពេលជិត ១ម៉ោង លោក ឆូយ ជឿជាក់ថា យើងពិតជាអាចរើសបានបេក្ខភាពដ៏មានគុណភាពសម្រាប់តំណាងកម្ពុជាយើងលើវេទិកាអន្តរជាតិ។

រូបភាព៖​ ហ្វេសប៊ុក Miss Universe Cambodia

ក្នុងនោះផងដែរ ស្ថាប័នមានគម្រោងការងារជាច្រើនត្រៀមស្វាគមន៍ម្ចាស់មកុដ MUC 2024 រួមទាំងការហ្វឹកហាត់សមត្ថភាពបន្ថែមឱ្យកាន់តែល្អប្រសើរផងដែរ។ រឹតតែពិសេស ស្ថាប័ននឹងរៀបចំពិធីបំពាក់មកុដយ៉ាងធំសម្បើម អមដោយការបង្ហាញពិសេសពីម្ចាស់មកុដផ្ទាល់តែម្តង ដែលការធ្វើបែបនេះគឺដើម្បីឱ្យហ្វេនៗស្គាល់ និងដឹងពីសក្កានុពលម្ចាស់មកុដ MUC 2024 កាន់តែច្បាស់ឡើង។

រូបភាព៖​ ហ្វេសប៊ុក Miss Universe Cambodia

ឆាប់ៗនេះលោកអ្នកនឹងបានឃើញមុខម្ចាស់មកុដ Miss Universe Cambodia 2024 ដែលនឹងត្រូវតំណាងកម្ពុជាទៅប្រកួតលើវេទិកា Miss Universe 2024 នៅប្រទេសម៉ិចស៊ីកូ ខណៈដែលហ្វេនៗយ៉ាងច្រើនកុះករកំពុងរង់ចាំអ៊ុតមើលថា តើស្រ្តីរូបណាដែលនឹងក្លាយជា បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ២០២៤ បន្ទាប់ពី កញ្ញា ចន សុទីម៉ា៕

អត្ថបទ៖ Ah Mouy

មតិយោបល់