• 2024-07-24 09:30:00
  • ព័ត៌មាន

មាន សូនីតា រក្សាជំហរផ្សព្វផ្សាយក្រមាខ្មែរទៅកាន់ពិភពលោក និងស្នើរប្រជាជនខ្មែរឱ្យបន្តគាំទ្រ

  • 2024-07-24 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ច្រើនឆ្នាំមកនេះ តារាសម្តែងរូបស្រស់ កញ្ញា មាន សូនីតា បានដាក់ចិត្តដាក់កាយក្នុងការប្រម៉ូតផ្សព្វផ្សាយពីក្រមាឱ្យគ្រប់គ្នាបានស្គាល់ និងដឹងពីគុណតម្លៃនៃក្រមាខ្មែរកាន់តែច្រើនឡើង។

រូបភាព៖ ហ្វេសប៊ុក Mean Sonyta មាន សូនីតា

ជាក់ស្តែង តារាស្រីល្បីឈ្មោះនេះមិនត្រឹមតែធ្វើទីផ្សារសម្រាប់ក្រមាក្នុងស្រុកប៉ុណ្ណោះទេ ថ្មីៗនេះ នាងបានជ្រើសយកក្រមាខ្មែរច្នៃជាឈុតសម្លៀកបំពាក់ដ៏ប្រណីតចូលរួមដើរកម្រាលព្រំក្រហមកម្មវិធី Cannes Film Festival 2024 លើកទី៧៧ នៅប្រទេសបារាំង ដើម្បីបង្ហាញឱ្យពិភពលោកឃើញពីភាពស្រស់ស្អាតនៃផ្ទៃក្រឡារបស់ក្រមាខ្មែរ ដែលប្រណីតខ្លាំង អាចយកទៅច្នៃបទបែនបានគ្រប់តម្រូវការ។

រូបភាព៖ ហ្វេសប៊ុក Mean Sonyta មាន សូនីតា

គួរឱ្យចាប់អារម្មណ៍ខ្លាំង វីដេអូ និងរូបថតស្អាតៗរបស់ មាន សូនីតា បានអណ្តែតលើផ្ទាំង Billboard ធំៗជាច្រើនទីតាំងក្នុងក្រុងភ្នំពេញ រំលេចឱ្យប្រជាជនកម្ពុជាឃើញពីភាពស្រស់ស្អាតរបស់កុលស្រ្តីខ្មែរ និងឈុតសម្លៀកបំពាក់បែបសហសម័យច្នៃឡើងពីក្រមា។

រូបភាព៖ ហ្វេសប៊ុក Mean Sonyta មាន សូនីតា

ជួបជាមួយ រាជនីក្រមា ក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រកម្មវិធី Cambodia’s Queen Of the Catwalk រដូវកាលទី១ កាលពីពេលថ្មីៗ នាងបានបង្ហាញអារម្មណ៍រំភើបរីករាយ សប្បាយចិត្ត លាយឡំអារម្មណ៍ភ្ញាក់ផ្អើល ពេលឃើញរូបភាព និងវីដេអូរបស់ខ្លួនឯង បានអណ្តែតចែកចាយសម្រស់របស់ក្រមាខ្មែរលើផ្ទាំង Billboard ធំៗបែបនេះ។

ច្រើនឆ្នាំមកនេះ សូនីតា មិនដែលត្អួញត្អែរពីភាពហត់នឿយក្នុងការប្រម៉ូតផ្សព្វផ្សាយអំពីក្រមាខ្មែរម្តងណាឡើយ ដោយនាងនៅរក្សាជំហរយ៉ាងរឹងមាំលើការបន្តប្រម៉ូតផ្សព្វផ្សាយពីក្រមានៅកាន់ពិភពលោក។ សិល្បការនីរូបនេះ ចង់ឱ្យប្រជាជនខ្មែរបន្តគាំទ្រក្រមាឱ្យច្រើនឡើង ដើម្បីឱ្យពិភពលោកស្គាល់ថា ក្រមាជារបស់ខ្មែរ។

រូបភាព៖ ហ្វេសប៊ុក Mean Sonyta មាន សូនីតា

ប្រាប់ត្រង់ៗមិនលាក់លៀម រាជនីក្រម៉ា ថា នាងបានព្យាយាមបង្កើតក្រឡាក្រមាថ្មីៗបន្តបន្ទាប់ឱ្យទាន់សម័យកាលស៊ីវិល័យ ព្រោះបើយើងប្រើតែទម្រង់ចាស់ៗអ្នកប្រើប្រាស់អាចនឹងធុញទ្រាន់ តែការបង្កើតក្រឡាថ្មីៗអាចជំរុញឱ្យក្រមាខ្មែរបន្តមានទីផ្សារ ជៀសផុតពីការបាត់បង់ផងដែរ។

រូបភាព៖ ហ្វេសប៊ុក Mean Sonyta មាន សូនីតា

គួរបញ្ជាក់ផងដែរថា ក្រៅពីការងារសិល្បៈដ៏មមាញឹក អតីតម្ចាស់ជយលាភី Freshie Girl លេខ៤ ជំនាន់ទី៨ ឆ្នាំ២០២៩ ក៏ជាម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ ផ្ទះស្រលាញ់ ដែលហាងសម្លៀកបំពាក់នេះផ្តោតលើក្រមាតែម្តង។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ថៅកែស្រីរូបស្រស់ បានពង្រីកសេវាកម្មបន្ថែមដោយទទួលច្នៃ និងកាត់សម្លៀកបំពាក់សម័យថ្មីតាមតម្រូវការភ្ញៀវ។

មិនត្រឹមជាម្ចាស់ហាង សូនីតា ក៏ដើរតួនាទីជាអ្នកប្រម៉ូតសម្លៀកបំពាក់ផងដែរ។ នាងតែងតែនាំយកឈុតក្រមាថ្មីប្លែកមកចែកជូនប្រិយមិត្តអ្នកគាំទ្រ សូម្បីពេលធ្វើដំណើរទៅលេងក្រៅប្រទេសម្តងៗ ក៏នាងមិនដែលភ្លេចយកឈុតក្រមាច្នៃថ្មីទៅថតម្តងណាឡើយ ព្រោះនាងជឿជាក់លើភាពស្រស់ស្អាតនៃក្រមាដែលស័ក្កសមគ្រប់ទីកន្លែង៕

រូបភាព៖ ហ្វេសប៊ុក Mean Sonyta មាន សូនីតា

អត្ថបទ៖ Ah Mouy

មតិយោបល់