• 2024-08-20 09:00:00
  • ព័ត៌មាន

សមត្ថភាព និងសម្រស់ ធ្វើឱ្យពន្លកតារាស្រីវ័យក្មេង Destiny Seymour ផ្ទុះការចាប់អារម្មណ៍ខ្លាំងយ៉ាងឆាប់រហ័ស

  • 2024-08-20 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលដែលវិស័យសិល្បៈកំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ពន្លកតារាវ័យក្មេងជាច្រើនបានលេចវត្តមានក្នុងរង្វង់សិល្បៈ ដែលពួកគេមានសមត្ថភាព និងភាពទាក់ទាញរៀងៗខ្លួន។ តួយ៉ាង ក្នុងចំណោមនោះក៏មានកូនកាត់ខ្មែរ-អូស្ត្រាលី Destiny Seymour ម្នាក់ផងដែរ។

រូបភាព៖ ហ្វេសប៊ុក Destiny Seymour

ស្ថិតក្នុងវ័យ ១៧ឆ្នាំ Destiny ធ្វើឱ្យអ្នកជុំវិញខ្លួនមានភាពភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយនាងមានសមត្ថភាពសម្តែងបានយ៉ាងល្អប្រសើរ។ បើនិយាយពីរូបសម្រស់វិញនោះ មិនចាញ់តារាស្រីកូនកាត់ផ្សេងៗនោះឡើយ ដោយនាងមានរូបរាងស្លីមស្រឡូន ទម្រង់មុខកូនកាត់ មើលទៅស្រស់ស្អាតគួរជាទីគាប់ចិត្ត។

ថ្មីនេះ យុវតីវ័យ១៧ឆ្នាំ Destiny រៀបរាប់ឱ្យដឹងថា នាងស្រលាញ់ចូលចិត្តវិស័យសិល្បៈតាំងពីក្មេងមកម៉្លេះ ប៉ុន្តែទើបពេលនេះដែលនាងមានឱកាសបានប្រឡូកសិល្បៈតាមបំណង ក្រោមការជ្រោមជ្រែងរបស់លោកឪពុកជាជនជាតិអូស្ត្រាលី។

រូបភាព៖ ហ្វេសប៊ុក Destiny Seymour

សព្វថ្ងៃកូនកាត់ខ្មែរ-អូស្ត្រាលីរូបនេះ ទទួលថតប្រម៉ូតផ្សព្វផ្សាយផលិតផល ថតស៉្បតពាណិជ្ជកម្ម ថតសម្អាងការ និងការងារសិល្បៈផ្សេងៗតាមតម្រូវការរបស់ក្រុមហ៊ុន និងភ្នាក់ងារ agency ផ្សេងៗ។ មិនតែប៉ុណ្ណោះ នាងក៏កំពុងថតរឿងភាគថ្មីសម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចំណងជើង «គ្រួសារបង្កង» ដែលនេះជាការថតរឿងលើកដំបូងបង្អស់របស់នាងពន្លកតារាស្រីវ័យក្មេងរូបនេះ។

រូបភាព៖ ហ្វេសប៊ុក Destiny Seymour

សោភាកូនកាត់ Destiny Seymour ពិតចិត្តការងារសិល្បៈដែលកំពុងធ្វើសព្វថ្ងៃនេះខ្លាំងណាស់ ព្រោះវាជាអ្វីដែលនាងស្រលាញ់ចូលចិត្តតាំងពីតូច ដូច្នេះនាងនឹងខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីអភិវឌ្ឍន៍សមត្ថភាពសិល្បៈឱ្យកាន់តែល្អប្រសើរជាងនេះទៀត ព្រោះក្តីស្រម៉ៃរបស់នាងកំពុងក្លាយជាការពិតហើយ។

ដ្បិតតែឈានជើងចូលសិល្បៈក្រោយគេបន្តិច តែសម្រស់ និងភាពរួសរាយរាក់ទាក់របស់ Destiny ធ្វើឱ្យច្បាបប្រជាប្រិយភាពបានយ៉ាងឆាប់រហ័ស។ ជាញឹកញាប់ គេរមែងឃើញវត្តមាន Destiny Seymour ក្នុងកម្មវិធីធំៗដែលមានសិល្បករសិល្បការនី និង influencer ល្បីៗចូលរួម។

រូបភាព៖ ហ្វេសប៊ុក Destiny Seymour

ទោះមមាញឹកការងារសិល្បៈកម្រិតណា ក៏កូនកាត់ខ្មែរ-អូស្ត្រាលី Destiny Seymour មិនបោះបង់ចោលការសិក្សាឡើយ ដោយបច្ចុប្បន្នយុវតីរូបនេះកំពុងសិក្សាភាសាខ្មែរ និងអង់គ្លេស នៅសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា Destiny Seymour ជាកូនកាត់ខ្មែរ-អូស្ត្រាលី ដោយម្តាយជាជនជាតិខ្មែរ ឪពុកជនជាតអូស្ត្រាលី។ Destiny កើត និងធំធាត់នៅប្រទេសកម្ពុជា ហើយនាងទើបបោះជំហានចូលសិល្បៈប្រមាណ ២ឆ្នាំប៉ុណ្ណោះ តែដោយសារសមត្ថភាព និងសម្រស់ ធ្វើឱ្យពន្លកតារាស្រីវ័យក្មេងនេះផ្ទុះការចាប់អារម្មណ៍ខ្លាំងយ៉ាងឆាប់រហ័ស៕

រូបភាព៖ ហ្វេសប៊ុក Destiny Seymour

អត្ថបទ៖ Ah Mouy

មតិយោបល់