- 2024-08-26 10:10:00
- ព័ត៌មាន
តារាវ័យក្មេង ៦រូប ចាប់ដៃគ្នាបង្កើតក្រុម Diamond Star ដើម្បីបង្ហាញសក្កានុពល និងទេពកោសល្យសិល្បៈ
- 2024-08-26 10:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាវ័យក្មេង ៦រូប ចាប់ដៃគ្នាបង្កើតក្រុម Diamond Star ដើម្បីបង្ហាញសក្កានុពល និងទេពកោសល្យសិល្បៈ
ចន្លោះមិនឃើញ
ភាពរីកចម្រើននៃវិស័យសិល្បៈខ្មែរនាពេលបច្ចុប្បន្ន ធ្វើឱ្យប្អូនៗកុមារតូចៗងាកមកចាប់អារម្មណ៍ពីវិស័យនេះ សូម្បីតែអាណាព្យាបាលរបស់ពួកគេ ក៏ជំរុញលើកទឹកចិត្ត ហើយបញ្ជូនកូនឱ្យចូលរៀនតាមចំណងចំនូលចិត្តពួកគេទៀតផង។
ភាគច្រើន គេឃើញប្អូនៗកុមារចាប់អារម្មណ៍វិស័យម៉ូដែល ស្របពេលដែលសាលាមួយចំនួនបើកទទួលប្អូនៗឱ្យហាត់រៀនតាំងពីតូចទៅម្ល៉េះ ជាហេតុធ្វើឱ្យកុមារតូចៗចេះដើរម៉ូដយ៉ាងស្ទាត់ជំនាញ។ រីឯ ការសម្តែង និងការតុបតែងខ្លួនវិញ គឺល្អល្អះមិនចាញ់តារារៀមច្បងនោះឡើយ។
ទន្ទឹមគ្នានោះ តារាម៉ូដែលវ័យក្មេង ៦រូប បានចាប់អារម្មណ៍បង្កើតក្រុមមួយ ឈ្មោះថា «Diamond Star» ឬហៅថា «គ្រាប់ពេជ្រតារា» ដែលសមាជិកទាំង ៦រូបនោះ រួមមាន៖ អែលសា លីន , ឈើរី មីន , ឡាំ ចាន់ម៉ូនីកា , ហ៊ុនសារ៉ាត់ ឧស្សាហ៍ , ហួង សុជាតា និង ហេង ចាន់និតា ដែលគ្រប់ជាមានអាយុក្រោម ១៧ឆ្នាំ។
តាមការឱ្យដឹងពីសមាជិកក្រុម «Diamond Star» ក្រុមម៉ូដែលវ័យក្មេងនេះ ទើបតែបង្កើតឡើងថ្មីៗនេះ ក្រោមការជ្រោមជ្រែងពីអាណាព្យាបាលរបស់ប្អូនៗទាំង ៦រូប។ ការបង្កើតក្រុមនេះឡើង ដើម្បីបង្ហាញពីសក្កានុពល និងទេពកោសល្យសិល្បៈរបស់ម៉ូដែលវ័យក្មេងទាំង ៦ ដែលមានសមត្ថភាពខ្ពស់អាច រាំ ច្រៀង សម្តែង និងដើរបង្ហាញម៉ូដយ៉ាងស្ទាត់ជំនាញទៀតផង។
ចាប់ពីពេលនេះសមាជិកក្រុម «Diamond Star» នឹងហ្វឹកហាត់ពង្រឹងសមត្ថភាពគ្រប់ផ្នែករបស់ពួកគេឱ្យកាន់តែល្អ ត្រៀមទទួលការងារថ្មីៗដែលក្រុមហ៊ុន ឬភ្នាក់ងារ agency ទាក់ទងមក។
ក្រុម «Diamond Star» ជឿជាក់ថា ពួកគេនឹងធ្វើបានល្អក្នុងការបង្ហាញសមត្ថភាពសិល្បៈដ៏រស់រវើកឱ្យសាធារណជនបានឃើញពីសមត្ថភាពដ៏ប៉ិនប្រសព្វរបស់តារាវ័យក្មេងកម្ពុជាយើង។ ដោយឡែក សម្រាប់គម្រោងការងារបន្ទាប់ ពេលនេះសមាជិកក្រុមកំពុងជជែកពិភាក្សាគ្នាស្វែងរកមតិរួមមួយ រួចទើបប្រកាសចែកចាយទៅកាន់ទស្សនិកជន។
តារាម៉ូដែលវ័យក្មេង ៦រូប សន្យាថា នឹងបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការបង្ហាញទេពកោសល្យសិល្បៈរបស់ពួកគេ ដូច្នេះប្រសិនបើក្រុមហ៊ុន ភ្នាក់ងារ agency ឬផលិតករ ចាប់អារម្មណ៍សមត្ថភាពរបស់ពួកគេ អាចទំនាក់ទំនងបានគ្រប់ពេលវេលា។
ទោះចិត្តស្រលាញ់ការងារសិល្បៈខ្លាំងប៉ុណ្ណា ក៏សមាជិកទាំង ៦រូប មិនបោះបង់ការសិក្សាឡើយ ដោយខំប្រឹងទាំងការសិក្សា និងការហាត់សមឱ្យដើរទៅមុខទន្ទឹមគ្នា៕