• 2016-11-17 03:00:41
  • ព័ត៌មាន

ដូង សុខគា បង្ហាញ​ផែន​ការ​ថ្មី​នៅ​CTN ក្រោយ​បោះចោល​កម្មវិធី២

  • 2016-11-17 03:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​​ប្រកាស​ឈប់​ធ្វើ​ពិធី​ករ កម្មវិធី "សំណើចតាមភូមិ" និង "ផ្ទះ​លោក​តា"​ភ្លាម លោក ដួង សុខគា បាន​​​បង្ហើប​ប្រាប់Sabay ថា លោក​គ្រោង​នឹងបង្កើត​កម្មវិធី​ថ្មី​មួយ​ដោយ​ខ្លួន​ឯង ហើយ​ផែនការ​នោះ​លោក​គ្រោង​យក​​​ទៅ​ជួប​ពិភាក្សា​ថ្នាក់​ដឹក​នាំ​ខាង​លើ​ឆាប់ៗ​ខាង​មុខ​​នេះ។

កម្មវិធី​ដែល លោក ដួង សុខគា គ្រោង​បង្កើត​នោះ ជា​កម្មវិធី​មួយ​​​​ទាក់​ទង​នឹង​វប្បធម៌​ប្រពៃណី ដោយ​មាន​ការ​បញ្ចូល​កំប្លែង​លេង​សើច​ខ្លះៗ​តែ ​កាល​លេង​សើច​មិន​លើស​លួស។"ខ្ញុំ​​ចូល​ចិត្ត​វប្បធម៌ អី​ចឹង​ខ្ញុំ​ចង់​អភិរក្ស តែ​ខ្ញុំ​ចង់​​ឲ្យ​មាន Creative ឥឡូវ​ហ្នឹង​កំពុង​គិត តែ​​មិន​​ទាន់​ដឹង​ថា​ថ្នាក់​ដឹក​នាំ​គាត់ ព្រម​ឬ​អត់​ទេ" លោក ដួង សុខគា​ លើក​ឡើង។

ឆ្លង​តាម​បទពិសោធន៍​ការងារ​កន្លង​មក ការ​ងាក​មក​ផលិតកម្ម​វិធី​ដោយ​ខ្លួន​ឯង​នេះ មិន​ជា​បញ្ហា​ចោទ​​ជា​មួយ​លោក ដួង សុខគា​ឡើយ។ តារា​រូប​នេះ​ប្រាប់​ថា កម្មវិធី​កន្លង​មក​លោក​បាន​ជួយ​គំនិត​ថ្មីៗ​ដល់​ក្រុម​ការងារ​ច្រើន ដូច​នេះ មិន​មែន​​ជា​រឿង​ពិបាក​នោះ​ទេ។

លោក ដួង សុខគា បាន​ចូល​​បម្រើ​ការងារ​នៅ​​ទូរទស្សន៍​CTN ក្នុង​អំឡុង​ឆ្នាំ២០០៩ ជា​បុគ្គលិក​ជាប់​កុងត្រា។ ទោះ​បី​ជា​លោក ដួង សុខគា លា​ឈប់​ពី​កម្មវិធី "សំណើច​តាម​ភូមិ​" និង "ផ្ទះ​លោក​តា"បែប​នេះ​ក្ដី តារា​មាន​កំណើត​មក​ពី​ខេត្ត តាកែវ​រូប​នេះ​នៅ​​តែ​មាន​ឈ្មោះ​​ជា​បុគ្គលិក​ទូរទស្សន៍​​ខាង​លើ​​ដដែល។ បច្ចុប្បន្ន​លោក​នៅ​សល់ កម្មវិធី​ក្នុង​ដៃ​មួយ​ទៀត​គឺ "ប្ដី​ខ្ញុំ​ខ្លាំង"។

ដួង សុខគា ទទួល​ស្គាល់​ថា ការ​ឈប់​ពី​កម្មវិធី"សំណើច​តាម​ភូមិ​" និង "ផ្ទះ​លោក​តា" ដោយសារតែ​​មាន​​ការ​អាក់អន់ចិត្ត ពី​នាយ ពែកមី និង នាង​ខ្ញុង ក្នុង​កម្មវិធី​កាត់​សក់​មួយជា​មួយ​គ្នា ។ ការ​បោះសម្ដី មិន​គោរព​​ចាស់​ទុំ​របស់​តារា​ទាំង​ពីរខាង​លើ លោក​ប្រាប់​ថា មិនមែន​តែ​លើក​ទី​១នោះ​ឡើយ។ លោកសូម មិន​អធិប្បាយ បញ្ហាខាង​លើ ឲ្យ​លើស​ពី​នេះ​ឡើយ។

ជា​មួយ​គម្រោងការ​បង្កើត​កម្មវិធី​ថ្មី​ដូច​បាន​រៀបរាប់​ខាង​លើ មិន​ទាន់​ដឹង​ថា ថ្នាក់​គ្រប់គ្រង​របស់​CTN​ព្រមព្រៀង​រាល់​សំណើ​​​​រនោះ​ទេ ប៉ុន្តែ​លោក ដួង សុខគា បញ្ជាក់​ជា​ចុង​ក្រោយ​ថា ខ្លួន​នឹង​កាន់​គម្រោង​នោះ​ទៅ​ជួប​ពិភាក្សា​ជា​មួយ ថ្នាក់​ដឹក​នាំ​ឆាប់ៗ​នេះ ហើយ​ថ្នាក់​ដឹក​នាំ​អូខេ លោក​ប្ដេជ្ញា​​ថា នឹង​​ព្យាយាម​បង្កើត​គំនិត​ថ្មីៗ​ល្អ​ៗឲ្យ​បាន​ច្រើន៕

អត្ថបទ៖ ខុត សីហា

មតិយោបល់