• 2016-11-19 05:02:09
  • ព័ត៌មាន

ដួង សុគា បញ្ជាក់​ជា​ថ្មី​ពី​ទំនាក់ទំនងលោក និង​អ្នកនាង​ខ្ញុង

  • 2016-11-19 05:02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ដួង សុខគា បាន​ចេញ​មុខ​ជា​ថ្មី ដោយ​បាន​ច្រាន​ចោល​ ព័ត៌មាន​ដែល​ថា​លោក ខឹង​ខ្ញុង​នោះ គឺ​ជា​រឿង​យល់​ច្រឡំ​ប៉ុណ្ណោះ។

មុន​នេះ​បន្តិច លោក ដួង សុខគា បាន​ប្រកាស​តាម​ហ្វេសប៊ុក​ថា សុខ​ដើរ​ចេញ​ពី​កម្មវិធី​ "ផ្ទះ​លោក​តា" និង កម្មវិធី​"សំណើច​តាម​ភូមិ" ដោយ​សារ​តែ​លោក​អន់ចិត្ត​ខ្លះៗ​ជាមួយ​ក្រុម​ការងារ ខណៈ​ជាមួយ​គ្នា មាន​ចចាមអារ៉ាម​ថា អ្នក​ដែល​លោក​អន់ចិត្ត​ គឺ​អ្នក​នាង ស្រេង សុកាន់ដា ហៅ ខ្ញុង។

ពិធីករ​សម្បូរវោហា​រូប​នេះ បញ្ជាក់​ថា មិន​មែន​ជា​ការ​ពិត​ទេ ព្រោះ​លោក និង​ខ្ញុង មិន​ធ្លាប់​មាន​បញ្ហា​អ្វី​នឹង​គ្នា​ឡើយ។ "មាន​អ្នក​កាសែត​ជាច្រើន​បាន​សួរ​ខ្ញុំ​ពី​រឿង​នេះ តែ​ខ្ញុំ​សុំ​បដិសេធ​មិន​និយាយ ហើយ​ថា​ខ្ញុំ​ខឹង​នឹងអ្នក​ណា ខឹង​ពី​រឿង​អី ក៏​ខ្ញុំ​អត់​បាន​និយាយ​ដែរ...!"។ ដូច្នេះ​ហើយ លោក សង្កត់​ធ្ងន់​ថា រឿង​​គេ​ថា លោក​ខឹង​អន់ចិត្ត​ជាមួយ ខ្ញុង សុទ្ធ​ជា​ការ​យល់​ច្រឡំ​ប៉ុណ្ណោះ។

ដោយ​សារ​ការ​យល់​ច្រឡំ អ្នក​នាង ស្រេង សុកាន់ដា ហៅ ខ្ញុង បាន​ខឹង​លោក​ សុខគា ខ្លាំង​ និង​បាន​ចេញ​ប្រតិកម្ម​ភ្លាម​ៗ​នា​ថ្ងៃ​ម្សិលមិញ ក្រោយ​មាន​ព័ត៌មាន​ថា ដួង សុខគា ខឹង​ខ្លួន ខណៈ​នាង​ខ្លួន​ឯង អត់​ដឹង​ខ្លួន​សោះ។ បញ្ហា​នេះ លោក ដួង សុខគា បញ្ជាក់​នៅ​ថ្ងៃ​នេះ​ជាមួយ Sabay ថា លោក​ក៏​នៅ​តែ​មិន​អន់​ចិត្ត ឬ​ខឹងជាមួយ ខ្ញុង​ ដែរ ព្រោះ​​លោក​យល់​អារម្មណ៍​មនុស្ស​ដែល​កំពុង​ខឹង។

បន្ថែម​ពី​លើ​នេះ លោក ដួង ​សុខគា ​ប្រាប់​ថា លោក​ក៏​បាន​ឆាតទៅ ​ខ្ញុង​ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ ហើយ ​ខ្ញុង ​ក៏​បាន​យល់​ពី​បំណង​របស់​លោកដូច​គ្នា។

​​​​​​វិល​ទៅ​ការ​ប្រកាស​លើ​ហ្វេកប៊ុក​កន្លង​មក​​ថា លោក​សុខ​ចិត្ត​ដើរ​ចេញ​ពី​កម្មវិធី "សំណើច​តាម​ភូមិ" និង​ "ផ្ទះ​លោក​តា" វិញ​នោះ លោក សុខគា ប្រាប់​ថា ​ពិត​ជាដោយ​សារ​លោក​អន់​ចិត្ត​ខ្លះ​ៗ​ក្នុង​ក្រុម​ការងារ​ពិត​មែន។ ប៉ុន្តែ​មក​ទល់​នឹង​ថ្ងៃ​នេះ ក្រុម​ការងារ​លោក បាន​ដោះ​ស្រាយគ្នា​រួច​ហើយ ហើយ​អ្វី​ៗ បាន​វិលមក​ស្ថានភាព​ដើម​ច្រើន​វិញហើយ​។

ជាមួយ​គ្នា លោក នៅ​បាន​ប្រាប់​ថា អាច​នឹង​វិលមក​កម្មវិធី​ទាំង​ពីរ​វិញ​ដែរ តែ​ត្រូវ​រង់​ចាំ​មើល​ការ​ដោះ​ស្រាយ​បន្ត​បន្ទាប់​ទៀត​សិន ព្រោះ​ថ្នាក់​លើ​របស់​លោក កំពុង​ដុតដៃដុត​ជើង​លើ​រឿង​នេះ​ដែរ។

ដោយ​ឡែក​លោក សុវណ្ណ រិទ្ធី ហៅ​លោក​តាវិទ័រ បាន​បញ្ជាក់​ថា លោក​ពិត​ជា​សប្បាយ​ចិត្ត​នៅ​ពេល​ដែល​កូន​ចៅ​របស់​លោក​ត្រូវ​រ៉ូវ​គ្នា​វិញ​បែប​នេះ។ លោក​ថា ក្នុង​មាន​ជា​អ្នក​គ្រប់គ្រង​​ស្រលាញ់​កូន​ចៅ​​ស្មើៗ​​គ្នា មិន​លំអៀង​ឡើយ ពោល​គឺ​​ស្រលាញ់​ប្រៀប​ដូច​ជា​សាច់​ញាតិ មិន​ចង់​អ្នក​ណា​ម្នាក់​ត្រូវ​ដើរ​ចេញ​ឡើយ។

វិល​មក​តំណែង​កម្មវិធី​ "ផ្ទះ​លោក​តា" និង កម្មវិធី​"សំណើច​តាម​ភូមិ" លោក​ប្រាប់​ថា នៅតែ​រង់ចាំ លោក ដួង សុខគា​ ជា​និច្ច​មិន​ប្រគល់​ឲ្យ​អ្នក​ផ្សេង​ឡើយ។

ដើម្បី​​កាន់​តែ​លំអិត​ជាង​នេះ សូម​​ស្ដាប់ បទ​សម្ភាស​របស់ Sabay ជា​មួយ លោក ដួង សុខគា ជុំវិញ​បញ្ហា​ខាង​លើ៕

អត្ថបទ៖ ខុត សីហា

មតិយោបល់