• 2016-11-21 03:55:00
  • ព័ត៌មាន

ការ​ពិត ​១០​យ៉ាង​ដែល​គាំទ្រ​អាច​នឹង​ចង់​ដឹង​កាន់​តែ​ច្បាស់​ពី STEP​

  • 2016-11-21 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​រ៉ាវ​មួយ​ចំនួន​របស់​តារា​ចម្រៀង​វ័យ​ក្មេង​​ក្នុង​ផលិតកម្មហង្សមាស STEP អ្នក​គាំទ្រ​ និង អ្នកតាម​ដាន​សកម្មភាព​​​របស់​លោក​ ប្រហែល​ជា​បាន​ដឹង​ខ្លះ​ៗ​ហើយ​​ មិន​ថា​ទាំង​ការងារ​សិល្បៈ​ និង​ជីវិត​ឯកជន​របស់​លោក ក្នុង​នោះ​មាន​រឿង​រ៉ាវ​មួយ​ចំនួន​ទៀត​អ្នក​គាំទ្រ​អាច​មិន​ធ្លាប់​បាន​ដឹង។

តោះ​ទៅ​តាម​ដាន​ការ​ពិត​ ១០ យ៉ាង​របស់ STEP ទាំង​អស់​គ្នា៖

១. STEP គ្រាន់​តែ​ឈ្មោះ​ក្នុង​សិល្បៈ​តែ​ប៉ុណ្ណោះ​ ដោយ​លោក​មាន​ឈ្មោះ​ពិត "សុខ វិបុល" កើត​ថ្ងៃ ២៩ មិថុនា ១៩៩៤ កម្ពស់ ១៨០ សង់​ទី​ម៉ែត្រ ទម្ងន់ ៦៥ គីឡូក្រាម។

២. STEP បាន​បង្ហាញ​មុខ​ដំបូង​ក្នុង​វីដេអូ​ចម្រៀង "Call ច្រឡំ​លេខ" របស់​តារា​ចម្រៀង Angella ក្នុង​ផលិត​កម្ម TOWN។

៣. STEP ជា​ប្អូន​ប្រុស​បង្កើត​របស់ តារា​សម្ដែង និង ពិធីករ សុខ សេរីវឌ្ឍនា។

៤. មុន​នឹង​ក្លាយ​ជា​តារា​ចម្រៀង​ទោល​ដូច​សព្វ​ថ្ងៃ STEP ធ្លាប់​ជា​អតីត​សមាជិក​របស់​ក្រុម​ចម្រៀង​ ២ ក្រុម​៖ ១. ក្រុម​ចម្រៀង "SUNRISE” (២០១១-២០១២) ២. ក្រុម​ចម្រៀង “LEGACY” (២០១២-២០១៥)។ STEP ត្រឡប់​មក​វិញ​ជា​​តារា​ចម្រៀង​ទោល​​ក្នុង អាល់ប៊ុម "FRIEND ZONE”។

៤. បទ​ចម្រៀង​ទី១​របស់​លោក​ជាមួយ​ក្រុម “LEGACY” ​មាន​ចំណង​ជើង​ថា "Pretty Girl” រីឯបទ​នៅ​ក្នុង​ក្រុមចម្រៀង "SUNRISE” វិញ​មានចំណងជើងថា "​Send me your heart" និង បទ​ចម្រៀង​ទោល​ទី​១​​ក្នុង អាល់ប៊ុម "FRIEND ZONE” ​មាន​ចំណង​ជើង​ថា "Friend Zone”។

៥. តារា​ចម្រៀង​ស្រី​​ក្នុង​ផលិត​កម្ម ហង្សមាស ដែល​លោក​បាន​សម្ដែង​ជាមួយ​ចុង​ក្រោយ​បង្អស់​គិត​ត្រឹម​ពេល​នេះ​គឺ រ៉េត ស៊ូហ្សាណា ក្នុង​វីដេអូ​ចម្រៀង "ឈប់" របស់​តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​នេះ​តែ​ម្ដង ហើយ​វីដេអូ​ចម្រៀង​នេះ​បាន​ចេញ​ Teaser កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៦ លើ​ទំព័រ យូធូប​ផ្លូវការ​របស់ ផលិតកម្ម ហង្សមាស។

៦. វីដេអូ​ចម្រៀង​ចុង​ក្រោយ​​បំផុត​របស់​តារា​ចម្រៀង​ដែល​អ្នក​គាំទ្រ​តាំង​នាម​ជា Rain កម្ពុជា​គឺ​បទ "បើ​មិន​ស្រលាញ់​ម្ដេច​ផ្ដល់​ក្ដី​សង្ឃឹម" ដែល​បាន​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៣ តុលា ២០១៦។ និង​បទ​ចម្រៀង​ចុង​ក្រោយ​បំផុត​គឺ​បទ "យប់​មួយ"។

​៧. នៅ​ក្នុង​ផលិតកម្ម ហង្សមាស សព្វ​ថ្ងៃ​លោក​មិន​ត្រឹម​តែ​ជា​តារា​ចម្រៀង​​នោះ​ទេ​ ប៉ុន្តែ​លោក​ក៏​ជា​អ្នក​និពន្ធ​បទ​ភ្លេង​ផង​ដែរ ហើយ​លោក​ធ្លាប់​បាន​និពន្ធ​បទ​ភ្លេង​ឲ្យ​តារា​ចម្រៀង​ជួរ​មុខ​ក្នុង​ផលិតកម្ម​ជា​ច្រើន​ដូច​ជា ព្រាប សុវត្តិ ឱក សុគន្ធកញ្ញា ពេជ្រ សោភា សុគន្ធ នីសា និង ឆន​ សុវណ្ណរាជ ជាដើម។ ហើយ​បទ​ចម្រៀង​ដែល​លោក​និពន្ធ​និង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មាន​ដូចជា "អូន​ទៅ​ហើយ" “បើ​ស្រលាញ់​ម្ដេច​ទុក​អូន​ចោល" និង "She's Back” ជាដើម។

៨. ទោះ​បី​ជា​ការងារ​សិល្បៈ​រវល់​យ៉ាង​ណា​ក៏​ដោយ STEP មិន​ដែល​ភ្លេច​ការ​សិក្សា​នោះ​ទេ សព្វ​ថ្ងៃ​លោក​ជា​និស្សិត​ថ្នាក់​អនុ​បណ្ឌិតផ្នែក​ Commerce​​ ​នៅ​សាកល​វិទ្យាល័យ Charles Sturt University ដែល​ជា​សាកល​វិទ្យាល័យ​​យក​កម្មវិធី​សិក្សា​ផ្អែក​តាម​ប្រទេស​អូស្ត្រាលី​​មាន​ទីតាំង​នៅ​ប្រទេស​កម្ពុជា។

​​​៩. ជា​ទូទៅ​ STEP តែង​តែ​ងើប​ពី​គេង​នៅ​ម៉ោង ៧ ព្រឹក​ ការងារ​ដែល​លោក​ធ្វើ​ដំបូង​គេ​នោះ​គឺ រត់​ហាត់​ប្រាណ​កម្ដៅ​សាច់​ដុំ​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ STEP ក៏​ចូល​ចិត្ត​សរសេរ​បទ​ភ្លេង​នៅ​ពេល​ព្រឹក​ដែរ​ព្រោះ​គិត​ថា​អារម្មណ៍​ស្រស់​ស្រាយ។

១០. STEP មិន​ចូល​ចិត្តញ៉ាំ​អាហារ​ ដែល​មាន​ជាតិ​ខ្លាញ់​ច្រើនគ្រប់​ប្រភេទ​ដោយ​លោក​យល់​ថា​ ជា​អ្នក​សិល្បៈ​ចង់​បាន​សាច់​ដុំ​និង​រាង​ស្អាត ព្រោះ​បើ​ញ៉ាំ​អាហារ​មាន​ខ្លាញ់​ច្រើន​លោក​អាច​ងាយ​នឹង​ឡើង​គីឡូ៕

អត្ថបទ៖ Samedy

មតិយោបល់
អត្ថបទថ្មី