• 2016-12-02 03:02:34
  • ព័ត៌មាន

ដួង សុខគា រំភើប​ខ្លាំង​ព្រោះ​ចាប៉ី​ដង​វែង​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

  • 2016-12-02 03:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​ខ្លាំង​ណាស់ ដែល​ចាប៉ី​ដង​វែង​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​ដូចនេះ"។ លោក​ ដួង សុខគា បាន​ថ្លែង​ដូច្នេះ​ក្នុង​បទ​សម្ភាស​ជា​មួយ​ Sabay។ លោក​បាន​បន្ត​ទៀត​ថា នេះ​ជា​ក្ដី​ស្រម៉ៃ​របស់​លោក​យូរ​ណាស់​មក​ហើយ​ដែល​ចង់​ឃើញ ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​មួយ​នេះ​មាន​ឈ្មោះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ឥលូវ​នេះ​ក្ដី​ស្រម៉ៃ​មួយ​នេះ​បាន​ក្លាយ​ជា​ការ​ពិត ដែល​លោក​រំភើប​ចិត្ត​ខ្លាំង​មិន​ដឹង​ថា ​គួរ​និយាយ​ពាក្យ​អ្វី។

កូន​សិស្ស​របស់​លោកតា នេត ប៉េ រូប​នេះ​បន្ត​ទៀត​ថា នៅ​ពេល​ដែល​ចាប៉ី​ដង​វែង​បាន​ដាក់​បញ្ចូល​ជា​សម្បិត្តិ​បេតិកភណ្ឌ​ពិភពលោក​ធ្វើ​ឱ្យ គេ​ស្គាល់​កាន់​តែ​ច្បាស់ ពី​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​ប្រទេស​កម្ពុជា ហើយ​ក៏​ជា​មោទកភាព​របស់​កូន​ខ្មែរ​គ្រប់​រូប​ផង​ដែរ។ ក្នុង​នាម​ជា​អ្នក​ស្រឡាញ់​តន្រ្តី​បុរាណ​ខ្មែរ​មួយ​រូប​លោក​ពិត​ជា​មាន​មោទកភាព ដែល​ដូនតា​ខ្មែរ​បាន​បន្សល់​ទុក​នូវ​កេរ្តិ៍​មរតក​ដ៏​ល្អ​ផូរផង់​ មិន​អាច​កាត់​ថ្លៃ​បាន។ ហើយ​លោក​ក៏​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដែល រដ្ឋាភិបាល ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ជាពិសេស​មន្រ្តី​គ្រប់​ជាន់​ថ្នាក់​ដែល​ខិតខំ​យ៉ាង​ខ្នះខ្នែង​ក្នុង​ការ​ស្នើ​សុំ ឱ្យ​ដាក់​ចាប៉ី​ដង​វែង​ជា​សម្បត្តិ​វប្បធម៌​ពិភពលោក​។

លោក​ សុខគា ដែល​ជា​អ្នក​កំប្លែង​ផង និង ចេះ​លេង​ចាប៉ី​ដង​វែង​ផង​នោះ​​ បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ​លោក​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច កូន​ខ្មែរ​លែង​ស្គាល់​ចាប៉ី​ដង​វែង​នេះ ព្រោះ​លោក​សង្កេត​ឃើញ​ថា ចាប៉ី​ដង​វែង​ហាក់​វិល​ចុះ​ មានន័យ​ថា អ្នក​រៀន​ចាប៉ី​នានា មិន​សូវ​មាន​ទីផ្សារ មិនសូវ​មាន​អ្នក​អញ្ជើញ​ពួកគាត់​ក៏​គ្មាន​ឱកាស​​ក្នុង​ការ​ហ្វឹកហាត់​ យូរៗ​ទៅ​ធ្វើ​ឱ្យ​ពួក​គាត់​ខ្ជិល​ហាត់​រៀន ​ព្រោះ​មិន​ដឹង​ទៅ​សម្ដែង​ឱ្យ​អ្នក​ណា​ស្ដាប់​។

ដូចនេះ​លោក​មិន​ចង់​ឃើញ​ចាប៉ី​ដង​វែង​វិល​ចុះ​នោះ​ទេ លោក​ចង់​ឃើញ​ចាប៉ី​ដង​វែង​វិល​ឡើង​មានន័យថា សូម​ឱ្យ​បងប្អូន​ខ្មែរ យុវជន​ខ្មែរ ឱ្យ​តម្លៃ​ចាប៉ី​ដង​វែង ចូលរួម​គាំទ្រ​ផ្ដល់​កម្លាំង​ចិត្ត​ដល់​អ្នក​រៀន​ចាប៉ី​ដង​វែង តាម​រយៈ​ការ​អញ្ជើញ​ទៅ​លេង​តាម​កម្ម​វិធី​នានា នោះ​អ្នក​រៀន​ចាប៉ី​មាន​ឱកាស​ហាត់​រៀន សាកល្បង​សមត្ថភាព មាន​ទឹក​ចិត្ត​ក្នុង​ការ​ហ្វឹកហាត់​បន្ត​ទៀត​ នោះ​ចាប៉ី​ដង​វែង​នឹង​វិល​ឡើង គឺ​មាន​ការ​រីក​ចម្រើន​។

លោក​ក៏​សំណូម​ពរ​ផង​ដែរ​អ្នក​ដែល​មាន​និស្ស័យ​ស្រឡាញ់​ចាប៉ី​ដង​វែង សូម​កុំ​បោះបង់​ ​ត្រូវ​ខិតខំ​រៀន​សូត្រ ដើម្បី​បន្ត​វេន​ពី​ដូនតា​ខ្មែរ​យើង​កុំ​ឱ្យ​បាត់បង់​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​សូម​បងប្អូន មេត្តា​ផ្ដល់​តម្លៃ​ និង​ចូលរួម​ថែរក្សា​ការពារ បណ្ដុះ​ចិត្ត​ស្រឡាញ់ និង​លើក​ទឹក​ចិត្ត​ផង​ទើប​ចាប៉ី​ដង​វែង​អាច​មាន​ជីវិត​បន្ត​ទៀត​បាន​។

សូមស្ដាប់​លោក ដួង សុខគា ចាប៉ី តាមរយៈវីដេអូ​ខាងក្រោម​នេះ

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់