• 2016-12-07 04:29:29
  • ព័ត៌មាន

មាន​ព័ត៌មាន ក្រសួងវប្បធម៌ ​គ្រោង​ចាត់​វិធាន​ការ​លើក​ទី២​​លើ ដេនី ក្វាន់​

  • 2016-12-07 04:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ព័ត៌មាន​ដែល​ធ្លាយ​ចេញ​នៅ​ព្រឹក​នេះ បាន​ឲ្យ​ដឹង​ថា ក្រ​សួង​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​គ្រោង​កោះ​ប្រ​ជុំ​ក្រុម​ប្រឹក្សា​វិន័យ ដើម្បី​មាន​វិ​ធាន​ការ​ចាត់​ការ​ទៅ​លើ​ កញ្ញា ដេនី ក្វាន់​ ជា​លើក​ទី​២​។

ចំណាត់​ការ​របស់​ក្រសួង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កញ្ញា ដេនី ក្វាន់ បង្ហាញ​រូប​ថត​សិចស៊ី​ប៉ុន្មាន​សន្លឹក​លេច​លើ​លេច​ក្រោម​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ ធ្វើ​ឲ្យ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ចុះ​ផ្សាយ​ស្ទើរ​តែ​គ្រប់​ទំព័រ​អំពី​រូប​នាង។

តាម​ព័ត៌មាន​ដែល​ធ្លាយ​ចេញ​ពី​មន្ត្រី​មួយ​រូប​នៃ​ក្រសួង បាន​ឲ្យ​ដឹង​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​បន្ត​ចែកចាយ​រូប​ភាព​សិចស៊ី​របស់​តារា​ស្រី​មក​ពី​ខេត្ត​ព្រះវិហារ​ខាង​លើ ក្រសួង​គ្រោង​បើក​អង្គ​ប្រជុំ​ក្រុម​ប្រឹក្សា​ពិន័យ​ដើម្បី​ជជែក​ពិភាក្សា​លើ​រឿង​នេះ ក្នុង​នោះ​តាម​ការ​ប៉ាន់​ស្មាន អាច​នឹង​កើត​មាន​ព្រឹក​នេះ។ យ៉ាង​ណា មន្ត្រី​ដដែល​សុំ​មិន​អធិប្បាយ​ច្រើន​លើ​ករណី​នេះ មុន​អ្វី​ៗ​ចេញ​ជា​ផ្លូវ​ការ។

វិល​មក​ឯកឧត្ដម ថៃ នរៈសត្យា ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​ជា​អ្នក​កោះហៅ ដេនី ក្វាន់ មក​ជួប​ដោយ​ផ្ទាល់​កាល​ពី​ករណី​ទី​១​នា​ដើម​ឆ្នាំ​នេះ ក៏​មិន​អធិប្បាយ​អ្វី​វែង​ឆ្ងាយ​ដែរ។ ឆ្លើយ​តប​តាម​សារ​អេឡិចត្រូនិក ឯកឧត្ដម បាន​ប្រាប់​យ៉ាង​ខ្លី​ថា "អាច​នឹង​មាន"។

យ៉ាង​នេះ​ក្ដី​នៅ​លើ​បង្ហាញ​សង្គម ឯកឧត្ដម ថៃ នរៈសត្យា បាន​ឆ្លើយ​តប​ទៅ​សារព័ត៌មាន​ខ្លះ​ដែល​ភ្ជាប់​លោក​ជាមួយ​ករណី​របស់​ ដេនី ដោយ​ហៅ​ថា​សកម្មភាព​របស់​តារា​ស្រី​រូប​នេះ ផ្គើន​នឹង​ការ​ណែនាំ​របស់​ឯកឧត្ដម​កន្លង​មក ក្នុង​នោះ​ឯកឧត្ដម​ថា មិន​មាន​ការ​រង្គាស​ចិត្ត​អ្វី​ទេ អ្វី​ដែល​បុគ្គល​បាន​ធ្វើ ជា​ការ​ផ្គើន​ខ្លួន​ឯង​ទៅ​វិញ ឯកឧត្ដម​ធ្វើ​តាម​តែ​តួនាទី។

រូបភាព៖ហ្វេសប៊ុក ដេនី

ផ្ទុយ​ទៅ​វិញ ឯកឧត្ដមមាន​តែ​ការ​អាណិត ចំពោះ​បុគ្គល​ដែល​ចចេស ព្រោះ​ថា​ការ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ខ្លាំង​ពេក នឹង​អស់​សិទ្ធិ​ប្រើ​ប្រាស់​នា​ពេល​ខាង​មុខ​ទៀត។

"យើង​ខ្ញុំ​ធ្វើ​ការងារ​តាម​វិជ្ជា​ជីវ: ដែល​មាន​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ជា​មូលដ្ឋាន ហើយ​ក៏​អប​ស្ទប​ជាមួយ​មនោ​សញ្ចេតនា​ផង​ដែរ ព្រោះ​យើង​ខ្ញុំ​យល់​ថា ច្បាប់​តែ​ឯក​ឯង​មិន​អាច​ធ្វើ​អ្វី​បាន​ឡើយ។ ដូច​នេះ​ យើង​នឹង​យក​ក្រម​សីលធម៌​នៃ​អ្នក​សិល្ប:​ជា​ត្រី​វិស័យ​គោលការណ៍​គ្រឹះ គួប​ផ្សំ​ជាមួយ​សត្យានុម័ត​នៃ​ក្រុម​ប្រឹក្សាវិន័យ និង​ក្រុម​ប្រឹក្សា​ពិន័យ ដើម្បី​អនុវត្តន៍​ការងារ​របស់​យើង​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​មុខ រាជ​រដ្ឋាភិបាល និង​ស្រទាប់​មហាជន​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នៃ​យើង"។ ឯកឧត្ដម បន្ថែម។

ដេនី ក្វាន់ ធ្លាប់​ទទួល​ការ​ព្រមាន​ម្ដង​រួច​មក​ហើយ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​នេះ បន្ទាប់​ពី​នាង​បាន​បញ្ចេញ​រូបភាព​សិល្បៈសិចស៊ី​បន្ត​បន្ទាប់​។ ត​ពី​នោះ​មក គេ​នាង ស្ងប់ស្ងាត់​សកម្មភាព​សិចស៊ី​របស់​នាង ដោយ​ងាក​ទៅ​ធ្វើ​ការងារ​សប្បុរសធម៌​មួយ​ចំនួន​វិញ។ ទើប​តែ​ម្សិលមិញ​នេះ​ប៉ុណ្ណោះ នាង​បាន​បញ្ចេញ​រូប​សិចស៊ី​ឡើងវិញ។

យ៉ាង​ណា ពាក់​ព័ន្ធ​នឹងព័ត៌មាន ​ក្រសួង ត្រៀម​ចំណាត់​ការករណី​ជា​ថ្មី​នេះ សាមី​ខ្លួន ដេនី ក្វាន់ មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​បាន​ទេ​នៅ​ព្រឹក​នេះ ដោយ​ទូរសព្ទ​របស់​នាង ទទួល​ការ​ហៅ​ចូល តែ​គ្មាន​អ្នក​ទទួល៕

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់
អត្ថបទថ្មី