_medium.jpg)
- 2016-12-23 05:18:07
- ព័ត៌មាន
ក្រសួងវប្បធម៌ច្រានចោល ព័ត៌មានបិទ ដេនី ក្វាន់ មិនឲ្យឡើងទូរទស្សន៍ក្នុងស្រុកទាំងអស់
- 2016-12-23 05:18:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងវប្បធម៌ច្រានចោល ព័ត៌មានបិទ ដេនី ក្វាន់ មិនឲ្យឡើងទូរទស្សន៍ក្នុងស្រុកទាំងអស់
ចន្លោះមិនឃើញ
នៅព្រឹកនេះ តាមរយៈសារព័ត៌មានក្នុងស្រុកមួយ បានរាយការណ៍ពីករណីរបស់ ដេនី ក្វាន់ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផ្ញើលិខិតទៅគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ ដោយហាមមិនឲ្យតារាស្រីរូបនេះ បង្ហាញខ្លួនក្នុងកម្មវិធីសិល្បៈចាក់ផ្សាយក្នុងទូរទស្សន៍ទាំងអស់ ប៉ុន្តែក្រសួង បានច្រានចោលព័ត៌មាននេះ។
មុននេះបន្តិច សារព័ត៌មានក្នុងស្រុកមួយមួយចំនួន បានរាយការណ៍មកថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានហាមមិនអោយកញ្ញា ដេនី ក្វាន់ បង្ហាញវត្តមានក្នុងកម្មវិធីទូរទស្សន៍នានាដែលមានរយៈពេល៣-៥ឆ្នាំ។
ការហាមប្រាមនេះ បន្ទាប់ពីកញ្ញា ដេនី ក្វាន់ បានបង្ហាញភាពសិចស៊ី បន្តបន្ទាប់ បើទោះនាងធ្លាប់ត្រូវបានក្រសួងកោះហៅនាងមកណែនាំម្ដងរួចទៅហើយលើករណីតែមួយនេះ។
យ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ ក្រសួងវប្បធម៌បានច្រានចោល។ ឯកឧត្ដម ថៃ នរៈសត្យា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្លើយប្រាប់ថា Sabay ថាក្រសួងរបស់លោក មិនបានចេញសេចក្ដីជូនដំណឹងនោះទេ។ "អត់ទេ ខាងខ្ញុំអត់មានព័ត៌មាននេះទេ អរគុណ"។
តាមព័ត៌មានរាយការណ៍ដដែលនោះ ការហាមប្រាម គឺមិនបានហាមឃាត់ ដេនី លើសកម្មភាពសិល្បៈទូទៅនោះទេ គឺត្រឹមតែការចូលរួមក្នុងកម្មវិធីសិល្បៈដែលចាក់ផ្សាយតាមទូរទស្សន៍ប៉ុណ្ណោះ។
ករណីនេះ លោក សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ អ្នកដឹកនាំកម្មវិធីសិល្បៈរបស់ស្ថានីយទូរទស្សន៍CTN បានប្រាប់ថា លោក បានទទួលលិខិតមួយពាក់ព័ន្ធនឹង ដេនី ក្វាន់ មែន ប៉ុន្តែ មិនមែនមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទេ គឺផ្ញើមកពីសមាគមទូរទស្សន៍។
លោកបន្តថា ក្នុងលិខិតនោះសមាគមទូរទស្សន៍ បានឲ្យគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ពិនិត្យមើលតារាសិចស៊ី ទាំងអស់ដែល នាំឲ្យប៉ះពាល់ ដល់វប្បធម៌ប្រពៃណីជាតិ ហាមមិនឲ្យឡើងបង្ហាញខ្លួនតទៅទៀត ដោយលើកករណី ដេនីក្វាន់ ឲ្យយកមកពិចារណាជាឧទាហរណ៍។
ងាកមកឯកឧត្ដម ម៉ៅ អាយុទ្ធ ប្រធានសមាគមទូរទស្សន៍ បានប្រាប់ថា សមាគមឯកឧត្ដម ពិតជាបានផ្ញើលិខិតទៅស្ថានីយទូរទស្សន៍ក្នុងស្រុកមែន។ ដូចលោកតា វ៉ិចទ័រ ដែរ ឯកឧត្តមបន្តថា សារក្នុងលិខិតដែលផ្ញើទៅនោះ គឺគ្រាន់តែឲ្យទូរទស្សន៍ទាំងអស់ ពិនិត្យមើលការសិល្បៈសិចស៊ីរបស់សិល្បករ ហើយក្នុងនោះ គ្រាន់តែឧទាហរណ៍ពីករណី ដេនី ក្វាន់ ប៉ុណ្ណោះ។
បន្ថែមពីលើនេះ ឯកឧត្តមបញ្ជាក់បន្ថែមថា លិខិតស្នើទូរទស្សន៍ក្នុងស្រុកពិនិត្យមើលការស្លៀកពាក់របស់សិល្បករនោះ គឺសម្រាប់ឱកាសថតកម្មវិធីអបអរ ៧ មករា ដែលនឹងមកដល់ឆាប់ៗនេះប៉ុណ្ណោះ។
យ៉ាងណា តាមសេចក្ដីជូនដំណឹងដែល Sabay ទទួលបាន ក្នុងនោះមានមួួយចំណុចបាន ហាមទូរទស្សន៍ក្នុងស្រុកនានាមិនអោយនាំ ដេនី ឡើងកម្មវិធីសិល្បៈពិតមែន។
ជុំវិញព័ត៌មានខាងលើនេះ ដេនីក្វាន់ ស្វាមីខ្លួន ប្រាប់ថា ខ្លួនមិនទាន់បានទទួលព័ត៌មាននេះឡើយ។ នាងថា នាងមិនឈប់សិចស៊ីទេ ព្រោះវាជាចំណង់ចំណូលចិត្តរបស់នាង។ តារាស្រី រូបនេះបានថ្លែងជាចុងក្រោយថា ប្រសិនមានការហាមប្រាមមែន គួរឲ្យមានភាពយុត្តិធម៌ ព្រោះរាល់ថ្ងៃតារាខ្មែរសិចស៊ី មិនមែនមានតែនាងម្នាក់ទេ៕