• 2017-05-05 07:02:58
  • ព័ត៌មាន

នៅ សុនីតា ៖ វា​ជា​ហេតុការណ៍​មួយ​តក់​ស្លុត​ខ្លាំង​បំផុត និង​ជា​លើក​ទី​១​ក្នុង​ជីវិត​របស់​ខ្ញុំ

  • 2017-05-05 07:02:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ហេតុការណ៍​រន្ទះ​បាញ់​កាល​ពី​ម្សិល​ម្ង៉ៃ​ទៅ​លើ​ក្រុម​ផលិត​ភាពយន្ត​របស់​ផលិតកម្ម​ថោន​ដែល​ធ្វើ​​ឲ្យ​លោក មឿន វណ្ណា ជា​អ្នក​កាន់​កាមេរ៉ា​ស្លាប់​​នោះ តារា​សម្ដែង នៅ សុនីតា ក៏​​នៅ​ក្នុង​នោះ​ដែរ ​របួស​ដែរ ដែល​នាង​បញ្ជាក់​ថា ជា​ហេតុការណ៍​តក់​ស្លុត​បំផុត​សម្រាប់​នាង។

តារា​ស្រី​ខាង​លើ​​ថ្លែង​ឲ្យ​ដឹង​ថា មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ហេតុការណ៍​អាក្រក់​នោះ ហើយ​ទាំង​អស់​គ្នា​ទទួល​រង​គ្រោះ​ដោយ​ឥទ្ធិពល​រន្ទះ ទាំង​អស់ ​គ្រាន់​តែ​ធ្ងន់ និង​ស្រាល​ប៉ុណ្ណោះ។ ចំពោះ​រូប​នាង​វិញ គឺ​ត្រូវ​ដៃ និង ប៉ះពាល់​ត្រចៀក ដោយសារតែ​សំឡេង​នៃ​រន្ទះ​នោះ។

នៅ សុនីតា បាន​បន្ត​ថា ពេល​នេះ​​​ដៃ​របស់​នាង​នៅ​ស្ពឹក និង ត្រចៀក​​ហ៊ឹង​ជា​ខ្លាំង មិន​ទាន់​បាត់​ឡើយ ​អារម្មណ៍​នៅ​តែ​តក់ស្លុត និង​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ។ "ខ្ញុំ​ស្លុត​ខ្លាំង​ណាស់ ខ្ញុំ​អត់​ដែល​ជួប​ហេតុការណ៍​អញ្ចឹង​ទេ លើក​ទី​១​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ​ហើយ វា​ជា​ហេតុការណ៍​ដែល​ខ្ញុំ​ចាំ​មួយ​ជីវិត និង​ស្លុត​ខ្លាំង ហើយ​ក៏​ជា​រឿង​មួយ​ខ្ញុំ​មិន​នឹក​ស្មាន​បាត់​បង់​មនុស្ស​ដែល​ខ្ញុំ​ធ្លាប់​ការងារ​ជាមួយ​ដែរ"។

តាម​ការ​ឲ្យ​ដឹង​ពី​តារា​ស្រី​ខាង​លើ ថ្ងៃ​នោះ​ក្រុម​របស់​ខ្លួន បាន​ចាប់​ផ្ដើម​ថត​តាំង​ពី​​ព្រឹក ហើយ​ប្លង់​ដែល​នាង​ថត ​ជា​ប្លង់​ចុង​ក្រោយ​គេ ម៉ោង​ប្រហែល​៥ល្ងាច ដោយ​ប្លង់​សម្ដែង​​ខារ៉ាអូខេ បញ្ចូល​ក្នុង​សាច់​រឿង។

លោក ស៊ឹម សោភណ្ឌ ដែល​ជា​ដៃគូ​សម្ដែង​ជា​មួយ សុនីតា ដែរ មិន​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ឡើយ ហើយ​លោក​បាន​ជួយ​សង្គ្រោះ ​លោក មឿន វណ្ណា ភ្លាម​ៗ​ទៀត ដោយ​បាន​យក​មក​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុសល កាមេរ៉ាមែន​រូប​នោះ​បាន​ស្លាប់​ទៅ​ហើយ។

តាម​ការ​បញ្ជាក់​ពី នៅ សូនីតា សប់​លោក មឿន វណ្ណា ត្រូវ​បាន​សាច់​ញាតិ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ខេត្ត ក្រចេះ ដែល​ជា​ស្រុក​កំណើត​របស់​លោក៕

អត្ថបទ៖ ស៊ុនហួត

មតិយោបល់