- 2017-05-23 02:00:00
- ព័ត៌មាន
ប្អូនធម៌ប្ដីខ្ញុំ (ភាគទី១) ស្នេហាលួចលាក់ពីប្រពន្ធ នឹងទៅជាយ៉ាងណា?
- 2017-05-23 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្អូនធម៌ប្ដីខ្ញុំ (ភាគទី១) ស្នេហាលួចលាក់ពីប្រពន្ធ នឹងទៅជាយ៉ាងណា?
ចន្លោះមិនឃើញ
នេះខ្ញុំគេងលក់ប៉ុន្មានម៉ោងហើយ? ហេតុអីក៏ខ្លួនប្រាណខ្ញុំហាក់គ្មានកម្លាំងល្ហិតល្ហៃ ហើយខ្លួនឯងដូចជាកំពុងស្ថិតនៅក្នុងផ្ទាំងសំពត់ខ្មៅរុំព័ទ្ធដូច្នេះ? គឺងងឹត.... វាងងឹតខ្លាំងណាស់ ខ្ញុំមើលមិនយល់ថានេះជាទីកន្លែងណាឱ្យប្រាកដទេ។ ខ្ញុំក្រោកដើរទៅមុខ ទាំងដៃរាវនាំផ្លូវ ទោះមិនដឹងទិសតំបន់អ្វី។ ប្រមាណមួយដង្ហើម ខ្ញុំឃើញនៅខាងមុខមានពន្លឺភ្លើងគំនរឈើដែលគេប្រមូលដុត ហើយមនុស្សមួយក្រុមនៅឈរក្បែរទីនោះ។ ខ្ញុំស្រូតជើងដើរសំដៅទីនោះ ដើម្បីឱ្យដឹងច្បាស់ថា ខ្លួនឯងនៅទីណា ហើយអាចសុំជំនួយពីពួកគេបានដែរឬអត់? ពេលទៅដល់ ខ្ញុំឃើញពួកមនុស្សទាំងនេះមុខមាត់ចម្លែកពីមនុស្សធម្មតា។ ពួកគេមានមុខមាត់អាក្រក់ មានទាំងឈាម និងខ្ទុះពេញខ្លួន។ ដើមឈើម្យ៉ាងមានបន្លាស្អេកស្កះ មិនគួរឱ្យចង់ទៅជិត តែបែរជាមានមនុស្ស២-៣នាក់នាំគ្នាក្រាញននៀលឡើង ទោះមានឈាមហូរចេញមកតាមខ្លួន និងស្រែកយំលាន់រំពង។
វាស្រដៀងនឹងរូបភាពដែលខ្ញុំបានឃើញ តែរកនឹកមិនទាន់ឃើញថានៅទីណា។ អូទើបនឹកឃើញថា វាដូចនឹងរូបភាពលើជញ្ជាំងវិហារសាលាឆាន់ ពេលខ្ញុំយកចង្ហាន់ទៅប្រគេនព្រះសង្ឃថ្ងៃសីលមុននេះ។ ក្នុងស្ថានភាពនេះ ខ្ញុំភ័យណាស់ ជើងប្រឹងរត់ចេញពីក្រុមមនុស្សគួរឱ្យខ្លាចទាំងនេះ តែវាដូចជារត់មិនទៅមុខ ស្រាប់តែមានដៃមួយលូកមកចាប់កជើងខ្ញុំជាប់....
ផាំង...ផាំង... ខ្ញុំភ្ញាក់កន្ត្រាក់ខ្លួន ព្រោះភ័យនឹងសុបិនដ៏អាក្រក់អំបាញ់មិញ រួមផ្សំនឹងសំឡេងផ្គរលាន់ រន្ទះនៅខាងក្រៅផ្ទះ។ ភ្នែកខ្ញុំងាកមកខាងឆ្វេងដៃនៃគ្រែដេករបស់ខ្ញុំ ប្ដីដ៏ល្អរបស់ខ្ញុំនៅបន្តគេងទាំងអស់កម្លាំង និងមិនដឹងថានៅខាងក្រៅមេឃភ្លៀង សំឡេងផូងផាំងនៃខ្យល់លាយផ្សំនឹងរន្ទះឮសូរខ្លាំងយ៉ាងណា ហើយក៏មិនដឹងថាប្រពន្ធកម្សត់របស់គាត់កំពុងភ័យខ្លាចយ៉ាងណា...
ខ្ញុំលូកដៃទាញនាឡិការោទ៍ដែលដាក់លើតុមកមើល ទ្រនិចនាឡិកាចង្អុលលេខ១អធ្រាត្រ បង្ហាញថា ខ្ញុំទើបតែគេងលក់ប៉ុន្មានម៉ោងទេ ព្រោះខ្ញុំនៅចាំប្ដីត្រលប់ពីធ្វើការវិញរហូតដល់ម៉ោង១១យប់ហើយ គាត់នៅមិនទាន់មកផ្ទះវិញផង។ តើគាត់មកដល់ផ្ទះម៉ោងប៉ុន្មាន? ហើយគាត់បានញ៉ាំបាយហើយនៅ? ខ្ញុំងើបចេញពីគ្រែ ដើរទៅបន្ទប់ទឹក ព្រោះលែងមានអារម្មណ៍ថាចង់គេងបន្តទៀត ហើយក៏ដើរមកអង្គុយនៅក្បាលដំណេកវិញ ដោយមានអំពូលពងមាន់ដែលដាក់នៅលើតុមិនទាន់បិទភ្លើងនៅឡើយ។ ភ្នែកខ្ញុំសម្លឹងប្ដីសម្លាញ់ដែលកំពុងគេងយ៉ាងស្កប់ស្កល់ ហើយងាកទៅមើលរូបថតរៀបការរបស់ពួកយើងដែលដាក់នៅលើតុតូចក្បែរគ្រែនោះ។ ខ្ញុំបង្អូសដៃមកដាក់ត្រង់មុខបុរសពាក់អាវប្រពៃណីពណ៌ប្រាក់ដែលកំពុងឈរឱបចង្កេះខ្ញុំពីក្រោយ ដោយមានស្នាមញញឹមយ៉ាងកក់ក្ដៅ។ វត្ថុរាវមួយតំណក់តូចក្ដៅឧណ្ហៗ បានតក់មកចំមុខរូបប្ដីខ្ញុំ ហើយអតីតកាលមួយក៏បានរត់មករសឹបក្នុងខួរក្បាលខ្ញុំ...
«អូនចង់ទៅណាថ្ងៃនេះ?» តុលាស្វាមីខ្ញុំ កាលយើងនៅជាសង្សារសួរខ្ញុំបណ្ដើរ ពេលកំពុងឌុបខ្ញុំតាមផ្លូវទៅផ្ទះបណ្ដើរ។ «អត់ចង់ទៅណាទេ ថ្ងៃនេះអូនអត់ស្រួលខ្លួន!» ឮបែបនេះ គាត់ឈប់ម៉ូតូក្បែរបង់តូចមួយនៅសួនច្បារតាមដងផ្លូវ ហើយសួរខ្ញុំបន្ត៖ «អូនឈឺអី? ឥលូវយ៉ាងម៉េចហើយ?» តុលាសួរបណ្ដើរយកដៃមកស្ទាបថ្ងាសខ្ញុំបណ្ដើរ។ គាត់តែងតែយកចិត្តទុកដាក់ចំពោះខ្ញុំបែបនេះរហូតមក។ គាត់ជាមនុស្សម្នាក់ដែលធ្វើឱ្យនារីកំព្រាឪពុកដូចខ្ញុំបានទទួលភាពកក់ក្ដៅពីមនុស្សប្រុសបន្ទាប់ពីឪពុកខ្ញុំ។ «អត់អីទេ! តែអូនមិនស្រួលក្នុងខ្លួន រសេះរសោះ ចង់ខាំគេខាំឯងទើបបាត់!» ខ្ញុំឆ្លៀតលលេងជាមួយគាត់។
«ចឹងខាំបងមក!» មនុស្សដែលខ្ញុំស្រលាញ់ព្រលយពាក្យឱ្យខ្ញុំធ្វើតាមចិត្ត ទាំងដែលដឹងថាខ្ញុំច្បាស់ជាហ៊ានធ្វើ។ ខ្ញុំមិនបង្អង់ លើកដៃគាត់មកខាំរហូតជាប់ស្នាមធ្មេញនៅនឹងកំភួនដៃគាត់ ហើយគាត់បានត្រឹមតែស្រែក តែមិនដកដៃចេញទេ។ ខ្ញុំធ្វើនេះគ្រាន់តែចង់ដឹងថា គាត់អាចទ្រាំការលំបាកជាមួយខ្ញុំបានឬក៏អត់? «ថ្ងៃក្រោយ បើអូនឈឺ អូនអាចខាំបងបាន ឱ្យបងចែករំលែកការឈឺជាមួយអូន!» «ខ្ពើមណាស់! និយាយបោកឱ្យតែល្អមើលហ្នឹង!»
ចូលទៅកាន់ផេកហ្វេសប៊ុករបស់ប្រលោមលោកsabay ចុចត្រង់នេះ
របៀបងាយៗដើម្បីអានប្រលោមលោកsabay ចុចត្រង់នេះ
Download ប្រលោមលោកsabay លើ ios ចុចត្រង់នេះ
Download ប្រលោមលោកsabay លើ Android ចុចត្រង់នេះ