- 2017-08-30 04:10:47
- ព័ត៌មាន
មិននឹកស្មានថា Angelina Jolie ស្រលាញ់ខ្មែរដល់ថ្នាក់ហ្នឹង
- 2017-08-30 04:10:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិននឹកស្មានថា Angelina Jolie ស្រលាញ់ខ្មែរដល់ថ្នាក់ហ្នឹង
ចន្លោះមិនឃើញ
Angelina Jolie ជាតារាសម្ដែង ផលិតករភាពយន្ត និងជាសកម្មជនសិទ្ធមនុស្ស បានផលិតរឿងជាលក្ខណៈផ្ទាល់ខ្លួនមួយ ដែលនិយាយអំពីរឿងរ៉ាវកើតឡើងអំឡុងទសវត្សទី៧០នៅកម្ពុជា។ នេះគឺជាព័ត៌មានដែលបានពី Angelina ផ្ទាល់ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Screendaily នៅកម្មវិធីសម្ពោធលក្ខណៈអន្តរជាតិជាផ្លូវការរឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ឬ "First They Killed My Father” នៅទីក្រុង Toronto ប្រទេសកាណាដា។
Angelina Jolie មានឱកាសបានអានសៀវភៅ "First They Killed My Father” ដោយប្រទះឃើញនៅក្នុងផ្សារប្រទេសកម្ពុជា កាលពី ១៧ឆ្នាំមុន ពេលថតរឿង “Tomb Raider” ដោយបានទិញក្នុងតម្លៃតែ២ដុល្លារប៉ុណ្ណោះ។
សម្រាប់ Jolie សៀវភៅនេះបានធ្វើឲ្យនាងកាន់តែយល់ច្បាស់ពីប្រទេសកម្ពុជា ពីរឿងរ៉ាវដែលកើតឡើង និងធ្វើឲ្យនាងមានចិត្តស្រលាញ់មកលើប្រទេសមួយនេះ ដោយត្រលប់មកវិញជារឿយៗ ក្នុងឋានៈជាសកម្មជនមនុស្សធម៌ ហើយក្រោយមកក៏ក្លាយជាជនជាតិខ្មែរមួយរូប និងមានទីលំនៅនៅកម្ពុជាផងដែរ។
អ្នកនិពន្ធសៀវភៅ "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” Loung Ung និង Jolie បានជួបគ្នាក្នុងការងារមនុស្សធម៌មួយ ក្រោយពេលតារាសម្ដែងរូបនេះត្រលប់មកកម្ពុជាវិញក្រោយថតរឿង "Tomb Raider” ចប់។ ពួកគេបានចំណាយពេលជាមួយគ្នា ហើយក៏ក្លាយជាមិត្តល្អនឹងគ្នាចាប់ពីពេលនោះមក។
អ្នកស្រី Loung Ung ទើបតែមានអាយុ៥ឆ្នាំប៉ុណ្ណោះ ពេលខ្មែរក្រហមបានចេញមកនៅឆ្នាំ ១៩៧៥ ដើម្បីផ្ដួលរំលំរបប លុន ណុល។ នាង និងគ្រួសារត្រូវបានជម្លៀសពីទីក្រុងភ្នំពេញឆ្ពោះទៅកាន់វាលស្រែ ជាមួយនឹងអ្នកទីក្រុងរាប់លាននាក់ធ្វើដំណើរទៅទីកន្លែងនានាទូទាំងប្រទេស។ ក្រោយថ្ងៃរំដោះឆ្នាំ ១៩៧៩ ក្មេងស្រីម្នាក់នេះបានបាត់បង់ឪពុកម្ដាយ និងបងប្អូនចំនួន៦នាក់ ហើយប្រជាជនកម្ពុជាប្រមាណ២លាននាក់ត្រូវបានស្លាប់។ ក្រោយឆ្លងរបបដ៏ខ្មៅងងឹតនេះ អ្នកស្រី Loung Ung បាននិពន្ធសៀវភៅ "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” នេះឡើង។
ស្រ្ដីទាំងពីររូបនេះបានចាប់ផ្ដើមសរសេរប៉ារ៉ូល(Screenplay)តាំងពីប៉ុន្មានឆ្នាំមុនឯណោះ។ បន្ទាប់ពីកែច្នៃ៣ ទៅ៤ដង ហើយផលិតកម្មយក្ស Netflix ក៏យល់ព្រមកាលពីឆ្នាំ ២០១៥ ដើម្បីផ្ដល់ដើមទុន និងសហការផលិតរឿងនេះតែម្ដង។ នៅខែមិថុនាឆ្នាំនោះដែរ Jolie បានជ្រើសយកលោក រិទ្ធី ប៉ាន់ ដែលជាអ្នកដឹកនាំរឿងដ៏ពូកែម្នាក់ឲ្យមកចូលរួមក្នុងគម្រោងនេះ។ លោកបានក្លាយជាផលិតករ ដើម្បីគ្រប់គ្រងខាងផ្នែកទាក់ទងនឹងភាសាខ្មែរ ដូចជាការប្រជុំការទាក់ទងស្ថាប័នផ្សេងៗ អង្គការក្រៅរដ្ឋាភិបាលជាដើម ដើម្បីយកសិទ្ធិថតរឿងនេះនៅលើទឹកដីប្រទេសកម្ពុជា។
អ្នកស្រី Jolie បានឲ្យដឹងថា អ្នកស្រីផលិតរឿងគួរតែមានសេចក្ដីប្រុងប្រយ័ត្ន។ អ្នកស្រីបានរំលឹកខ្លួនឯងថា នេះមិនមែនជាប្រទេសថៃ ដែលរឿង "The Killing Fields” បានថតកាលពីច្រើនឆ្នាំមុននោះទេ។ Jolie បានថ្លែងថា៖ "អ្នកនាំយកនូវភាពយន្តទៅកាន់ប្រទេសមួយ និងស្នើសុំឲ្យប្រជាជនដែលបានរស់ឆ្លងកាត់ហេតុការណ៍នោះដើម្បីបង្កើតប្រវត្តិសាស្ត្រសារឡើងវិញ។ ខ្ញុំមិនបានដឹងទេ ថាតើគេនឹងអនុញ្ញាតឲ្យខ្ញុំថតឫអត់?”
រំលឹកពីអតីតកាល
Jolie បានរៀបចំការផលិត និងការងារពាក់ព័ន្ធផ្សេងៗនៅក្នុងអំឡុងពេលដែលស្ថាប័នរដ្ឋអនុញ្ញាត។ ទីបំផុតអ្នកស្រីក៏ទទួលបាននូវអ្វីដែលស្នើសុំ គឺពេលវេលា៥០ថ្ងៃ ដើម្បីថតនៅខេត្តសៀមរាប និងបាត់ដំបង ចាប់ផ្ដើមពីខែ វិច្ឆិកា ឆ្នាំ ២០១៥។
ក្នុងដំណើរការនោះក្រុមការងាររបស់អ្នកស្រី បានហ្វឹកហាត់ និងរើសយកតួបន្ថែមដែលជាប្រជាពលរដ្ឋក្នុងស្រុកជាច្រើន។ ពួកគេត្រូវប្រឈមមុខនឹងសត្វអាពីង ពស់ជាច្រើននៅក្នុងព្រៃ ព្រមទាំងត្រូវគេចគ្រាប់មីនទៀតផង។ Jolie និយាយថា៖ "ពិតជាសំណាងណាស់ ដែលពួកយើងអាចបញ្ចប់ការថតរឿងដោយមិនមានគ្រោះថ្នាក់អ្វីទាំងអស់"។
ប៉ុន្តែឧបសគ្គមួយដែលគួរឲ្យកត់សម្គាល់នោះគឺ ការប្រើប្រាស់អារម្មណ៍របស់តារាសម្ដែង។ តារាសម្ដែងក្នុងស្រុកភាគច្រើនសុទ្ធតែមិនសូវមានបទពិសោធន៍ក្នុងការសម្ដែង បូករួមជាមួយក្មេងស្រី សារឿម ស្រីម៉ុច អាយុ ៩ឆ្នាំ ដែលសម្ដែងជាអ្នកស្រី Loung Ung វ័យក្មេង ទាំងខ្លួនមិនដែលចូលថ្នាក់រៀនសម្ដែងទាល់តែសោះ ប៉ុន្តែធ្វើឲ្យអ្នកដឹកនាំរឿងពេញចិត្តជាខ្លាំងចំពោះសមត្ថភាពសម្ដែងរបស់នាង។
ស្រីម៉ុច ត្រូវបានជ្រើសរើសឲ្យសម្ដែងតួអង្គនេះ ដោយវិធីសាស្ត្រជ្រើសរើសតួអង្គដូចដែលបានបង្ហាញកាលពី Angelina ត្រូវបានសម្ភាសន៍ដោយទស្សនាវដ្ដី Vanity Fair។ ក្នុងនោះគឺតម្រូវឲ្យអ្នកជ្រើសរើសតួប្រើមធ្យោបាយចិត្តសាស្ត្រដើម្បីជ្រើសរើសតួអង្គក្មេង ដែលបានធ្វើឲ្យមានគេខឹងសម្បារជាច្រើន។
អាន៖ Angelina Jolie ត្រូវគេរិះគន់ ព្រោះប្រើលុយ ដើម្បីរើសតួក្មេងឲ្យសម្តែងរឿងនៅស្រុកខ្មែរ
អាន៖ Angelina Jolie ឆ្លើយតបរឿងប្រើប្រាស់លុយដើម្បីរើសតួកុមារកម្ពុជា
ចំពោះហេតុការណ៍នោះដែរ Jolie បាននិយាយថា ក្នុងការជ្រើសរើសតួនោះគឺមិនមានការធ្វើបាបអ្វីទេ ដោយភាគីទាំងសងខាងយល់ស្រប និងឪពុកម្ដាយរបស់តួអង្គដែលត្រូវសាកល្បងថតនោះ គឺនៅជាមួយគ្នាគ្រប់ពេល។
រឿង "First They Killed My Father” បានធ្វើឲ្យ Jolie កាន់តែមានអារម្មណ៍ជិតដិតជាមួយប្រទេសដែលនាងបានរស់នៅ និងធ្វើការអស់រយៈពេល១៤ឆ្នាំរួចមកហើយ។
នាងបានថ្លែងថា៖ "សម្រាប់ខ្ញុំ ទាំងនេះគឺជារឿងរ៉ាវ និងអ្វីៗដែលគួរឲ្យចិត្តទុកដាក់ ហើយភាពយន្តនេះ គឺព្យាយាមយល់ដឹងពីសកម្មភាពព្រៃផ្សៃនៃមនុស្សមួយចំនួន និងវិធីដែលស្មារតីមនុស្សអាចយកជ័យជម្នះទៅលើភាពភ័យខ្លាច ហើយកែប្រែឲ្យក្លាយជាមនុស្សខ្លាំងក្លា និងរឹងមាំ"។ Jolie បន្តថា៖ "ពេលដែលអ្នកផលិតភាពយន្តនិយាយអំពីប្រវត្តិសាស្ត្រនិងវប្បធម៌ អ្នកនឹងបានដឹងយល់ពីវត្ថុដ៏ពិសេសមួយ។"
ជាមួយនឹងដំណើរការថតរឿងនេះ កូនប្រុសនាង Maddox នឹងអាចមានពេលច្រើនខែនៅស្នាក់នៅប្រទេសកម្ពុជានិងរៀនបានកាន់តែច្រើនពីប្រទេសកំណើតរបស់ខ្លួន។
ការផ្ដល់ឲ្យទៅប្រទេសកម្ពុជា
Maddox វ័យ ១៦ឆ្នាំបានក្លាយជាផលិតករម្នាក់ក្នុងរឿងនេះ តាំងពីចាប់ផ្ដើមថតរហូតដល់ចប់។ "ខ្ញុំចង់ឲ្យគេធ្វើការយ៉ាងមមាញឹកដើម្បីផ្ដល់នូវអ្វីខ្លះៗចំពោះប្រទេសកំណើតខ្លួន" Jolie និយាយដូច្នេះ។ Jolie បន្តទៀតថា "ខ្ញុំផលិតរឿងនេះដើម្បីប្រទេសកម្ពុជា។ ខ្ញុំផលិតវាឡើងដើម្បីជាការអរគុណ ជាសំបុត្រស្នេហាបង្ហាញសេចក្ដីស្រលាញ់ដល់ប្រទេសកម្ពុជា។”
ចំពោះសំណួរដែលសួរ Jolie ថា តើប្រជាជនកម្ពុជានឹងមានអារម្មណ៍បែបណា ឬក៏សាកសួរអំពីសិទ្ធិក្នុងការផលិតរឿង "First They Killed My Father” របស់នាង? Jolie ឆ្លើយដូច្នេះថា៖ "អ្នកគួរតែសាកសួរជនជាតិខ្មែរ។ ខ្ញុំទទួលបានសញ្ជាតិជាជនជាតិខ្មែរតាំងតែពីឆ្នាំ ២០០៥ ហើយបានចេញចូលប្រទេសនេះអស់រយៈពេល១៤ឆ្នាំហើយ ហើយខ្ញុំមានអារម្មណ៍ថាដូចជាជនជាតិខ្មែរមួយរូប។"
ភាពយន្តនេះបានចាប់ផ្ដើមសម្ពោធក្នុងស្រុកកាលពីខែកុម្ភៈនៅខេត្តសៀមរាប ហើយក្រុមហ៊ុន Netflix នឹងចាប់ដាក់បញ្ចាំងរឿង "First They Killed My Father” នេះជាផ្លូវការនៅថ្ងៃទី ១៥ខែកញ្ញា បន្ទាប់ពីដាក់បញ្ចាំងតាមរោងកុនក្នុងស្រុករយៈពេលមួយអាទិត្យ៕
អាន៖ ដំណឹងល្អ! រឿង មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ត្រៀមបញ្ចាំងជាផ្លូវការឆាប់ៗនេះ