• 2017-09-21 00:50:00
  • ព័ត៌មាន

មក​ស្គាល់​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​វ័យ​ជាង​៧០ឆ្នាំ ៥រូប មក​ពី​ខេត្ត​ផ្សេង​គ្នា

  • 2017-09-21 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ម​វិធី "ជំនុំ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង" កាលពីចុងសប្តាហ៍កន្លងទៅ បាន​អញ្ជើញ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង មក​ពី​៥​ខេត្ត​ផ្សេង​ៗ​គ្នា និង​មាន​វ័យ​ច្រើន​ជាង​៧០​ឆ្នាំ មក​ជួបជុំ​គ្នា​ដើម្បី​សម្ដែង​ចាប៉ី​ និង​ផ្ដល់​ជា​ដំបូន្មានដល់​សិល្បករ​ចាប៉ី​ជំនាន់​ក្រោយ។

អ្នក​រៀប​ចំ​កម្ម​វិធី "ជំនុំ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង" លោក ពិជ សារ៉ាត បាន​ឱ្យ​ដឹង​ថា កម្ម​វិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ចង់​ឱ្យ​ព្រឹទ្ធាចារ្យ​នៅ​ខេត្ត​ផ្សេង​ៗ​បាន​មក​ជួបជុំ​គ្នា ព្រម​ទាំង​បាន​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ និង​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​ផង។ ស្ថាបនិក​សហគមន៍​ចាប៉ី​អមតៈ​រូប​នេះ បញ្ជាក់​ថា កម្ម​វិធី​នេះ​មិន​ត្រឹម​តែ​ចង់​បង្ហាញ​មុខ​ព្រឹទ្ធាចារ្យ​ទាំង​៥​រូប​ឱ្យ​គេ​បាន​ស្គាល់​ប៉ុណ្ណោះ តែ​ថែម​ទាំង​ចង់​ឱ្យ​សិស្ស​ចាប៉ីជំនាន់​ក្រោយ​ៗ​ បាន​ទទួល​យក​បទ​ពិសោធន៍​ថ្មី​ៗ និង​ដំបូន្មាន​ពី​ចាស់​ព្រឹទ្ធាចារ្យ​មុន​ៗ​ផង។

ព្រឹទ្ធាចារ្យ​ទាំង​៥រូប​មក​ពី​ខេត្ត​ទាំង​៥ និង​មាន​វ័យ​ចំណាស់ និង​នៅ​តែ​អាច​លេង​ចាប៉ី​បាន​ដល់​សព្វថ្ងៃ​មាន៖

១. លោក​ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ​ គង់ ណៃ វ័យ​៧២ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត ក្លាយ​ជា​សិល្បករ​ចាប៉ី​តាំងពី​អាយុ​១៥ឆ្នាំ។ ស្ថិត​ក្នុង​ចំណោម​បង​ប្អូន​១០​នាក់​លោក​ជា​កូន​ទី៥ ហើយ​ក៏​ជា​កូន​តែ​ម្នាក់​គត់​​ដែល​កាត់​តាម​ឪពុក មាន​និស្ស័យ​ខាង​សិល្បៈ។

សិល្បករ​ចាប៉ី​ដ៏​ល្បី​ល្បាញ​រូប​នេះ ធ្លាប់​ធ្វើ​ការ​ក្នុង​ក្រសួង​វប្បធម៌​វិចិត្រ​សិល្បៈ បន្ទាប់​ពី​ចូល​និវត្តន៍ លោក​ត្រលប់ទៅ​ស្រុក​កំណើត​ និង​នៅ​ច្រៀង​ចាប៉ី​ដង​វែង​រហូត​សព្វថ្ងៃ។សិល្បករ​ចំណាស់​រូប​នេះ បាន​ទៅ​សម្ដែង​ទម្រង់​ចាប៉ី​ដង​វែង​នៅ​ក្រៅ​ប្រទេស​ចំនួន​១៥​ប្រទេស​រួច​មក​ហើយ ថ្មីនេះលោកទួល​បាន​ពាន​រង្វាន់​សិល្បៈ​វប្បធម៌​ហ្វុកុអូកា នៃ​ប្រទេស​​ជប៉ុន​។

២. ព្រឹទ្ធាចារ្យ អ៊ិន សារុន មក​ពី ខេត្ត​ស្វាយរៀង មាន​វ័យ​៧៤​ឆ្នាំ។ កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម​លោក​ព្រឹទ្ធាចារ្យ​ប្រឡង​ចាប៉ី​ថ្នាក់​ជាតិ​ជាប់​លេខ២​ និង​ជំនាន់​ក្រោយ​មក​ទៀត​ក្នុង​កម្ម​វិធី​ដដែល​ប្រឡង​ជាប់​លេខ១។ បច្ចុប្បន្ន​លោក​នៅ​តែ​ច្រៀង​ចាប៉ី​ជា​រឿយ​ៗ នៅ​តាម​ពិធី​បុណ្យ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ។

កូន​សិស្ស​លោក​តា​ពូថៅ​ដៃ​រូប​នេះ ​បាន​រៀន​ចាប៉ី​តាំង​ពី​ឆ្នាំ​១៩៦០។ មាន​បង​ប្អូន​៦នាក់ និង​ជា​កូន​ទី​៥​ក្នុង​គ្រួសារ ក្រៅ​ពី​ច្រៀង​ចាប៉ី​លោក​ចេះ​ច្រៀង​អាយ៉ៃ​ផង​ដែរ។

៣. ព្រឹទ្ធាចារ្យ ង៉ាំ ងូ មក​ពី​ខេត្តកំពង់ចាម វ័យ​៧២​ឆ្នាំ ចូល​រៀន​ចាប៉ី​តាំង​ពី​អាយុ​៧​ឆ្នាំ ដល់​អាយុ១៣​ឆ្នាំ អាច​ច្រៀង​ចាប៉ី​បាន។ បច្ចុប្បន្ន​សិល្បករ​វ័យ​ចំណាស់​ដែល​មាន​បង​ប្អូន​៥នាក់ និង​ជា​កូន​ទី៣ ក្នុង​គ្រួសារ​រូប​នេះ នៅ​លេង​ភ្លេង​ប្រពៃណី និង​ច្រៀង​ចាប៉ីខ្លះ​ៗ​ដែរ។

៤.ព្រឹទ្ធាចារ្យ សុវណ្ណ ហុង មក​ពី​ខេត្ត​តាកែវ វ័យ ៧៥ លោក​មាន​និស្ស័យ​ខាង​ចាប៉ី​តាំង​ពី​ក្មេង​ តែ​ដោយសារ​សម័យ​សង្គ្រាម​ទើប​ត្រូវ​ពន្យារ​ពេល​រៀន បន្ទាប់​ពី​បែក​សង្គ្រាម​លោក​ចូល​រៀន​ចាប៉ី​ជាប់​លាប់​​ក្នុង​អំឡុង​ឆ្នាំ​៨០។ មក​ដល់​បច្ចុប្បន្ន​លោក​ច្រៀង​ចាប៉ី​ម្ដង​ម្កាល ព្រោះ​មិន​សូវ​មាន​អ្នក​ហៅ។ ក្រៅ​ពី​ច្រៀង​ចាប៉ី លោកតា​អាច​ច្រៀង​អាយ៉ៃ បាន​ផង​ដែរ។

៥. ព្រឹទ្ធាចារ្យ ឯល យិន មក​ពី​ខេត្ត​ព្រៃ​វែង មាន​វ័យ៦០ឆ្នាំ ចូល​រៀន​ចាប៉ី​ក្នុង​អំឡុង​អាយុ​៣០ឆ្នាំ ក្រៅ​ពី​ចាប៉ី លោក​អាច​លេង​ភ្លេង​សម័យ​បាន​ច្រើន​ប្រភេទ។ លោក​បង្ហាត់​កូន​សិស្ស​៣នាក់​នៅផ្ទះ ហើយ​ការ​ច្រៀង​ចាប៉ី​គេ​នៅ​ហៅ​ច្រៀង​មួយ​ចំនួន​ដែរ។ មាន​បង​ប្អូន​៩នាក់ លោក​ជា​កូន​ទី២ ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់ សិល្បករ​រូប​នេះ​មាន​និស្ស័យ​ខាង​សិល្បៈ​តែ​ម្នាក់​ឯង​គត់។

ព្រឹទ្ធាចារ្យ​ទាំង​ប្រាំ​រូប​បាន​ផ្ដាំផ្ញើ​ទៅ​កាន់​យុវវ័យ​ជំនាន់​ក្រោយ​ស្រដៀង​ៗ​គ្នា​ថា សូម​កូន​ខ្មែរ​ទាំង​អស់​ថែរក្សា​និង​គាំទ្រ​ទម្រង់​សិល្បៈ​ចាប៉ី​ឱ្យ​បាន​គ្រប់​ៗ​គ្នា។ លោក​បាន​បញ្ញាក់​ថា វប្បធម៌​រលត់ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើង​ថ្កាន មិន​មែន​គ្រាន់​តែ​សូត្រ​ឱ្យ​តែ​រួច​ពី​មាត់​ទេ។

ក្រៅ​ពី​ការ​សម្ដែង​ចាប៉ី​ដង​វែង​ពី​ចាស់​ព្រឹទ្ធាចារ្យ​ទាំង​៥​រូប​កម្ម​វិធី "ជំនុំ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង" ក៏​មាន​ការ​សម្ដែង​និង​ច្រៀង​ចាប៉ី​ឆ្លើយ​ឆ្លង​២០ដើម ផ្សេង​ទៀត​ពី​សិស្ស​ជំនាន់​ក្រោយ​ៗ​ផង​ដែរ។

អត្ថបទៈ ប៉ូ សាគុន

មតិយោបល់