• 2017-09-25 23:15:00
  • ព័ត៌មាន

បង្ហាញ​មុខ​កូនខ្មែរ៣រូប​ ទទួល​បាន​ពាន​ហ្វុកុអូកា ពី​ប្រទេស​ជប៉ុន

  • 2017-09-25 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុងសប្តាហ៍កន្លងទៅ ព្រឹទ្ធាចារ្យ​កោសល្យ​វោហារ គង់ ណៃ ទើប​តែ​ត្រឡប់​មក​ពី​ទទួល​ពាន​រង្វាន់ ហ្វុកុអូកា ពី​ប្រទេស​ជប៉ុន ក្នុង​ផ្នែក​សិល្បៈ​វប្បធម៌ នេះ​ជា​កិត្តិយស​ដ៏​ធំ​បន្ទាប់​ពី​ព្រឹទ្ធាចារ្យ​ពីរ​រូប​ទៀត ដែល​បាន​ទទួល​ពាន​រង្វាន់​នៅ​ប្រទេស​ដដែល​នេះ។

ឯកឧត្ដម ឃឹម សារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ បាន​មាន​ប្រសាសន៍​ថា ការ​ទទួល​បាន​ពាន​រង្វាន់​របស់​ព្រឹទ្ធាចារ្យ គង់ ណៃ គឺ​ជា​ជោគ​ជ័យ​ដ៏​ធំ​បន្ទាប់​ពី​ចាប៉ី​ដង​វែង បាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​ យូណេស្កូ កាល​ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ ២០១៦។

“លោក​តា គង់ ណៃ លោក​បាន​ទទួល​ពាន​ពី​ប្រទេស​ជប៉ុន នេះ​ជា​ជោគ​ជ័យ​និង​ជា​កិត្តិយស​ដ៏​ធំ​មួយ​សម្រាប់​វប្បធម៌​ខ្មែរ ហើយ​មុន​នេះ​ទៀត​មាន​ព្រឹទ្ធាចារ្យ និង​សាស្ត្រាចារ្យ​ពីរ​រូប​ទៀត​ដែល​បាន​ទទួល​ពាន​ធំ​ពី​ប្រទេស​នេះ​ដែរ។ ខ្ញុំ​សូម​កោត​សរសើរ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ សិល្បៈ​ចាប៉ី​នេះ គឺ​ជា​សិល្បៈ​ដែល​កម្រ​មាន​អ្នក​ចេះ​ណាស់ ដូច​នេះ​ការ​ទទួល​បាន​ពាន​រង្វាន់​នេះ គឺ​ជា​មោទនភាព​ណាស់​សម្រាប់​ជន​ជាតិ​ខ្មែរ"។

ព្រឹទ្ធាចារ្យ​ខ្មែរទាំង​៣រូប​ដែល​ទទួល​បាន​ពាន ហ្វុកុអូកា ពី​ប្រទេស​ជប៉ុន រួមមាន៖

១. លោក​ព្រឹទ្ធាចារ្យ ឆេង ផុន ជា​កូន​ខ្មែរ​ទី១ ដែល​ទទួល​បាន​ពាន​រង្វាន់​ធំ​នៅ​ឆ្នាំ​១៩៩៧ រួមនិងទឹក​ប្រាក់​អម​ចំនួន ៥ លាន​យេន ​ប្រហែល​ប្រមាណ ៥ម៉ឺន ដុល្លារ​អាមេរិក និងមេដាយ១។ លោក ព្រឹទ្ធាចារ្យគឹជា​ជា​ស្ថាបនិក​មួយ​រូប​ដែល​ជា​អ្នក​ជួយសង្គ្រោះ​សិល្បៈ​ស្ទើរ​គ្រប់​ទម្រង់​ឲ្យ​រស់​ឡើង​វិញ​ក្រោយ​របប​ខ្មែរក្រហម​ដួល​រលំ​នៅ​ឆ្នាំ​១៩៧៩។ ​លោក​​ធ្លាប់​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ វិចិត្រ​សិល្បៈ និង​ព័ត៌មាន​ ក្នុងទសវត្សរ៍៨០ និង​ជា​អតីត​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ដំបូង​គេ​នៅ​កម្ពុជា ក្នុង​អំឡុង​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០៣ គឺ​បន្ទាប់​ពី​សម័យ​អ៊ុនតាក់។ លោកព្រឹទ្ធាចារ្យ ឆេង ផុន បានទទួលមរណភាពនៅ២២ ខែធ្នូ ឆ្នាំ២០១៦ ក្នុងវ័យ៨៦ឆ្នាំ ។

២. លោក​សាស្ត្រាចារ្យ​បណ្ឌិត អាំង ជូលាន នរវិទូ​ខ្មែរ​មួយ​រូប និង​ជា​កូន​ខ្មែរ​ទី២ បាន​ទទួល​ពាន​រង្វាន់​ធំ​ ក្នុង​ឆ្នាំ ២០១១ ទទួលបាន​ទឹក​ប្រាក់​អម​ចំនួន ៥លាន​យេន ប្រមាណ ៥ម៉ឺន​ដុល្លារ​អាមេរិក។ លោក​សាស្ត្រាចារ្យ​បណ្ឌិតបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនរវិទ្យាពីប្រទេសបារាំងនៅឆ្នាំ១៩៨២ លោកបាន​ខិតខំ​ព្យាយាម​និង​ពុះពារ​ក្នុង​វិជ្ជាជីវៈ​នរវិទូ ឬ​អ្នក​សិក្សា​វិជ្ជា​ទាក់ទង​នឹង​វិវត្តន៍​នៃ​មនុស្ស។ លោក អាំង ជូលាន ជា​អ្នកស្រាវជ្រាវ​ផង ​និង​​ជា​សាស្ត្រាចារ្យ​ផ្នែក​សិលាចារឹក​បុរាណ​ខ្មែរ​នៅ​មហាវិទ្យាល័យ​បុរាណ​វិទ្យា​ផង។

៣. ព្រឹទ្ធាចារ្យ គង់ ណៃ សិល្បករ​ចាប៉ី​ដង​វែង ជា​កូន​ខ្មែរ​ទី៣ ដែល​ទទួល​បាន​ពាន​នេះ នៅថ្ងៃ​ទី២១​ខែ​កញ្ញា ឆ្នាំ ២០១៧ លោក​ទទួល​បាន​ពាន​ផ្នែក​សិល្បៈ​វប្បធម៌១ និង​ថវិកា​អម​ចំនួន ៣ លាន​យេន ប្រហែល​៣ម៉ឺន​ដុល្លារ​អាមេរិក រួម​និង​មេដាយ១។ ពាន​រង្វាន់​ដែល​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ គង ណៃ ទទួល​បាន​ពី​ប្រទេស​ជប៉ុន​ក្នុង​នាម​ជា​បុគ្គល​ដែល​មាន​ស្នាដៃ​ឆ្នើម​នៅ​តំបន់​អាស៊ី​​ពាក់​ព័ន្ធ​ផ្នែក​អប់រំ​សិល្បៈ​វប្បធម៌។

ពានរង្វាន់ ហ្វុកុអូកា ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩០ ក្នុង​គោល​បំណង​ផ្ដល់​កិត្តិយស​ដល់​បុគ្គល ក្រុម ឬ​ស្ថាប័ន​ដែល​មាន​ស្នាដៃ​លេចធ្លោ ក្នុង​ការ​ថែរក្សា​និង​បង្កើត​វប្បធម៌​អាស៊ី​មួយ​ប្រកប​ដោយ​លក្ខណៈ​ពិសេស និង​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​វប្បធម៌​គ្នា​ទៅ​វិញ​ទៅ​មក និង​លើក​កម្ពស់​ការ​យល់​ដឹង​ពី​តម្លៃ​វប្បធម៌​អាស៊ី។

ពានរង្វាន់​ហ្វុកុអូកា នៃ​ប្រទេស​ជប៉ុន​មាន​៣ ផ្នែក ទី១​គឺ​ពាន​រង្វាន់​ធំ ទី២​ពាន​រង្វាន់​ផ្នែក​ការ​សិក្សា​អប់រំ និង​ទី៣​ពានរង្វាន់​ផ្នែក​សិល្បៈ​វប្បធម៌៕

អត្ថបទៈ ប៉ូ សាគុន

មតិយោបល់