• 2017-11-16 06:32:11
  • ព័ត៌មាន

ទេស សុខន មិន​បោះ​បង់​សិល្បៈ​បុរាណ​ ទោះ១ខែ​មិន​មាន​ការ​សម្ដែង​ម្ដង​ក៏ដោយ​

  • 2017-11-16 06:32:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួ​នាង​សេដា ក្នុង​រឿង​រាមកេរ្តិ៍ លោក ទេព សុខន មិន​ចុះចាញ់​ឬ​បោះបង់​ចោល​ការ​សម្ដែង​របាំ​បុរាណ​ឡើយ តែ​បែរជា​ខំ​ពង្រឹង​ខ្លួន​ទ្វេដង ដើម្បី​បន្ត​មរកត​មួយ​នេះ​ចែក​ទៅ​ដល់​ក្មេង​ជំនាន់​ក្រោយ។

សិល្បករ​វ័យ​ក្មេង​ដែល​មាន​ទេពកោសល្យ​ទាំង​ការ​សម្ដែង និង​ការ​ប្រើ​ទឹក​មុខ លោក ទេព សុខន ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា ដើរ​តួ​ជា​នាង​សេដា ក្នុង​ទម្រង់​ល្ខោន​ខោល បាន​ប្រាប់ Sabay ថា បើ​ទោះ​ជា​ពេល​បច្ចុប្បន្ន​នេះ​ខ្លួន​មិន​សូវ​មាន​គេ​ហៅ​សម្ដែង​លើ​ទម្រង់​បុរាណ​ក្ដី តែ​លោក​នៅ​តែ​មិន​បោះ​បង់​ទម្រង់​នេះ​ឡើយ។ សិល្បករ​មក​ពី​ខេត្ត​ប៉ៃលិន​រូប​នេះ​បាន​បញ្ជាក់​ថា ក្នុង​១ខែ​ជួន​កាល​គ្មាន​គេ​ហៅ​ទៅ​សម្ដែង សូម្បី​តែ​ម្ដង តែ​លោក​មិន​កើត​ទុក​ខ្លាំង​ពេក​ទេ ហើយ​លោក​ខំ​ប្រឹងប្រែង​ហាត់​រៀន​បន្ត​ទៅ​ទៀត​សម្រាប់​អនាគត​ទៅ​មុខ និង​ដើម្បី​ក្មេង​ជំនាន់​ក្រោយ។

“បាទ​បង មិន​ចោល​ទេ ពីព្រោះ​មក​ពី​ឆ្ងាយ ដើម្បី​សិល្បៈ ចោល​ស្ដាយ​ណាស់​បង៧ឆ្នាំ បើ​ចោល​ស្ដាយ​ណាស់ ហើយ​ទម្រង់​បុរាណ​នេះ​ខ្ញុំ​ស្រលាញ់​តាំង​ពី​តូច​ម្ល៉េះ។ ខ្ញុំ​មាន​បំណង​បើក​សាលា​ឯកជន​នៅ​ខេត្ត​ប៉ៃលិន​ដើម្បី​បង្ហាត់​បង្រៀន​ក្មេង​ៗ​នៅ​ទី​នោះ ដែល​គ្មាន​លទ្ធភាព​ម្យ៉ាង​វា​ជា​ការ​ថែរក្សា​សិល្បៈ​វប្បធម៌​ខ្មែរ​ផង​បង"។

សិល្បករ​វ័យ២៤​ឆ្នាំ​រូប​នេះ មាន​បង​ប្អូន​៣នាក់ លោក​ជា​កូន​ទី២។ លោក​បាន​ចូល​សិល្បៈ​ដំបូង​ក្នុង​ឆ្នាំ​២០០៥ បន្ទាប់​មក​ក៏​បាន​ឈប់​២ឆ្នាំ​ដោយ​សារ​មិន​អាច​ទ្រាំ​នឹង​ភាព​ឈឺចាប់​បាន។ លោក​ចូល​ហាត់​សិល្បៈ​ដំបូង ក្នុង​សមាគម "មរតក​​កុមារ​បាសាក់" ហាត់​របាំ​ប្រពៃណី។ លោក​បាន​ឡើង​មក​ភ្នំពេញ​នៅ​ចុង​ឆ្នាំ២០០៩ ដោយ​ស្នាក់​នៅ​ជា​មួយ​ម្ដាយ​មីង។ ចំពោះ​ថវិកា​ដែល​បាន​ពី​ការ​សម្ដែង​វិញ លោក​បញ្ជាក់​ថា ផ្គត់ផ្គង់​បាន​ត្រឹម​ការ​ចំណាយ​ផ្ទាល់​ខ្លួន​មិន​ទាន់​អាច​ជួយ​គ្រួសារ​បាន​ទេ ព្រោះ​ពុំសូវ​មាន​អ្នក​ហៅ។ សិល្បករ​រូប​នេះ​ចេះ​របាំ៣​ទម្រង់ គឺ​របាំ​បុរាណ របាំ​ប្រពៃណី និង​ល្ខោនខោល ក្រៅ​ពី​ការ​សម្ដែង​សិល្បៈ លោក​ក៏​ជា​អ្នក​តុបតែង សំម្លៀក​បំពាក់​អោយ​សិល្បៈ​ការិនី​របាំ​បុរាណ​ផង​ដែរ។

ចុចអាន៖

ហង់ ភូមរ៉ា យំ​មិន​តិច​ដង​ទេ​ព្រោះ​ល្ខោន​ខោល

"ជីវិត​ល្ខោន​ខោល​ខ្មែរ" ​​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​យុវវ័យ​​កម្ពុជា

សិលាចារឹក ២ និយាយ​ពី​ល្ខោនខោល

អត្ថបទ៖ ប៉ូ សាគុន

មតិយោបល់