• 2017-11-22 11:16:00
  • ព័ត៌មាន

សមាគម​ដែលស្ទើរតែបិទទ្វារម្តងៗ បាន​នាំ​ទម្រង់​ល្ខោន​ស្រមោល​ឱ្យ​បរទេស​ស្គាល់​ស្ទើរ​ទូទាំង​ពិភពលោក

  • 2017-11-22 11:16:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​តែ​សមាគម​សុវណ្ណភូមិ​ស្ទើរ​តែ​បិទ​ទ្វា​ម្ដង​ៗ​ទៅ​ហើយ​ក្ដី តែ​សមាគម​មួយ​នេះ​បាន​ជួយ​ផ្សព្វ​ផ្សាយ​សិល្បៈ​ខ្មែរ​ឱ្យ​អន្តរជាតិ​បាន​ស្គាល់​មិន​តិច​ទេ ជា​ពិសេស​ក្នុង​ទម្រង់​ល្ខោន​ខោល ល្ខោន​ស្រមោល​ស្បែក​ធំ និង​ស្បែក​តូច។

បើ​តាម​ប្រធាន​សមាគម​សុវណ្ណភូមិ​លោក ម៉ាន កុសល បាន​ប្រាប់ Sabay ថា តាំង​ពី​សមាគម​បើក​ក្នុង​ឆ្នាំ ១៩៩៤ មក លោក​បាន​ព្យាយាម​បង្កើត​ស្នាដៃ​ថ្មី និង​ថែរក្សា​ស្នាដៃ​ចាស់​ៗ​ជា​ច្រើន​ទាក់ទង​នឹង​ទម្រង់​ល្ខោន​ស្រមោល។ ជាង​នេះ​ទៅ​ទៀត លោក​បាន​ស្វះស្វែង​ធ្វើ​យ៉ាង​ណា​ឱ្យ​ទម្រង់​សិល្បៈ​មួយ​នេះ មាន​ជីវិត​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​មាន​វត្តមាន​លើ​ឆាក​អន្តរជាតិ។ លោក​បញ្ជាក់​ថា ក្នុង​នាម​ជា​សមាគម​សុវណ្ណភូមិ លោក​បាន​នាំ​យក​សិល្បករ​ខ្មែរ​ជា​ច្រើន​រូប ទៅ​សម្ដែង​ល្ខោន​ស្រមោល​ស្បែក​ធំ ស្បែក​តូច និង​ល្ខោន​ខោល ទៅ​ក្នុង​ប្រទេស​ជា​ច្រើន​លើ​ពិភព​លោក ដែល​លោក​មិន​អាច​រាប់​ឈ្មោះ​អស់។ លោក​ថា​រាល់​ការ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ មាន​ការ​គាំ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន។

លោក ម៉ាន កុសល ប្រធានសមាគមសុវណ្ណភូមិ

“និយាយ​ទៅ​តាំង​ពី​ខ្ញុំ​បើក​សមាគម​នេះ​ដំបូង​មក ខ្ញុំ​បាន​នាំ​សិល្បករ​ខ្មែរ​យើង​ទៅ​សម្ដែង​ទម្រង់​ល្ខោន​ស្រមោល​ស្បែក​ធំ ស្បែក​តូច និង​ល្ខោន​ខោល ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ច្រើន រាប់​មិន​អស់​ទេ មាន​ទាំង​ប្រទេស​នៅ​អាស៊ី និង​អឺរ៉ុប ហើយ​ប្រទេស​ខ្លះ​ទៅ​ច្រើន​ដង​លើស​ពី​៥ដង”។

រូបពី facebook

លោក​បន្ថែម​ថា ការ​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ប្រទេស​សាមី​ដែល​អញ្ជើញ​ខាង​សមាគម​សុវណ្ណភូមិ​ទៅ​សម្ដែង ប្រទេស​ភាគ​ច្រើន​ចេញ​ជា​សំបុត្រ​យន្តហោះ និង​កន្លែង​ស្នាក់​នៅ ហើយ​ប្រទេស​ខ្លះ​ទៀត​ក៏​ផ្ដល់​ជា​អាហារ​ឱ្យ​ដែរ តែ​មិន​មាន​ប្រាក់​ឧបត្ថម្ភ​នោះ​ឡើយ។

ចុចអាន៖ សមាគម​សិល្បៈ​សុវណ្ណភូមិ បដិសេធ​ព័ត៌មាន​ផ្អាក​សម្ដែង​ល្ខោនស្រមោល​ស្បែកធំ

ដើម្បី​​វប្បធម៌​​ជាតិ ហង់ ភូមិរ៉ា បង្ហាត់​​របាំ​​ដោយ​មិន​យក​ប្រាក់កម្រៃ​

អត្ថបទ៖ ប៉ូ សាគុន

មតិយោបល់