Yoo Chun ក្រុម JYJ ត្រូវគេប្ដឹងពីបទរំលោភនារី ៤ករណីក្នុងសប្ដាហ៍តែមួយ
បន្ទាប់ពីរឿងរ៉ាវចោទប្រកាន់ តារាចម្រៀង Park Yoo Chun ទាក់ទងនឹងករណីរំលោភនារីៗចំនួនបីនាក់ ថ្មីៗនេះ សមាជិកក្រុមចម្រៀងកូរ៉េ JYJ រូបនេះបានរងពាក្យបណ្ដឹងថ្មីមួយទៀតពីនារីម្នាក់ ដែលជាករណីបណ្ដឹងទី៤ហើយទាក់ទងនឹងការរំលោភបំពានផ្លូវភេទ។
តាមការចុះផ្សាយរបស់សារព័ត៌មាន All Kpop បណ្ដឹងពីនារីចុងក្រោយបានចោទប្រកាន់លើ Yoo Chun ថាបានចាប់រំលោភនាងនៅក្នុងបន្ទប់ទឹកកាលពីឆ្នាំ២០១៥កន្លងទៅក្នុងបារកម្សាន្តមួយកន្លែង ខណៈពេលតារារូបនេះកំពុងស្រវឹងស្រា។
ចំពោះរឿងរ៉ាវបណ្ដឹង៤ករណីលើ Yoo Chun មាន៣ករណីបានកើតឡើងនៅក្នុងកន្លែងកម្សាន្តយុវវ័យ អំឡុងពេលដែលតារាវ័យ៣០ឆ្នាំរូបនេះត្រូវបំពេញកាតព្វកិច្ចយោធា។ ចំណែកករណីទី៣Yoo Chun ត្រូវរងការចោទប្រកាន់ថាបានរំលោភនារីម្នាក់នៅបន្ទប់ទឹកក្នុងផ្ទះរបស់ខ្លួន ពេលតារារូបនេះនិងមិត្តភ័ក្ដិរបស់គេនាំនាងពីកន្លែងកម្សាន្តទៅបន្តជប់លៀងនៅផ្ទះខ្លួន។
ចំពោះករណីចោទប្រកាន់ទី១របស់នារីវ័យ២៤ឆ្នាំម្នាក់ឈ្មោះ Lee លើតារា Yoo Chun ត្រូវបាននាងដកពាក្យបណ្ដឹងវិញរយៈ៤ថ្ងៃ ក្រោយថ្ងៃចោទប្រកាន់។
ទោះជាយ៉ាងណា មកទល់ពេលនេះប៉ូលិសបានឲ្យដឹងថា ពួកគេកំពុងបន្តធ្វើការលើពាក់ព័ន្ធនឹងការចោទប្រកាន់លើតារាសមាជិកក្រុម JYJ រូបនេះ។ ប្រសិនបើប៉ូលិសរកឃើញថា ដើមចោទបានទទួលថវិកាណាមួយជាការព្រមព្រៀង នោះអ្នកចោទប្រកាន់នឹងទទួលការផ្ដន្ទាទោសផងដែរ៕
ចុចអាន៖ Yoo Chun ក្រុម JYJ ត្រូវគេប្ដឹងរឿងរំលោភមិត្តស្រីគេក្នុងបន្ទប់ទឹក
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ allkpop