• 2018-12-25 03:53:34
  • ព័ត៌មាន

អាសូរ​សិល្បករ​ជើង​ចាស់​យើង​ច្រើន​នាក់ ឈឺ​​ធ្ងន់ធ្ងរ​ក្នុង​ស្ថានភាព​គួរ​ឲ្យ​បារម្ភ​ខ្លាំង នា​ចុង​ឆ្នាំ​នេះ

  • 2018-12-25 03:53:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើត ចាស់ ឈឺ ស្លាប់ ជា​ច្បាប់​ធម្មជាតិ ពិត​មិន​អាច​ចៀស​ផុត​បាន ដូច​ឃើញ សិល្បករ​ជើង​ចាស់​យើង​ច្រើន​នាក់ មាន​ទាំង​ផ្នែក​ចម្រៀង កំប្លែង និង​សម្ដែង កំពុង​គេង​សម្រាក​នៅ​លើ​កន្ទេល ក៏​ដូច​ជា​គ្រែ​ពេទ្យ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ក្រោម​ការ​រុករាន​ដោយ​ជំងឺ​ច្រើន​មុខ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​បារម្ភ​ខ្លាំង​បំផុត។ សិល្បករ​ជើង​ចាស់​យើង​ទាំង​នោះ​មាន៖

អ្នក​គ្រូ គង់ ណារី ៖ អ្នក​គ្រូ គឺ​ជា​ព្រឹទ្ធាចារ្យ​សិល្បៈ​មួយ​រូប ដែល​ធ្លាប់​បាន​សាប​ព្រួស​ចំណេះ​ជំនាញ​សិល្បៈ ទៅ​កាន់​ជំនាន់​ក្រោយ​ជា​ច្រើន​ឆ្នាំ ក្នុង​នោះ​សិល្បករ សិល្ប​ការិនី​ទាំង​សម្ដែង ពិធីករ ដែល​ដុះដាល​ក្រោម​ការ​បណ្ដុះបណ្ដាល​របស់​អ្នក​គ្រូ ក៏​ច្រើន​ណាស់​ដែរ។ ក្នុង​វ័យ​ ៦៥​ឆ្នាំ បាន និង​កំពុង​រុករាន​ដោយ​ជំងឺ​ដ៏​កាច​សាហាវ​២​យ៉ាង គឺ ក្រិន​ថ្លើម និង​ដុះ​ដុំ​សាច់​កាច។

អ្នក​គ្រូ​ធ្លាប់​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ និង​ពេទ្យ​រុស្សី ក្នុង​ស្ថានភាព​គួរ​ឲ្យ​បារម្ភ។ រឹត​តែ​គួរ​ឲ្យ​សង្វេគ​ក្នុង​ពេល​ដែល​ខ្លួន​កំពុង​តតាំង​នឹង​មច្ចុរាជ អ្នក​គ្រូ​នៅ​​មាន​បន្ទុក​ចិញ្ចឹម​ម្ដាយ​ឪពុក​ចាស់​ជរា ​វ័យ​ប្រមាណ​៨៨​ឆ្នាំ​ និង​ទារក​អាយុ​៩​ខែ​ ​ដែល​​រើស​មក​ចិញ្ចឹម​ថែម​ទៀត។

នាយ ក្ដឹប៖ នាយ ក្ដឹប មាន​វ័យ ៥៨​ឆ្នាំ គឺ​ជា​តារា​កំប្លែង​ក្នុង​ក្រុម​នាយ ក្រឹម។ លោក​បាន​បាត់​មុខ​ពី​ការ​សម្ដែង​អស់​រយៈ​ពេល​យ៉ាង​យូរ​មក​ហើយ ក៏​ព្រោះ​លោក​ជំងឺ​រុករាន​ទន្ទ្រាន​រាង​កាយ។ តាម​ភរិយា​ប្រាប់​សារព័ត៌មាន នាយ ក្ដឹប មាន​ជំងឺ​ស្ពោត​សរសៃ​ឈាម​នៅ​ខួរក្បាល និង​បេះដូង។ ស្ថានភាព​របស់​នាយ គឺ​ស្ទើរ​តែ​អស់​សង្ឃឹម​ទៅ​ហើយ ដោយ​ចុង​ក្រោយ​នេះ មាន​ដំណឹង​ថា នាយ ត្រូវ​ក្រុម​គ្រួសារ​សម្រេច​យក​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ។ ​អ្នក​ស្រី ហួន ផាត ជា​ភរិយា និង​កូន​៥នាក់ ចៅ ៦នាក់ បញ្ជាក់​ថា ក្រុម​គ្រួសារ​ទាំង​មូល​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម ខណៈ​បង្គោល​គ្រួសារ​តែ​១ ជីវិត​កំពុង​តែ​ប្រឈម។

តា​មឿក ៖ លោកតា គឺ​ជា​សិល្បករ​មាន​វ័យ​ចំណាស់​ជាង​គេ​ក្នុង​ចំណោម​សិល្បករ​ជើង​ចាស់​ទាំង​៥នាក់​ដែល​កំពុង​ជាន់​សង្គ្រប់​ដោយ​ជំងឺ។ មក​ដល់​ឆ្នាំ​នេះ​លោក ផ្លុង មឿក ហៅ តាមឿក មាន​វ័យ ៨៣​ឆ្នាំ លោក​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ដោយ​សារ​វ័យ​ជរា លោក​រុករាន​ដោយ​​ជំងឺ​ពី​មុខ គឺ​រលាក​សួត និង​ស្វិត​ខួរ​ក្បាល។ ជំងឺ​ទាំង​ពីរ​សុទ្ធ​តែ​កម្រិត​ធ្ងន់ធ្ងរ ដែល​ក្រុម​គ្រួសារ​ប្រាប់​សារព័ត៌មាន លោក​តា កាន់​តែ​ដុន​ដាប​ទៅ​ៗ សម្រាន្ត​តែ​នៅ​លើ​កន្ទេល និង​មិន​អាច​ក្រោក​បាន​ឡើយ​នៅ​លើ​ផ្ទះ​ជួល ជាន់ទី២ នៅ​ក្បែរ​វត្ត​ស្វាយ​ពពែ ទល់​មុខ​ផ្សារ​ទំនើបអ៊ីអន២ រាជធានី​ភ្នំពេញ។

លោក ប្រាក់ សារួន ៖ ត្បិត​ថា​មាន​វ័យ​ក្មេង​ជាង​គេ ប៉ុន្តែ​លោក ប្រាក់ សារួន ដែល​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង​ជើងចាស់​មួយ​រូប ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្នុង​ស្រុក​មួយ​កាល​ពី​ពាក់​កណ្ដាល​ខែ​នេះ ក្នុង​នោះ​លោក មាន​ជំងឺ​ថ្លើម​កម្រិត​ធ្ងន់ធ្ងរ និង​គ្រោះ​ថង់​ប្រមាត់។ ជំងឺ​ទាំង​ពីរ​សុទ្ធ​កម្រិត​ធ្ងន់ធ្ងរ និង​ត្រូវ​ការ​វះកាត់ ដោយ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន ប៉ុន្តែ​ក្រុម​គ្រួសារ​មិន​មាន​លទ្ធភាព​ឡើយ។

សាន ម៉ៅ ៖ លោក សាន ម៉ៅ គឺ​ជា​សិល្បករ​ជើង​ចាស់​ចុង​ក្រោយ​គេ ដែល​ទើប​ធ្លាយ​ដំណឹង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ។ តារា​កំប្លែង​ក្នុង​ក្រុម​នាយ កុយ មាន​ជំងឺ​ជា​ច្រើន​មុខ ក្នុង​នោះ​មាន ជំងឺ​ទឹកដក់​ក្នុង​សួត បេះ​ដូង និង​ជំងឺ​ទឹក​នោម​ផ្អែម​ផង។​ជំងឺ​ទាំង​ប៉ុន្មាន​មុខ​ខាង​លើ ក៏​ធ្លាប់​បាន​រុករាន​តារា​កំប្លែង​រហូត​ដល់​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ម្ដង​រួច​មក​ហើយ​កាល​ពី​ដើម​ឆ្នាំ ២០១៨៕

អត្ថបទ៖ ទារិកា

មតិយោបល់