• 2019-08-06 07:55:19
  • ព័ត៌មាន

ឲ្យ​តម្លៃ​លើ​អ្នក​ជំនាន់​មុន P-Sand ធ្វើ​បទ​មួយ​ជូន​​ជា​ពិសេស​ទៅ​លោក ចៅ ចាន់ណារី

  • 2019-08-06 07:55:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ការ​ឲ្យ​តម្លៃ​ទៅ​លើ​គំរូ​នៃ​ការ​តស៊ូ​របស់​អ្នក​ជំនាន់​មុន មាន​តម្រុយ​ថា តារា​ចម្រៀង P-Sand បាន និង​កំពុង​សម្ងំ​ផលិត​បទ​ចម្រៀង​មួយ ជូន​ជា​ពិសេស​ទៅ​លោក ចៅ ចាន់​ណារី តារា​សម្ដែង​ទសវត្សរ៍ ៨០ សិល្បករ​ដែល​ធ្លាប់​ហែល​ឆ្លង​ព្យុះ​ជីវិត​ដ៏​កម្សត់​ស្ទើរ​តែ​ងើប​វិញ​លែង​បាន។

តម្រុយ​នេះ បាន​លេច​ចេញ​ថ្មីៗ​នេះ​ នៅ​លើ​បណ្ដាញ​សង្គម Facebook P-Sand X Brothersដែល​ជា Facebook ផ្លូវ​ការ​របស់​ក្រុម​លោកP-Sand។ គណនី​នេះ បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​រវាង​លោក និង​តារា​ជើង​ចាស់​​ដែល​បាន​បាត់​មុខ​ជាង ២០​ឆ្នាំ ព្រោះ​តែ​បាន​កប់​ជីវិត​តោកយ៉ាក​ខ្លាំង​ពេក ស្ទើរ​តែ​គ្មាន​កម្លាំង​ចិត្ត​ក្នុង​ការ​តស៊ូ នោះ​គឺ តារា​សម្ដែង​ដ៏​ល្បី​នា​ចុង​ទសវត្សរ៍​ឆ្នាំ១៩៨០និង១៩៩០ លោក ចៅ ចាន់​ណារី។

ទិដ្ឋភាព​នោះ គឺ​ជា​រឿង​កម្រ ដែល​ភ្លាម​ៗ អ្នក​គាំទ្រ​របស់​តារា Original Song បាន​ដាក់​ការ​សង្ស័យ​ថា លោក​ពិត​ជា​មានអ្វី​ពិសេស​ជាមួយ​សិល្បករ​ជើង​ចាស់​មិន​ខាន។ ជុំ​វិញ​បញ្ហា​នេះ ក្រុម​ការងារ​ម្នាក់​របស់​ក្រុម​លោក P-Sand បាន​បញ្ជាក់​ថា ជា​ការ​ពិត ពោល​គឺ P-Sand បាន និង​កំពុង​សម្ងំ​បទ​ចម្រៀង​មួយ​បទ​សម្រាប់​រៀម​ច្បង​សិល្បករ។ ប្រភព​បន្ត​ថា បទ​នេះ គ្រោង​នឹង​ធ្វើ​ជា Mvថ្មី​មួយ ដែល​ក្រុម​ការងារ​បាន​រៀប​ចំ​គ្រោង​រឿង​រយៈ​ពេល​ជាង​៣ខែ​មក​ហើយ។

ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បន្ថែម​ថា សាច់​រឿង​ក្នុង​បទ​ចម្រៀង​នោះ គឺ​ក្រុម​ការងារ ក៏​ដូច​ជា​លោក P-Sand បាន​ខិត​ខំ​សរសេរ​តម្រូវ​តួអង្គ​លោក ចៅ ចាន់​ណារី ក្នុង​គោល​បំណង​បង្កើត​នូវ​រសជាតិ​ថ្មី​មួយ​ទៀត​សម្រាប់​អ្នក​គាំទ្រ និង​ចូល​រួម​ចំណែក​ក្នុង​ការ​លើក​ទឹក​ចិត្ត​លោក ចៅ ចាន់ណារី អោយ​វិល​មក​កាន់​អាជីព​ជា​តារា​សម្ដែង​សារ​ជា​ថ្មី ។

"សង្ឃឹម​ថា​ការ​ច្របាច់​បញ្ចូល​គ្នា​រវាង​អារម្មណ៍​បទ​ចម្រៀង​ថ្មី​ និង​ការ​សម្ដែង​រវាង​តារា​ជើង​ចាស់​ និង​តារា​ជំនាន់​ថ្មី នឹង​អាច​បង្កើត​ជា​ស្នាដៃ​ថ្មី​មួយ​សម្រាប់​អ្នក​គាំទ្រ ហើយ​នឹង​ទទួល​ការ​ពេញ​ចិត្ត​ពី​សំណាក់​មហាជន"។ ប្រភព​ថ្លែង។

​រយៈ​ពេល៣ខែ​ខាង​លើ​នេះ គឺ​មិន​រាប់​បញ្ចូល​ពេល​វេលា​ដែល​លោក P-Sandចំណាយ​ក្នុង​ការ​និពន្ធ​បទ​ចម្រៀង​ដើម្បី​ដាក់​ចូល​ជាមួយ​សាច់​រឿង​នោះ​ទេ។ ដោយ​ឡែក​ក្រុម​ការងារ​របស់​តារា​ចម្រៀង ក៏​មិន​ទាន់​បញ្ជាក់​អោយ​ច្បាស់​លាស់​ថា​សាច់​រឿង​នេះ ជា​សាច់​រឿង​ប្រភេទ​អ្វី​ តម្រូវ​តាម​អារម្មណ៍​នៃ​បទ​ចម្រៀង​បែប​ណា​នៅ​ឡើយ​ដែរ។

លោក ចៅ ចាន់ណារី ជា​តារា​សម្ដែង​ដែល​បាន​បន្សល់​នូវ​ស្នាដៃ​ជា​ច្រើន​ នា​កំឡុង​ទសវត្សរ៍​ទី ៨០-៩០ ជំនាន់​រួម​គ្នា​ជាមួយ​តារា​ជើង​ចាស់​ជា​ច្រើន​មាន​ដូច​ជា លោក សម វិទ្យា លោក​សម តារា លោក​កេត​ សូ​បូរិទ្ធ លោក​យស បូវណ្ណៈ លោក​ខៃ ប្រសិទ្ធ លោក​ខៃ ប្រសើរ​ជាដើម។ លោក ណារី បាន​បាត់​មុខ​ឈឹង​ជាង ២០​ឆ្នាំ ទើប​តែ​លេច​មុខ​វិញ ក្រោយ​លោក ជួង ជី ហៅ​នាយ កុយ បាន​ប្រទះ​លោក​ដោយ​ចៃដន្យ​នៅ​កំពង់​ចម្លង​មួយ​នៅ​ខេត្ត​ក្រចេះ។

ការ​ពើប​ប្រទះ​នោះ ទើប​ដឹង​ថា​លោក ចៅ ចាន់​ណារី មាន​ជីវិត​លំបាក​តោកយ៉ាក​ណាស់។ ដូច្នេះ​ហើយ ទើប​សមាគម​សិល្បៈ រួម​ជាមួយ​សប្បុរសជន​ជា​ច្រើន​ទៀត បាន​រួម​គ្នា​ស្រោច​ស្រង់​ក្ដី​សង្ឃឹម​របស់​អតីត​តារា​សម្ដែង​វិញ តាម​លទ្ធភាព​រៀង​ៗខ្លួន​៕

អត្ថបទ៖ ទារិកា

មតិយោបល់