• 2019-10-18 06:22:35
  • ព័ត៌មាន

ការ​បាត់បង់ Sulli មនុស្ស​ ៣នាក់​ដែល​អ្នកគាំទ្រ​បារម្ភ​ជាងគេគឺ Taeyeon, IU និង Krystal

  • 2019-10-18 06:22:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ថ្ងៃ​ទី ១៤ ខែតុលា​ វិស័យ​ K-Pop ពិត​ជា​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ព័ត៌មាន​សោកសៅ​ និង​ស្ដាយ​នៃ​ការ​បាត់​បង់​តារា​ស្រី​វ័យ​ក្មេង​គួរ​ឲ្យ​ស្រឡាញ់ Sulli ក្រោយ​ពី​នាង​បាន​សម្រេច​បញ្ចប់​ជីវិត​លា​អ្វី​គ្រប់​យ៉ាង​ទៅ​កាន់​ពិភព​មួយ​ផ្សេង​ទៀត។

ការ​បាត់បង់​នេះ​ ពិត​ជា​បន្សល់​នូវ​ការ​អាឡោះ​អាល័យ​ជា​ពន់​ពេក​ពី​សំណាក់​ក្រុមគ្រួសារ មិត្តភ័ក្តិ​ និង​អ្នកគាំទ្រ​ទាំងអស់។ ប៉ុន្តែ​ដោយសារ​ភាព​គួរ​ឲ្យ​ស្រឡាញ់​ ចរិតស្លូតបូត​របស់​នាង​ នោះ​គ្មាន​ថ្ងៃ​ដែល​គ្រប់គ្នា​បំផ្លេច​នាង​បាន​ឡើយ។

ដោយឡែក​ ដោយសារ​មរណភាព​របស់​ Sulli មហាជន​ពិត​ជា​កាន់​តែផ្ដោត​ការ​បារម្ភ​ចំពោះ​សុខភាព​ និង​ផ្លូវចិត្ត​របស់​តារា​ស្រី​ ៣​នាក់​ដែល​សុទ្ធ​សឹង​ជា​មិត្តល្អ​របស់​នាង​ណាស់ រួម​មាន Taeyeon, IU និង​ Krystal។

១. មិត្តភាពជាមួយ Taeyeon

សម្រាប់​ Taeyeon គឺជា​មនុស្ស​ម្នាក់​ដែល Sulli ចាត់​ទុក​ថា​ជាបងស្រី​ដ៏​ល្អ។ ពួកគេ​តែង​ផ្ដល់​ក្ដី​ស្រឡាញ់ និង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ដែល​ខាន បើ​ទោះ​រវល់​ការងារ​រៀង​ខ្លួន​ក៏ដោយ។

ទាំង​២នាក់​នេះ​ ស្និទ្ធ​នឹង​គ្នា​តាំង​ពី​នៅ​ជា​អ្នក​ហ្វឹកហាត់​ចំណូល​ថ្មី​ម្ល៉េះ​ ហើយពួកគេ​ស្រឡាញ់រាប់អាន និង​មើល​ថែគ្នា​បាន​យ៉ាងល្អ​ និង​កាន់​តែ​ល្អ​មកទល់​ថ្ងៃ​ដែល​ Sulli ឃ្លាតឆ្ងាយ។ Taeyeon គឺជា​មនុស្ស​ម្នាក់​ដែល​គ្រប់គ្នា​បារម្ភ​ខ្លាំង​ជាងគេ ព្រោះ​ត្រឹម​រយៈពេល​ ២ឆ្នាំ​សោះ​ នាង​បាត់​មនុស្ស​ល្អ​ដល់ទៅ​ ២នាក់ គឺ​ Jonghyun និង​ Sulli។ ម្យ៉ាង​ នាង​ក៏​ជា​តារាស្រី​ដែល​ធ្លាប់​រង​នូវ​ការ​វាយប្រហារ​ពី​ជំងឹ​បាក់ទឹកចិត្តដែរ។

ទស្សនាវីដេអូខាងក្រោម កាន់តែ​ច្បាស់ថាពួកគេស្រឡាញ់គ្នាយ៉ាងណា៖

២. មិត្តភាពជាមួយ IU

ងាកចូល​ IU វិញ​ ក៏​ជា​មិត្តល្អ​របស់​ Sulli ដែរ ពួកគេ​រាប់អាន​គ្នា​ ៨ឆ្នាំមក​ហើយ។ មិត្តភាព​តារា​ស្រី​ទាំង​ ២​ក៏អង្រួន​ចិត្ត​របស់​មហាជន​ឲ្យ​រំភើប​ខ្លាំង​ដែរ ដោយសារ​ពួកគេ​តែង​គាំទ្រ​ លើក​ទឹកចិត្ត​គ្នា​រហូត។

IU តែង​នៅ​ក្បែរផ្ដល់​កម្លាំង​ចិត្ត​ដល់ Sulli ក្នុង​កាលៈទេសៈ​លំបាកពី​ព្យុះ​ព័ត៌មាន​អាស្រូវ​ផ្សេងៗ ពិសេស​នាង​ថែម​ទាំង​ខំ​និពន្ធ​បទ​ចម្រៀង​ជូន​សម្រាប់មិត្តល្អ​ម្នាក់នេះទៀត។ ម្យ៉ាង​ថ្មីៗ​ Sulli ក៏​ត្រូវ​បាន​ជ្រើស​ឲ្យ​ចូលសម្ដែង​ក្នុង​រឿង​ភាគ​ "Hotel Del Luna” ជាមួយ​ IU ដែរ ក្នុង​នាម​ជា​តួ​ពិសេស ត្បិត​បង្ហាញ​ខ្លួន​ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ។ ដោយឡែក​ បន្ទាប់​ពី​ចប់​ការងារ​សម្ដែង​ IU ក៏​ត្រៀម​នឹង​បញ្ចេញ​អាល់ប៊ុម​ថ្មី​ដែរ ប៉ុន្តែ​ត្រូវ​ផ្អាកសិន​ ដោយសារ​មិត្ត​ល្អ​ទទួល​មរណភាព​ តើ​នាង​ពិបាក​ចិត្ត​យ៉ាង​ណា? មួយ​វិញ​ទៀត​ នាង​ក៏​រង​នូវ​មតិ​រិះគន់​ពី​អ្នកគាំទ្រ​មួយ​ចំនួន​ ដោយសារ​ភាព​ស្ងប់​ស្ងាត់លើបណ្ដាញសង្គម ដោយ​​មិន​មាន​ប្រតិកម្ម​ទាក់ទង​នឹង​មរណភាព​របស់​ Sulli ដែរ។ ប៉ុន្តែ​ក្រោយ​មក​ការពិត​ត្រូវ​បាន​បង្ហាញ​ខ្ទេច មានន័យ​ IU នេះ​ហើយ​ដែល​ជាអ្នក​នៅ​ជាប់ Sulli ជាប់​មិនទៅណា​ក្នុង​រយៈ ៣​ថ្ងៃ​នៃបុណ្យ​សព នេះ​ក៏​ព្រោះ​ទឹកចិត្ត​ក្នុង​នាម​ជា​មិត្តល្អ​ ដែល​នាង​ចង់​ផ្ដល់ឲ្យ​មិត្ត​ដល់នាទី​ចុង​ក្រោយ។

វីដេអូកាល IU និង​ Sulli ធ្វើជា MC រួមគ្នា៖

៣. មិត្តភាពជាមួយ Krystal

ចុងក្រោយ​គេ​ គឺ Krystal បងប្អូន​រួម​ក្រុម f(x) ​ដែល​កម្សត់កម្រ​ជាមួយ​គ្នា​តាំង​ពីក្រុម​មិនទាន់បង្កើត រហូត​មាន​ភាព​ល្បីរន្ទឺ។

Krystal ជា​សមាជិក​ដែល​ស្និទ្ធ​នឹង​ Sulli ជាងគេ​ក្នុង​ចំណោម​សមាជិក​រួម​ក្រុម​ទាំង​អស់​ទាំង​នៅ​លើឆាក និង​ក្រោយឆាក។ ច្បាស់​ណាស់ ដំណឹង​អកុសល​នេះ​ពិត​ជា​ធ្វើ​ឲ្យ​ Krystal ស្លុត​ចិត្ត​ខ្លាំង ព្រោះ​រឿង​មិន​ល្អ​បែរ​ជា​មក​ប៉ះ​ចំ​មិត្ត​កម្សត់​របស់​ខ្លួន​ម្នាក់​នេះ​ទៅវិញ។ ភាព​ស្និទ្ធស្នាល​របស់​តារា​ស្រីទាំង​ ២​ពិត​ជា​មាន​ទំហំ​ធំធេង​ ដល់​ថ្នាក់​ Krystal ធ្លាប់​និយាយ​ថា​ មិន​បាច់​និយាយ​ មើល​តែ​ខ្សែភ្នែក​ក៏​ដឹង​ថា​ពួកគេ​មាន​អារម្មណ៍​យ៉ាង​ណា។ នាង​សប្បាយ​ចិត្ត​ដែល​មាន​មិត្តល្អ​ដូច​ Sulli ហើយ​ពួកគេ​សន្យា​រាប់អាន​គ្នា​ឲ្យ​បាន​យូរ​រហូត​ដល់​ក្លាយ​ជា​ លោកយាយ ប៉ុន្តែ​បំណង​របស់ Krystal ត្រូវ​បាន​បញ្ចប់​ហើយ​ពេល​នេះ នៅ​សល់​តែ​អនុស្សាវរីយ៍​ល្អៗ​ដែល​ពួកគេ​បាន​ធ្វើ​ជាមួយ​គ្នា​កន្លងមក​ប៉ុណ្ណោះ​ដែល​នៅ​កំដរ​នាង៕

អត្ថបទ៖ យី សុធារី

មតិយោបល់