• 2020-01-20 04:05:25
  • ព័ត៌មាន

ហេតុផល​ ៧យ៉ាង​ ដែល​អ្នកគាំទ្រ​ស្រឡាញ់​ Chen និង​លើក​ជា​សមាជិក​ចរិត​ល្អ

  • 2020-01-20 04:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​បង្ហាញ​មុខ​ជា​ផ្លូវការ​ជា​សមាជិក​​ EXO​ ក្រុម​ចម្រៀង​ស្ថិត​នៅ​លំដាប់​កំពូល​របស់​ SM Chen មិន​ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខក​ចិត្ត​ម្ដង​ណា​ឡើយ​ ក្នុង​ការ​បង្ហាញ​អ្វី​ថ្មី ពិសេស​ពុះពារ​គ្រប់​ស្ថានភាព​លំបាក​ ដើម្បី​តែ Fan។

បន្ទាប់​ពី​ដំណឹង​ស្នេហា​ចេញ​ផ្សាយ​ភ្លាម​ អ្នក​គាំទ្រ​មួយ​ចំនួន​តូច​ប្រែ​ហាក់​ដូចជា​មិន​ពេញ​ចិត្ត​ ស្របពេល​អ្នក​គាំទ្រ​ជា​ច្រើន​លើស​លុប​ផ្សេង​ទៀត​គាំទ្រ​ និង​សាទរ​ស្នេហា​របស់​ Chen និងអនាគត​ភរិយា។ ជាក់ស្ដែង​កន្លងមក​ Chen ត្រូវបាន​លើក​ថា​ជា​សមាជិក​ដែល​មាន​ចរិត​ល្អ​ ចាស់ទុំ​ ស្លូតបូត និង​តែង​មើល​ថែ​គេ​ឯង​ជុំវិញ​ខ្លួន​គ្រប់ពេល ប៉ុន្តែ​ដើម្បី​កាន់​តែ​ច្បាស់​ សូម​មក​ដឹង​បន្ថែម​នូវ​ហេតុផល​ ៧​យ៉ាង​ដែល​អ្នក​គាំទ្រ​ផ្ដល់​នូវក្ដី​ស្រឡាញ់​ចំពោះ​សមាជិក​ EXO រូប​នេះ​គ្មាន​ថ្ងៃប្រែ៖

១. ទឹកចិត្ត​ល្អរបស់ Chen

ជា​ហេតុផល​ធំ​សំខាន់​ជាង​គេ​ ដែល​នាំឲ្យ​មនុស្ស​មិនតិចទេ ស្រឡាញ់​ Chen។ សមាជិក​រួម​ក្រុម​ថែម​ទាំង​ធ្លាប់​បោះឆ្នោត​ឲ្យ​ Chen ថា​ជា​សមាជិក​ចិត្តល្អ​ជាងគេប្រចាំក្រុមទៀត។ កាយវិការ​ចេះ​ចែក​រំលែក​ របស់​លោក​តែង​បង្ហាញ​ចេញ​ឯងៗ មិន​ថា​នៅ​មុខ​កាមេរ៉ា ឬ​ជីវិត​ពិត​ទេ។ លើស​ពី​នេះ​ Chen ក៏​តែង​បង្ហាញ​មុខ​ជា​ញឹកញាប់​ក្នុង​សកម្មភាព​មនុស្ស​ធម៌​នៅពេល​ណា​ដែល​លោក​ទំនេរ​ពី​ការងារ។

២. ជា​មនុស្សលេង​ច្រើន

ក្នុង​ក្រុម​ មាន​មនុស្ស​៣នាក់​ដែល​ពូកែ​លេង​ និង​ឡូឡាជាងគេគឺ Baekhyun Chanyeol និង​ Chen នេះឯង។ បើ​នៅ​ទីណា​ខ្វះ​ពួកគេ​ទាំង​ ៣​នោះ​បរិយាកាស​អាច​នឹង​ស្ងាត់ ប៉ុន្តែ​បើ​អ្នក​ទាំង​ ៣​ជុំគ្នា នោះ​ភាព​សប្បាយ​រីករាយ​នឹង​ផ្ទុះ​ឡើង​ជាក់ជា​មិនខាន។ អ្វី​ដែល​សំខាន់​ បើ​គិត​ពី​អ្នក​ពូកែ​សើច​ឮ ក៏​គ្មាន​អ្នកណា​ក្រៅពី Chen ជាពិសេស​លោក​ក៏ពូកែច្រឡោត​បែប​កំប្លែង​ដែរ នាំឲ្យ​សមាជិក​រួម​ក្រុម​សើច​តាម​រហូត។

៣. សមត្ថភាពតែង​ចម្រៀង

មិន​ត្រឹម​តែ​ពូកែ​ស្រែក​ច្រៀង​ និង​រាំ​ទេ Kim Jong Dae ក៏​មាន​ទេពកោសល្យ​ខាង​សរសេរបទ​ចម្រៀង​ដែរ។ ឧទាហរណ៍ត្រួសៗបទ​ "Touch It”, “Light Out” និង​ "She's Dreaming” របស់​ EXO គឺ​សុទ្ធ​តែ​ជា​ស្នាដៃ​សរសេរ​របស់​ Chen។

៤. ចូល​ចិត្ត​ការពារ​អ្នក​នៅ​ជិត​ខ្លួន

Chen អាច​ជា​អ្នក​ដែល​ចូល​ចិត្ត​លេង​ច្រើន​ ប៉ុន្តែ​តាមពិត​ទៅ​បុរស​ម្នាក់​នេះ​ចូល​ចិត្ត​យក​ចិត្តទុកដាក់​គេ​ឯង​ណាស់។ បើ​សិន​ជា​អ្នក​ជា​អ្នក​គាំទ្រ​ EXO តាំង​ពី​ដើម ឬ​ធ្លាប់​ទស្សនា​កម្មវិធី​ EXO Showtime នោះ​អ្នក​នឹង​បាន​ឃើញ​ភាគ​១​ ដែល​ Chen និង​ D.O ស្ម័គ្រ​ចិត្ត​ចេញទៅ​​ក្រៅ​ផ្ទះ​អត់ទ្រាំនឹង​អាកាសធាតុ​ត្រជាក់​និយាយចេញ​ផ្សែង​ ដើម្បី​អាំង​សាច់​ឲ្យ​សមាជិក​រួម​ក្រុម​ដទៃទៀត​ញ៉ាំ។ មួយ​ទៀត​ លោក​ក៏​តែង​យក​ចិត្តទុកដាក់​ ថែម​ទាំង​ពូកែគោរពចំពោះ​ក្រុមការងារ​ថត​គ្រប់ពេល។

៥. ទង្វើ​ដែល​ Chen ថែអ្នក​គាំទ្រ

គ្រប់ពេល​ដែល​មាន​ការជួបជុំ​ជាមួយ​អ្នកគាំទ្រ​ Kim Jong Dae តែង​មើល​ភ្នែក​អ្នកគាំទ្រ​របស់​ខ្លួនចំៗ ជាមួយ​ស្នាមញញឹម​ និង​និយាយ​ជាមួយ​យ៉ាង​ជិតស្និទ្ធ ព្រោះ​លោក​ដឹង​ច្បាស់​ថា​តើ​ពេល​បែប​នេះ​សំខាន់​បែប​ណា​សម្រាប់​ Fan។

៦. ស្នាមញញឹម​គួរ​ឲ្យ​ស្រឡាញ់

ថ្វី​ត្បិត​កម្រ​ត្រូវ​បាន​ជ្រើស​ថា​ជា​សមាជិក​សង្ហា​ដាច់​គេ​ក្នុង​ក្រុម ប៉ុន្តែ​ Chen មាន​ស្នាមញញឹម​ Cute តាមរយៈបបូរមាត់​របស់​លោក ជាស្នាមញញឹម​បង្កប់​ភាព​ផ្អែមល្ហែម​ និង​ភាពស្មោះត្រង់។

៧. កំលាំង​សំឡេង​ដ៏​ខ្លាំង​

សមាជិក​កើត​ឆ្នាំ ១៩៩២​រូបនេះ​ ត្រូវ​បាន​គេ​លើក​ថា​ជា​ តារា​ចម្រៀង​លំដាប់​កំពូល​ម្នាក់​ប្រចាំ​ពិភព K-Pop ដោយសារ​សំលេង​ដ៏​មាន​ទឹក​ដម និង​កំលាំង​ខ្លាំង​ក្លារបស់​លោក។ មិនថា​ High Note និង​ Low Note តារា​ប្រុស​ម្នាក់​នេះ​ទៅរួច​ទាំងអស់ដោយ​គ្មាន​ពាក្យ​ថា​ពិបាក​ឡើយ។

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម