• 2018-04-23 05:07:59
  • ស្ទីលតារា

ពេជ្រ អាវីហ្សា គាស់កកាយ​រូប​ចាស់ៗ កាល​ខ្លួន​ជា ​Fan ផ្កាប់​មុខ​ជា​មួយ​រៀម​ច្បង​សិល្បៈ

  • 2018-04-23 05:07:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​ជា​មួយ​រៀម​ច្បង​សិល្បៈ​​ជា​ច្រើន​សន្លឹក​ត្រូវ​បាន​តារា​ស្រី​ល្បី​ខាង​សំញែង​ដើម​ទ្រូង​ផ្ញើ​មក​កាន់​ Sabay ដោយ​នាង​​បាន​រៀបរាប់​ឲ្យ​ដឹង​ថា កាល​ណោះ​នាង​គឺ​ជា​ Fans ផ្កាប់​មុខ​មួយ​​​ដើរ​យាម​ Idol របស់​ខ្លួន​ដាច់​បាយ​ដាច់​ទឹក ញឹក​ញយ​ខ្លាំង​ណាស់។

ដោយ​មាន​ផ្ទះ​នៅ​ជិត​ស្ថានីយ​ប៉ុស្តិ៍​លេខ​៣ចាស់ ហើយ​មាន​បង​ធម៌​ជា​អ្នក​សិល្បៈ​ផង​នោះ គឺ​អ្នក​នាង គឹម លក្ខិណា កញ្ញា ពេជ្រ អាវីហ្សា តែងតែ​​ទៅ​ទស្សនា​ការ​ប្រគំតន្ត្រី​ជា​ញឹក​ញយ មិន​សូវ​អាក់​ខាន រាល់​​ពេល​មាន​ការ​ប្រគំតន្ត្រី​ម្ដងៗ។

អាវីហ្សា ប្រាប់​ថា កាល​ណោះ​ខ្លួន​មាន​វ័យ​ប្រហែល​ជា​១០ឆ្នាំ​ស្ដើង​ ហើយ​នាង​មិន​មាន​ឈាមជ័រ​ជា​អ្នក​សិល្បៈ​នោះ​ទេ ប៉ុន្តែ​​ខ្លួន​​មាន​និស្ស័យ​ជា​មួយ​នឹង​សិល្បៈ​តាំង​តែ​​ពី​ដឹង​ក្តីមក​ម្ល៉េះ។ ពេល​មាន​ការ​ប្រគំ​តន្ត្រី​ស្ថានីយ​ប៉ុស្តិ៍​លេខ​៣​ម្ដង នាង​តែងតែ​ទៅ​ទស្សនា ហើយ​សុំ​ថត​ជា​មួយ​រៀម​ច្បង​សិល្បៈមិន​សូវ​រំលង​​​ឡើង ហើយ​រូប​ថត​ទាំង​នោះ ខ្លួន​​បាន​ផ្ដិត​​រក្សា​ទុក​ជា​អនុស្សាវរីយ​ជា​ច្រើន។ ជាង​នោះ​ទៅ​ទៀត អាវីហ្សា ប្រាប់​ថា មាន​ពេល​ខ្លះ​ខ្លួន​បាន​គេច​ពី​សាលា​រៀន មក​ទស្សនា​ការ​ប្រគំតន្ត្រី ហើយ​ថែម​ទាំង​ខំ​សន្សំ​ប្រាក់​​ដែល​ម្ដាយ​ឲ្យ​ទៅ​រៀន មិន​ហ៊ានទិញ​នំ​ញាំទេ គឺ​យក​ទៅ​ទិញ​របស់នៅផ្សារ​ដើម្បី​ជូន Idol របស់​ខ្លួន។ ខាង​ក្រោម​នេះ គឺ​ជា​រូប​ភាព​ដែល ពេជ្រ អាវីហ្សា បាន​​ថត​ជា​មួយ​​ហើយ សន្សំ​រូប​ទាំង​នោះ​ទុក មាន​ដូច​ជា កញ្ញា ពៅ បញ្ញា​ពេជ្រ អ្នក​នាង សឿ សុធារ៉ា លោក ហេង ប៊ុនលី អ្នក​នាង សួន ចន្ថា អ្នក​នាង សៀង ស្រីណុច ​និង លោក ទេព រិនដារ៉ូ ជា​ដើម។

តារា​សម្ដែង​ស្រី​ដែល​ធ្លាប់​រង​អំពើ​ហិង្សា​ពី​សំណាក់​សង្សារ​របស់​ខ្លួន​​រូប​នេះ​​បាន​លើក​ឡើង​ថា ការ​ពិត​នាង​បាន​ថត​ជា​មួយ​តារា​ជា​ច្រើន​ទៀត​ ប៉ុន្តែរូប​ទាំង​នោះ​បាន​បាត់​បង់​ខ្លះ ត្បិត​អី​នាង​ឧស្សាហ៍​រើ​ផ្ទះ​ញឹក​ញាប់​ពេក។ នាង​​ថា រូប​ចាស់​ទាំង​​អស់​ខាង​លើ គឺ​មាន​តម្លៃ​សម្រាប់​ខាង​ខ្លាំង​ណាស់ ហើយ​នាង​នឹង​បន្ត​រក្សា​វា​ទុក​មិន​ឲ្យ​បាត់​បង់​ឡើយ ព្រោះ​វាជា​អនុស្សាវរីយ៍ មិន​អាច​បំភ្លេច​បាន​ឡើយ៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់
អត្ថបទពេញនិយម