• 2018-08-24 02:50:00
  • ព័ត៌មាន

​ក្រោយ​ក្រសួង​ត្រៀម​ហៅ​ទៅ​ណែនាំ អ្នកសិល្បៈពាក់ព័ន្ធ ចេញ​សារ​ប្រតិកម្ម

  • 2018-08-24 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​ក្រសួង​វប្ប​ធម៍​និង​ វិចិត្រ​សិល្បៈ​​បាន​កំណត់​ឈ្មោះ​តារា​ដែល​ត្រូវ​ចូល​ខ្លួន​មក​ធ្វើ​ការ​ណែ​នាំ លោក អែន ឌី អ្នក​នាង ស្រី​ម៉ុច និង​កញ្ញា ពេជ្រ អា​វី​ហ្សា ​បាន​បង្ហោះ​សារ​ប្រតិកម្ម​នឹង​ចំណាត់​ការ​របស់​ក្រសួង​។

​​ក្នុង​នោះ​ លោក​ អែន​ឌី បាន​​បញ្ចេញ​មតិ​ថា ការងារ​សិល្បៈ​របស់​លោក​មួយ​រយៈ នេះ​មិន​ដែល​មាន​ភាព​សិច​ស៊ី​ទេ ហើយ​ MV ពីរ​បទ​ថ្មី​ចុង​ក្រោយ​របស់​លោក​ ក៏​មិន​បញ្ចូល​កាយ​វិការ​សិច​ស៊ី​ដូច​មុន​ដែរ។ ប៉ុន្តែ​ហេតុ​​អ្វី លោក​នៅ​តែ​ខុស​ទៀត?

​ចំណែក អ្នក​នាង​ ស្រី​ម៉ុច​ វិញ ​ក៏​បាន​បញ្ចេញ​សារ​ទាក់​ទង​នឹង​ចំណាត់​ការ​មួយ​នេះ​​ដែរ។ ​អ្នក​ម្ដាយ​កូន​បី​រូប​នេះ ចង់​ឲ្យ​គ្រប់​គ្នា​ងាក​មក​គិត​រឿង​ការពារ​សិទ្ធ​សេរី​ភាព​ប្រជាពលរដ្ឋ​ដែល​ងាយ​នឹង​​​រងគ្រោះ ទប់​ស្កាត់​ការ​ជួញ​ដូរ​គ្រឿង​ញៀន ការ​ជួញ​ដូរ​មនុស្ស និង​ជួយ​ការពារ​ទ្រព្យ​សម្បត្តិ​ជាតិ​ខ្មែរ ប្រសើរ​ជាង។ ចំពោះ​អ្នក​នាង ​បញ្ជាក់​ថា មាន​ភាព​សិច​ស៊ី​តាំង​ពី​មិន​ទាន់​ក្លាយ​ជា​តារា​មក​ម្ល៉េះ រហូត​មក​ដល់​ពេល​នេះ ក៏​នៅ​តែ​ស្រលាញ់​ភាព​សិច​ស៊ី​ដែរ។ អ្នក​នាង​បាន​បន្ថែម​ថា ៖ " ដូច​ខ្ញុំ​បាន​ជំរាប នៅ​ក្នុង account របស់​ខ្ញុំ​ចឹង នៅ​មាន​តារា​ជើង​ចាស់ ហើយ​នឹង តារា​ចាស់​ជរា​ជា​ច្រើន​ត្រូវ​ការ​ជំនួយ​សុំ​យក​ពេល​ទៅ​ជួយ​ពួក​គាត់​ផង សុំ​កុំ​ប្រើ​ពាក្យ​ថា​គាត់​ជា​អតីត​តារា អោយ​សោះ ។ ដឹង​ទេ​ថា​អំពើ​ដែល​អ្នក​ធ្វើ​មក​លើ​ខ្ញុំ​ទាំង​ទទឹង​ទិស វា​មាន​ផល​ប៉ះ​ពាល់​អ្វី​ខ្លះ បើ​សិន​ប៉ះ​អ្នក​ខ្លះ​ដែល​គ្នា​មាន ទឹក​ចិត្ត​ទុន​ខ្សោយ​ខាង​ស្មារតី តើ​នឹង​មាន​រឿង​អី​កើត​ឡើង ? អ្នក​បាន​យក​ជីវិត​ខ្ញុំ​ទៅ​ជជែក​វែក​ញែក​អោយ​អ្នក​មិន​យល់​មក​ជេរ​បញ្ចោរ​ខ្ញុំ ដល់​ម៉ែ​ឪ​បង​ប្អូន​ខ្ញុំ ដៀល​ខ្ញុំ​សុទ្ធ​តែ​លក់​ខ្លួន ជេរ​ដល់​កូន​របស់​ខ្ញុំ ដោយ​ខ្ញុំ​មិន​បាន​ទៅ​ធ្វើ​អ្វី​ខុស​នឹង​ច្បាប់​សោះ ។ ខ្ញុំ​ចូល​ចិត្ត​សិច​ស៊ី​អ្នក​ដែល​មិន​ពេញ​ចិត្ត​កុំ​មើល​ទៅ​បាន​ហើយ ខ្ញុំ​នៅ​ផ្ទះ​ខ្ញុំ ខ្ញុំ​ពាក់​ក្នុង​កម្មវិធី​របស់​ខ្ញុំ ខ្ញុំ post ក្នុង Facebook របស់​ខ្ញុំ ហាហា ចង់​សើច​ខ្ញុំ​ខុស​ដែរ ? Ok ខ្ញុំ​មិន​អាច​ហាម​អ្នក​ណា​ម្នាក់​មិន​អោយ​បញ្ចេញ មតិ​យោបល់​នៅ​អ្វី​ដែល​គេ​មិន​ពេញ​ចិត្ត​នោះ​ទេ តែ​សុំ​ម៉្យាង​កុំ​ប្រើ​ពាក្យ​ថា​ខ្ញុំ​ជា​តារា។ សុំ​ជំរាប​ជា​លើក​ចុងក្រោយ ស្រី​ម៉ុច​នៅ​តែ​ជា​ស្រី​ម៉ុច មិន​ថា​ស្លាប់​ទៅ​ជា​ខ្មោច​ក៍​នៅ​តែ​សិច​ស៊ី ។ 2018 ហើយ ណា​ចា"។​​​

​រី​ឯ កញ្ញា រតនៈ ពិសី វិញ ក៏​បាន​បញ្ចេញ​ប្រតិកម្ម​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន ទាក់​ទង​នឹង​វិធានការ​របស់​ក្រសួង​ដែរ។ ​ចំពោះ​កញ្ញា ពេជ្រ អា​វី​ហ្សា​ វិញ មិន​បាន​បញ្ចេញ​សារ​វែង​អន្លាយ​អ្វី​នោះ​ទេ គ្រាន់​តែ​បង្ហាញ​ពី​អារម្មណ៍​ហួស​ចិត្ត​នឹង​វិធាន​ការ​របស់​ក្រសួង​ ​មក​លើ​ខ្លួន​ប៉ុណ្ណោះ។

​គួរ​បញ្ជាក់​ថា ឯកឧត្ដម​ ចំរើន វ៉ាន់​ថា ទី​ប្រឹក្សា​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ បាន​ប្រាប់​ថា លោក អែន ឌី កញ្ញា ពេជ្រ អាវីហ្សា កញ្ញា រតនៈ ពិសី និង អ្នក​នាង​ស្រី​ម៉ុច ត្រូវ​ជាប់​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រសួង ពី​បញ្ហា​រឿង​សិច​ស៊ី​ជ្រុល​ក្នុង​ពិភព​សិល្បៈ ដោយ​ក្រសួង​គ្រោង​នឹង​កោះ​ហៅ​មក​ណែ​នាំ​នៅ​សប្ដាហ៍​ក្រោយ​៕​

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម