• 2018-09-27 02:45:00
  • ចម្រៀង

​​​តារា​ស្រីវ័យ​ក្មេង​៣រូប ​យក​លុយ​ធ្វើ​​បទចម្រៀង ទាក់​ចិត្ត​អ្នក​ស្ដាប់​រហូតល្បីល្បាញ​

  • 2018-09-27 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លុយ ត្រូវ​បាន​តារា​ចម្រៀង​ជើង​ចាស់ និង​សម័យ​ថ្មី ​​ច្រើន​រូប យ​ក​មក​ធ្វើ​អត្ថន័យ​ចម្រៀង ​និង​​ដាក់​ចំណង​ជើង​ប្លែក​ៗ​គ្នា​ គួរ​ឲ្យ​ចាប់​អារម្មណ៍​។ ​ក្នុង​នោះ​មាន​ដូច​ជា ៖

​អ្នក​នាង ប៉ែន រ៉ន

បទ​ចម្រៀង "​លុយ​ទិញ​ស្នេហា" ជា​សំនៀង​របស់​ អ្នក​នាង ប៉ែន រ៉ន ​ដែល​មិន​ត្រឹម​ល្បី​ល្បាញ​នៅ​ទសវត្ស​៦០ ប៉ុណ្ណោះ​ទេ ​តែ​ថែម​ទាំង​ពេញ​និយម មក​ដល់​បច្ចុប្បន្ន​ថែម​ទៀត។ ​​

លោក ស៊ីន ស៊ី​សាមុត និង​ អ្នក​នាង រស់ សេរី​សុទ្ធា

​“​គ្មាន​លុយ​មួយ​រៀល​" ជា​សំនៀង​រួម​គ្នា​ រវាង​អធិរាជ​សម្លេង​មាស លោក ស៊ីន ស៊ី​សា​មុត ​និង​ អ្នក​នាង រស់ សេរី​សុទ្ធា ។ បទ​នេះ​ច្រៀង​រៀប​រាប់​ពី​ ខាង​ប្រុស​ត្អូញ​ត្អែរ​ ព្រោះ​គ្មាន​ប្រាក់​សូម្បី​មួយ​រៀល ​ដើម្បី​ចូល​ស្ដី​ដណ្ដឹង​ខាង​ស្រី​ ប៉ុន្តែ​លោក​មាន​តែ​ចិត្ត​ស្មោះ។ ក្រៅ​ពី​នោះ​ មួយ​បទ​ទៀត​ ចំណង​ជើង​ថា "​មាន​លុយ​មាន​ស្នេហា" ច្រៀង​ដោយ​​ លោក ស៊ិន ស៊ី​សាមុត ​ក៏​បាន​យក​លុយ​មក​បក​ស្រាយ​ជា​អត្ថន័យ​ចម្រៀង​ ផង​ដែរ។

កញ្ញា រ៉ា​ប៊ី

​គ្រាន់​តែ​បទ​ចម្រៀង "​លុយ​" របស់​រ៉ា​ប៊ី​ចេញ​ភ្លាម ​តារា​រូប​នេះ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​លើ​ក្បាច់​រាំ ច្រើន​ជាង​អត្ថន័យ​បទ​ចម្រៀង។ ក្បាច់​រាំ​ក្នុង​បទ​នេះ ធ្វើ​ឲ្យ​ផ្ទុះ​ព័ត៌មាន​ថា ​តា​ៗ​ស្ទើរ​គាំង​បេះ​ដូង ។ តែ​​តារា​ចម្រៀង​នៅ​ថោន ប្រាប់​ថា  មិន​មាន​ចំណុច​ណា​មួយ​​​ធ្វើ​ឲ្យ​តា​ៗ​ទប់​អារម្មណ៍​មិន​បាន​ ដល់​ថ្នាក់​គាំង​បេះ​ដូង​​​ឡើយ​ ព្រោះ​សម្លៀក​បំពាក់​​ ដែល​រ៉ាប៊ីស្លៀក​ក្នុង​ពេល​ចាក់ក្បាច់​​មិន​ខើច​សិច​ស៊ី​ជ្រុល​ហួស​ហេតុ​​ពេក​ដល់​ថ្នាក់​ទទួល​យក​មិន​បាន​នោះ​ទេ។ ​

កញ្ញា Baby

“​អំណាច​លុយ"​ ជា​បទ ​Original Song ដែល​ស្រី​ស្អាត​រូប​នេះ យក​មក​ច្រៀង​ ដោយ​មាន​ទាំង​រ៉េប​ថែម​ទៀត​ផង។ អាច​ថា​នេះ​ជា​ស្ទីល​ច្រៀង​ថ្មី​មួយ​របស់​តារា​ស្រី​រូប​នេះ ​ព្រោះ​កន្លង​មក ​ Baby ​មិន​ដែល​ច្រៀង​បទ​មាន​ចង្វាក់​បែប​នេះ​ទេ។​

​កញ្ញា តី

​"វាយ​ម៉ា​លុយ​"​​ របស់​កញ្ញា តី ធ្វើ​ឲ្យ​តារា​ធ្លាប់​តែ​បង្ហាញ​ខ្លួន​លើ​ឆាក​ជា​អ្នក​រាំ ​មក​ក្លាយ​ជា​តារា​ចម្រៀង​ល្បី សម្រាប់​យុវវ័យ។ ​បទ​ចម្រៀង​នេះ ​ដំបូង​ឡើយ កញ្ញា តី គ្រាន់​លើក​មក​ច្រៀង​លេង ក្នុង​ន័យ​ឌឺ​ដង ជាមួយ​មិត្តភ័ក្ដិ​ប៉ុណ្ណោះ ។ ​តែ​មិន​នឹក​ស្មាន​មាន​ការ​គាំ​ទ្រ​ច្រើន​ពី​ប្រិយមិត្ត​អ្នក​ស្ដាប់​យ៉ាង​ខ្លាំង រហូត តី ​ថត​បទ​នេះ​ចេញ​ជា Full MV ​តម្រូវ​ចិត្ត​ប្រិយ​មិត្ត​បន្ថែម​ទៀត។

​​

អ្នក​នាង ទូច ស្រី​ល័ក្ខ

Original Song ​ បទ​ "​សុភមង្គល​មិន​មែន​ស្ថិត​លើ​លុយ​មួយ​មុខ​" ​របស់​អ្នក​ម្ដាយ​កូន​១ ​រូប​នេះ ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ មួយ​បទ​នេះ អ្នក​នាង​ធ្លាប់​ឲ្យ​ដឹង​ថា ​មាន​ការ​សម្រិតសម្រាំង​ខ្លាំង ហើយ​អត្ថន័យ​បទ​ចម្រៀង​វិញ ក៏​ចង់​ដាស់​តឿន​ អ្នក​មាន​គ្រួសារ​រួច​ឲ្យ​ដឹង​ថា ​មាន​លុយ​ មិន​ប្រាកដ​ថា ពិត​ជា​​សុភមង្គល​នោះ​ទេ៕

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម