• 2018-10-03 03:36:24
  • ចម្រៀង

គេបង្អាប់រឿងញ៉ាំគីមឈី ខ្លាំង​ពេក គុយលី និពន្ធ​បទ​​​ឡើង មិន​ទាន់​ចេញ​ MV ផង មានអ្នកគាំទ្របាត់ទៅហើយ

  • 2018-10-03 03:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ពលករ​ខ្មែរ​ដែល​មាន​ប្រវត្តិ​ជា​កម្មករ​ចិញ្ចឹម​បង្គា​នៅ​ប្រទេស​ថៃ លោក គុយលី ​ថ្មីៗ​នេះ​បាន​និពន្ធ​បទ​ចម្រៀង​​ថ្មី​១​បទ​​​ទៀត​ហើយ​ មាន​ចំណង​ជើង​ថា "គីមឈី"។ មុន​ឈាន​ដល់​ការ​និពន្ធ​បទ​ចម្រៀង​នេះ​ឡើង ម្ចាស់​បទ​ចម្រៀង​រូប​នេះ​​ប្រាប់​ថា ក៏​ព្រោះ​តែ​ខ្លួន​ត្រូវ​បាន​តារា​ចម្រៀង​ផ្សេង​ទៀត​បង្អាប់​រឿង ញ៉ាំ​គីមឈី កាល​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​លើក​ទី១ រាក​ញឹក​ញាប់ ហើយ​គិត​ថា ខ្លួន​អាច​​​នឹង​មាន​​ឱកាស​មក​ច្រៀង​នៅ​ទី​នោះ​ម្ដង​ទៀត ក៏​និពន្ធ​បទ​ចម្រៀង​និយាយ​ពី​​ម្ហូប​អាហារ​ប្រចាំ​ប្រទេស​កូរ៉េ​នេះ​ឡើង ទុក​ជា​អនុស្សាវរីយ​តែ​ម្ដង។ បទ​ចម្រៀង​មួយ​បទ​នេះ គ្រោង​នឹង​ផលិត​ជា​ MV ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់​សម្គាល់ មិន​ទាន់​ទាំង​ចេញ​ផ្លូវ​ការ​ផង ឃើញ​ថាមាន​អ្នក​គាំទ្រ​ជា​ច្រើន​ទៅ​ហើយ។

គុយលី សម្តែងនៅប្រទេសកូរ៉េ​

តារា​ចម្រៀង​វ័យ​២៨ឆ្នាំ​រូប​នេះ​បាន​​បញ្ជាក់​​បន្ថែម​ថា កាល​លោក​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​​​១ឆ្នាំ​មុន​ជា​មួយ​តារា​ចម្រៀង ខេមរៈ សិរីមន្ត ខេម មាស សុខសោភា យូរី លោក ប៉ែន ចំរ៉ុង​ ជា​ដើម តារា​​ចម្រៀង​ទាំង​អស់​នោះ បាន​បង្អាប់​លោក​ខ្លាំង​ណាស់​នៅ​លើ​ឆាក​តែ​ម្ដង រឿង​​ពិសា​គីមឺឈី​ទៅ ឧស្សាហ៍​រាក ក៏​ព្រោះ​តែ​​ក្រពះ​លោក​មិន​ធ្លាប់​សាក​អាហារ​ទាំង​នោះ។ ការ​បង្អាប់​​នេះ​ក៏​ធ្វើ​ឲ្យ​គិត​ក្នុង​ចិត្ត​ថា បទ​ចម្រៀង​របស់​ខ្មែរ​​និយាយ​ពី​ប្រទេស​កូរ៉េ ជា​ពិសេស​ទាក់​ទង​នឹង​ហូប​អាហារ​ប្រចាំ​ប្រទេស​កូរ៉េ​នេះ មិន​សូវ​ជា​មាន​ច្រើន ក៏​សរសេរ​បទ​ចម្រៀង​ឡើង​តែ​ម្ដង ក្រែងលោ​មាន​អ្នក​គាំ​ទ្រ។

គុយលី និងលោក ប៉ែន ចំរ៉ុង

ទាំង​ទំនុក​ច្រៀង និង​មេឡូឌី ត្រូវ​បាន លោក គុយលី ជា​អ្នក​សរសេរ​ឡើង​ទាំង​អស់។ ថ្មីៗ​នេះ តារា​ចម្រៀង​រូប​នេះ​​មាន​ឱកាស​បាន​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​ជា​លើក​ទី​២​ម្ដង​ទៀត​ជា​មួយ​តារា​ចម្រៀង​ល្បីៗ​ជា​ច្រើន​ទៀត ហើយ​ក៏​យក​បទ​ចម្រៀង​១បទ​នោះ​ទៅ​ច្រៀង​ចែក​បង​ប្អូន​ខ្មែរ​នៅ​ទី​នោះ​​រាំ​លេង​និង​ស្ដាប់​កម្សាន្ត។ តាម​ការ​វាយ​តម្លៃ​ពី​​សាមី​ខ្លួន​បទ​ "គីមឈី " លោក​ថា មាន​ការ​គាំទ្រ​ច្រើន ដូច​នេះ​គុយលី​ ថា ត្រូវ​តែ​​ផលិត​ជា ​MV ក្នុង​​ពេល​ឆាប់ៗ​នេះ ​​ដែល​អាច​ធ្វើ​រួច​មុន​ភ្ជុំ​ ឬ​ក្រោយ​ភ្ជុំ​បិណ្ឌ​នេះ​តែ​ម្ដង។

តាម​ការ​លើក​ឡើង​របស់បុរសសម្បុរស្រអែម ​មាន​កំណើត​មក​ពី​ស្រុកបាកាន ​ខេត្តពោធិ៍សាត់ រូប​នេះ​លោក ​មាន​បទ​ចម្រៀង​ផ្ទាល់​ខ្លួន​ចំនួន​៥បទ​មក​ហើយ ក្នុង​នោះ​មាន​ ទី១"ខ្លាច​មិន​ច្បាស់" ទី២"នឹក​មនុស្ស​ម្នាក់​មិន​អាច​ស្រលាញ់" ទី៣"ស្រី​ប្ដី​ឯង​​សោះ" ទី៤"គេ​មាន​សំណាង" និង​ទី៥"គីមឈី"។ បទ"ខ្លាច​មិន​ច្បាស់"​និង​បទ"ស្រី​ប្ដី​ឯង​​សោះ" មាន​អ្នក​គាំទ្រ​ខ្លាំង​ជាង​​គេ។

ជុំ​វិញ​លើ​ការ​ចំណាយ​ផលិត​បទ​ចម្រៀង​១បទ​នេះ​ឡើង គុយលី​ ថា ស្ថិត​ក្រោយ​ការ​ឧបត្ថម្ភ​​ពី​មេ របស់​ខ្លួន​គឺ ឧកញ៉ា​វ័យ​ក្មេង ឡេង ណាវ៉ាត្រា ត្បិតអី​​ដូច​បាន​ដឹង​ស្រាប់​បច្ចុប្បន្ន​លោក​ត្រូវ​បាន​ឧកញ៉ា​កំពុង​តែ​មាន​ប្រជាប្រិយ​រូប​នេះ​យក​មក​ធ្វើ​ជា​បងប្អូន​ធម៌ ហើយ​ធ្វើ​ការ​ស្នាក់​នៅ​ជា​មួយ​គ្នា​រាល់​ថ្ងៃ៕

ទស្សនាវីដេអូ គុយលី ច្រៀងបទ "គីមឈី" នៅប្រទេសកូរ៉េ

​​​

អត្ថបទៈ ស៊ុនហួត

មតិយោបល់
អត្ថបទថ្មី