• 2018-10-03 09:10:00
  • ព័ត៌មាន

ក្រុម​ចម្រៀង​ហ៊ីប​ហប​​អន្តរជាតិ​មួយ​ក្រុម​ ចង់​ឲ្យ​វិស័យ​តន្ត្រី​កម្ពុជា​លេច​មុខ​លើ​ពិភពលោក

  • 2018-10-03 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វ​ថ្ងៃ​នេះ​វិស័យ​ចម្រៀង​នៅ​កម្ពុជា​កាន់​តែ​មាន​មាន​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​ក្នុង​នោះ​តារា​ចម្រៀង​និង​ក្រុម​ចម្រៀង​ថ្មីៗ​ចេះ​តែ​កើន​ចំនួន​នឹក​ស្មាន​មិន​ដល់ ក្នុង​នោះ​ក៏​មាន​ក្រុម​ចម្រៀង​អន្តរជាតិ​ផ្សេងៗ​ផង​ដែរ​ ដែល​បាន​បង្កើត​ឡើង​នៅ​​ប្រទេស​កម្ពុជា​។ "Hypnotic Fist Technique” ជា​ក្រុម​ចង្វាក់​ហ៊ីប​ហប​បង្កើត​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​ឆ្នាំ ២០១៦ រហូត​មក​ដល់​ពេល​នេះ​ ពួក​គេ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​គួរ​ឲ្យ​កត់​សម្គាល់​ពី​បណ្ដា​ជនជាតិ​បរទេស​រស់​នៅ​ទីក្រុង​ភ្នំពេញ​ ក៏​ដូច​ជា​បណ្ដា​អ្នក​ស្រលាញ់​វិស័យ​រ៉េប​ហ៊ីប​ហប។

ក្រុម Hypnotic Fist Technique ពេល​បង្កើត​ដំបូង​ឆ្នាំ ២០១៦
ក្រុម Hypnotic Fist Technique បច្ចុប្បន្ន

​គិត​មក​ត្រឹម​ពេល​នេះ HFT បាន​បញ្ចេញ​អាល់ប៊ុម​ដំបូង​ចំណង​ជើង​ថា "Golden Age the Sequel” កាល​ពី​ខែ​ឧសភា​ ដែល​អ្នក​អាច​ស្ដាប់​បាន​នៅ​លើ​កម្មវិធី Smart Music ព្រម​ទាំង​សស្រាក់​សស្រាំ​ក្នុង​ការ​ផលិត​ចម្រៀង​ផ្សេងៗ​សម្រាប់​អាល់ប៊ុម​ទី​២។ ក្នុង​ការ​សាក​សួរ​ពាក់​ព័ន្ធ​នឹង​គម្រោង​ សហការ​ជាមួយ​តារា​ក្នុង​ស្រុក សមាជិក​ក្រុម​នេះ​បញ្ជាក់​ថា​ពួក​គេ​នឹង​ចាប់​ផ្ដើម​គិត​គូរ​ពី​បញ្ហា​នេះ​នៅ​អាល់ប៊ុម​ទី​២​ឬ​ទី៣​ ដោយ​​អាល់ប៊ុម​ដំបូង​ពួក​គេ​ចង់​ឲ្យ​ អ្នក​ស្រលាញ់​វិស័យ​តន្ត្រី​ស្គាល់ HFT ឲ្យ​កាន់​តែ​ច្បាស់​ជា​មុន​សិន។

ដូច្នេះ​បន្ទាប់​ពី​តារា​ក្នុង​ស្រុក​បាន​ស្គាល់​ពី​ក្រុម​ចម្រៀង​នេះ​ច្បាស់​ ទើប​គម្រោង​សហការ​ផ្សេងៗ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ ពោល​គឺ​ច្របាច់​បញ្ចូល​តន្ត្រី​បែប​ខ្មែរ ជាមួយ​នឹង​តន្ត្រី​បែប​ហ៊ីប​ហប​។ អ្វី​ដែល​សំខាន់​បំផុត​នោះ​គឺ HFT ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផលិត​ចម្រៀង​ស្តង់ដារ​ពិភពលោក ដើម្បី​ឲ្យ​គេ​ដឹង​ថា ប្រទេស​កម្ពុជា​ក៏​មាន​អ្នក​អាច​ផលិត​ចម្រៀង​លំដាប់​ពិភពលោក​ដូច​គ្នា។

​ឆ្លើយ​តប​ចំពោះ​ការ​សាក​សួរ​បញ្ហា​តន្ត្រី​ក្នុង​ស្រុក​ G តំណាង​ក្រុម​ HFT បាន​និយាយ​ថា​ពួក​គេ​ក៏​បាន​បង្កើត​កម្មវិធី​បង្ហាត់​បង្រៀន​ខ្លះៗ​ ពាក់​ព័ន្ធ​នឹង​ការ​និពន្ធ​បទ​ចម្រៀង​ជា​ភាសា​ខ្មែរ។ G បញ្ជាក់​ថា បទ​ចម្រៀង​ទាំង​អស់​មិន​គួរ​ផ្ដោត​សំខាន់​ទៅ​លើ​តែ​បទ​ចម្រៀង​បែប​ស្នេហា​ខូច​ចិត្ត​មួយ​មុខ​នោះ​ទេ ចម្រៀង​គួរ​តែ​ផ្ដោត​សំខាន់​លើ​បញ្ហា​ជា​ច្រើន​ទៀត។

ក្នុង​រយៈ​ដ៏​ខ្លី​ខាង​មុខ​នេះ HFT នឹង​ចាប់​ផ្ដើម​តន្ត្រី​ទេសចរណ៍​នៅ​ប្រទេស​ផ្សេងៗ ដូច​ជា​ថៃ​និង​វៀតណាម​ ហើយ​សង្ឃឹម​ថា​ទៅ​ថ្ងៃ​អនាគត​និង​មាន​អ្នក​សិល្បៈ​ខ្មែរ​ឬ​ក្រុម​ចម្រៀង​ខ្មែរ​សហការ​ជាមួយ​ក្រុម​ចម្រៀង​នេះ ដើម្បី​ទៅ​សម្ដែង​រួម​គ្នា។

Hypnotic Fist Technique មាន​សមាជិក​៥​រូប​គឺ​ Michael A. Bridgett Jr ឬ Mike Dynamo មក​ពី​សហរដ្ឋ​អាមេរិក Guarav Rual ឬ Initial G មក​ពី​ប្រទេស​ឥណ្ឌា Ian Francisco ឬ I the Mic Factor មក​ពី​ប្រទេស​ហ្វីលីពីន​ Damani Kelly ឬ Supreme Premium D មក​ពី​ចក្រភព​អង់គ្លេស​ និង​ Todd Bazley ឬ​ Hot Toddy មក​ពី​ប្រទេស​ ញូវស៊ីលែន។

សមាជិក​ទាំង​៥​រូប​បាន​ជួប​គ្នា​នៅ​កម្ពុជា​កាល​ពី​២​ឆ្នាំ​កន្លះ​មុន​នៅ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សេងៗ​​ ហើយ​ក៏​ចាប់​ផ្ដើម បង្កើត​ជា​ក្រុម​ចម្រៀង​តែ​ម្ដង​នៅ​ឆ្នាំ​២០១៦។ បើ​យោង​ទៅ​តាម​​ G អ្នក​រ៉េប​នាំ​មុខ​ក្រុម​នេះ បាន​ឲ្យ​ដឹង​ថា HFT គឺ​ជា​ក្រុម​យក​ស្ទីល​តាម​ចម្រៀង​ហ៊ីប​ហប​ជំនាន់​ទសវត្សរ៍​ទី​៩០ ដែល​ជា​អំឡុង​ពេល​ដែល​ចម្រៀង​ហ៊ីប​ហប​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង។

បើ​ចង់​ដឹង​កាន់​តែ​ច្បាស់​ទស្សនា​វីដេអូ​សម្ភាសន៍​ខាង​ក្រោម​នេះ៖​​

អត្ថបទ៖ ធារ៉ូ

មតិយោបល់