- 2018-12-11 05:13:31
- ចម្រៀង
អ្នកដឹកនាំសម្ដែងម្នាក់ ប្រកាសធ្វើបទ Original Song ឲ្យយុវជនលក់តែគជ់កម្សត់ម្នាក់ចង់ក្លាយជាតារាចម្រៀង
- 2018-12-11 05:13:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកដឹកនាំសម្ដែងម្នាក់ ប្រកាសធ្វើបទ Original Song ឲ្យយុវជនលក់តែគជ់កម្សត់ម្នាក់ចង់ក្លាយជាតារាចម្រៀង
ចន្លោះមិនឃើញ
កន្លងមក Sabay ធ្លាប់បានចេញផ្សាយម្ដងរួចមកហើយពីយុវជនម្នាក់ឈ្មោះ ចំរ៉ុង ហ្ស៉ានុ ដែលមានមុខរបរជាអ្នកលក់តែគជ់ ហើយតស៊ូសន្សំលុយចំណេញពីមុខរបរនេះតិចតួច យកទៅជួលគេផលិតបទ Original Song ព្រោះតែការស្រលាញ់ចង់ក្លាយជាតារាចម្រៀងម្នាក់។ បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម អ្នកដឹកនាំសម្ដែងក្នុងផលិតកម្មរស្មីហង្សមាសម្នាក់បានចេញមុខប្រកាសថា ខ្លួននឹងជួយនិពន្ធព្រមទាំងផលិតជា MV នូវ Original Song ១បទជាការសាកល្បងឲ្យយុវជនរូបនេះ ហើយប្រសិនបើធ្វើទៅទទួលបានជោគជ័យ នឹងធ្វើបទចម្រៀងឲ្យជាបន្តបន្ទាប់ទៀត។
អ្នកដឹកនាំសម្ដែង និងជាអ្នកនិពន្ធផងនោះខាងលើមានឈ្មោះ ជួន សុវណ្ណវាសនា គឺជាអ្នកដឹកនាំសម្ដែងម្នាក់ដែលធ្លាប់ដឹកនាំសម្ដែងភាពយន្ត ស្ប៉តពាណិជ្ជកម្ម និង MV ឲ្យតារាចម្រៀងល្បីជាច្រើនកន្លងមក ហើយបច្ចុប្បន្នលោកគឺជាអ្នកដឹកនាំសម្ដែងឲ្យផលិតកម្មរស្មីហង្សមាស។ លោកបានថ្លែងថា មូលហេតុដែលនាំឲ្យខ្លួនសម្រេចចេញមុខនិពន្ធ និងផលិតបទចម្រៀងឲ្យយុវជន ចំរ៉ុង ហ្ស៉ានុ ក៏ព្រោះតែលោកបានមើលឃើញសារព័ត៌មានបានចុះផ្សាយពីការតស៊ូរបស់យុវជនរូបនេះ ហើយមានបេះដូងជាមួយនឹងសិល្បៈចម្រៀង គួបផ្សំមានសំឡេងល្អផងនោះ លោកគិតថា បើជួយទៅអាចមានអនាគត។
ជំនួបរបស់អ្នកទាំងពីរបានជួបជជែកគ្នា ហើយឈានដល់ការផ្ដល់បទភ្លេងព្រមទាំងអត្ថបទចម្រៀង ឲ្យ លោក ចំរ៉ុង ហ្ស៉ានុ យកទៅហាត់ច្រៀងសាកល្បងហើយកាលប៉ុន្មានថ្ងៃមុខនេះ ឆាប់ៗនេះនឹងឈានដល់វគ្គ Record សំឡេងចូល ផលិតជា MV តែម្ដង។ ចំណងជើងនៃបទចម្រៀង អ្នកដឹកនាំសម្ដែងរូបនេះ មិនទាន់បានសម្រេចដាក់ពិតប្រាកដឡើយទេ ប៉ុន្តែលោកបានប្រាប់ថា បទចម្រៀង១បទនោះជា Original Song ចង្វាក់បែបClassic Pop និយាយពីជីវិតក្មេងឈាមរាវ មិនគិតការសិក្សា មិនស្ដាប់បង្គាប់ឪពុកម្ដាយ គ្រូបង្រៀន ហើយចុងក្រោយដឹងពីកំហុសខ្លួនឯង ងាកមកកែខ្លួន។
លោក ជួន សុវណ្ណវាសនា បានលើកឡើងថា ទោះបីជាបច្ចុប្បន្នខ្លួនគឺជាអ្នកដឹកនាំសម្ដែងឲ្យផលិតកម្មរស្មីហង្សមាសក្ដី ការមកជួយផលិតបទចម្រៀងឲ្យយុវជនខាងលើ មិនប៉ះពាល់ដល់ការងារលោកឡើយ ព្រោះវាជាកិច្ចការមនុស្សធម៌ ហើយម្យ៉ាងលោកឆ្លៀតធ្វើឲ្យតែពេលទំនេរពីការងារប៉ុណ្ណោះ។ ផលិតករ និងជាអ្នកដឹកនាំសិល្បៈខាងលើ បានដាក់ក្ដីរំពឹងថា យុវជន ចំរ៉ុង ហ្ស៉ានុ នឹងធ្វើបានល្អលើ បទចម្រៀងដែលខ្លួនបានគ្រោងផលិតឲ្យនោះ ហើយប្រសិនបើទទួលបានគាំទ្រច្រើន ដូចបានលើកឡើងខាងលើ លោកនឹងបន្តផលិតបទចម្រៀងឲ្យយុវជនរូបនេះបន្តបន្ទាប់ទៀត ដើម្បីឲ្យសម្រេចបានដូចក្ដីបំណងរបស់គេ។
ចំរ៉ុង ហ្ស៉ានុ កន្លងមកធ្លាប់មានបទចម្រៀងរបស់ខ្លួន២បទមកហើយ គឺបទ«យើងបែកគ្នាហើយមែនទេ?» និងបទ «យប់ជ្រៅហើយអូន» ដោយក្នុង១បទៗយុវជនរូបនេះត្រូវចំណាយប្រាក់ជួលគេឲ្យផលិតឡើយយ៉ាងតិច២៥០ ដុល្លារ ដោយប្រាក់ទាំងនោះបានមកពីការលក់តែគជ់ ប្រចាំថ្ងៃរបស់គេនៅតូបតូចមួយម្តុំចោមចៅ ជាយក្រុងភ្នំពេញ៕