
- សៅរ៍, 2 មីនា 2019 07:47
- ព័ត៌មាន
ឡូយ! ហង្ស ឈា បានទាំង ព្រាប សុវត្ថិ បានទាំងកូនៗ ទៅលុកលុយរដ្ឋ និងទីក្រុងអាមេរិក ប្រមាណ២០
- សៅរ៍, 2 មីនា 2019 07:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយ! ហង្ស ឈា បានទាំង ព្រាប សុវត្ថិ បានទាំងកូនៗ ទៅលុកលុយរដ្ឋ និងទីក្រុងអាមេរិក ប្រមាណ២០
ចន្លោះមិនឃើញ
ព្រាប សុវត្ថិ និងកូនៗទាំង៣ រួមទាំងក្រុមភ្លេងលោកផង គ្រោងនឹងទៅធ្វើបេសកកម្មសិល្បៈជាថ្មីទៀតនៅសហរដ្ឋអាមេរិក ក្រោយពីខកខានអស់ពេលប្រមាណ៦ឆ្នាំ ស្របពេលអ្នករៀបចំ មានក្ដីសង្ឃឹមខ្ពស់លើការងារលើកនេះ ព្រោះគម្រោងដ៏ធំមួយ។
អតីតតារាចម្រៀង ហង្ស ឈា និងអតីតតារាភាពយន្ត សុភា ដេវីដ រួមជាមួយ Rising Star Entertainmentគឺជាអ្នកផ្ដួចផ្ដើមក្នុងការនាំយកក្រុមលោក ព្រាប សុវត្ថិ ទៅលើកនេះ។ ហង្ស ឈា ប្រាប់ថា នេះគឺជាជំហានថ្មីដ៏ធំមួយទៀតនៅក្នុងបេសកកម្មបម្រើអារម្មណ៍ និងភាពសប្បាយរីករាយរបស់បងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក ដោយកាលពីប្រមាណ៦ឆ្នាំមុន លោកបានធ្វើម្ដងហើយជាមួយកំពូលតារាចម្រៀងរូបនេះ។
បែបនេះក្ដី លោកថា លើកនេះ លើកនេះខុសប្លែក និងរឹតតែធំជាងមុន ហើយលោកមានក្ដីរំពឹងខ្ពស់លើការងារនេះ។ លោក លើកឡើងថា "វាគឺជា ព្រឹត្តិការណ៍តន្ត្រីទេសចរណ៍ធំបំផុតនៅអាមេរិក ហើយខ្ញុំ ក៏ដូចជាដៃគូរៀបចំ សង្ឃឹមខ្ពស់ថានឹងជោគជ័យ ព្រោះថា កាលពីបង ព្រាប សុវត្ថិ មកកាលពី៦ឆ្នាំមុនតែម្នាក់ឯង ទទួលបានការគាំទ្រខ្លាំងណាស់ ហើយលើកនេះ មានកូនៗគាត់ទាំង៣ ទៀត ដែលពួកគេកំពុងមានការចាប់អារម្មណ៍ទៀត។ ដូច្នេះខ្ញុំជឿថា នឹងមានការគាំទ្រខ្លាំងជាងមុន និងសប្បាយជាងមុន!”។
ក្រៅពីលោក ព្រាប សុវត្ថិ និងកូនទាំង៣ នៅមានក្រុមភ្លេង និងតារាចម្រៀងស្រីក្នុងក្រុមភ្លេងលោកម្នាក់ទៀត សរុបមានគ្នា ៩នាក់ នឹងត្រូវរួមដំណើរជាមួយគ្នាលើកនេះ។ តាមការរៀបចំ ពួកគេ នឹងត្រូវស្នាក់នៅអាមេរិកយ៉ាងតិច ២ ទៅ ៣ខែឯណោះ ព្រោះតាមអ្នករៀបចំ ពួកគេមានកាលវិភាគច្រើនដែលត្រូវធ្វើដំណើរសម្ដែងទៅកាន់រដ្ឋ និងទីក្រុងរបស់អាមេរិក ប្រមាណ ២០ ឯណោះ។
តាមលោក ហង្ស ឈា ក្រុមលោក ព្រាប សុវត្ថិ នឹងត្រូវទៅសម្ដែងនៅតាមរដ្ឋ និងទីក្រុងមួយចំនួនដូចជា ទីក្រុង ឡូវែល ឡុងប៊ិច បូស្តុន ស្ដុកតុន លីន ហ្វីឡាដែលហ្វៀ រដ្ឋ ផ្លរីដា និងរដ្ឋ ទីក្រុងធំៗជាច្រើនទៀត ដែលមានបងប្អូនខ្មែររស់នៅច្រើន។ បេសកកម្មនេះ លោកថា ដើម្បីផ្ដល់ភាពសប្បាយរីករាយ ដល់បងប្អូនខ្មែរជាពិសេស នាឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលនឹងមកដល់នៅពាក់កណ្ដាលខែក្រោយ។
បន្ថែមពីលើនេះ លោកថា នៅមានគម្រោងបន្តបន្ទាប់ទៀត សម្រាប់នាំមកជូនបងប្អូនខ្មែរនាពេលខាងមុខ។ សម្រាប់លោក ព្រាប សុវត្ថិ មិនទាន់មានកាលបរិច្ឆេទច្បាស់នៅឡើយ ថានឹងចាកចេញពីកម្ពុជានៅពេលណា។ ប៉ុន្តែ លោក ឈា ប្រាប់ថា នៅមិនយូរឡើយ ក្រុមតារាចម្រៀងរបស់កម្ពុជា នឹងចាកចេញឆាប់ៗនេះហើយ៕