• 2019-11-15 02:38:28
  • ស្ទីលតារា

របៀប​ផាត់​មុខ​ថ្មី​ បាន​ផ្លាស់​ប្ដូរ រ៉េត ស៊ូហ្សាណា ឲ្យ​ស្អាត​ខ្លាំង មើល​សឹង​មិន​ស្គាល់

  • 2019-11-15 02:38:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​របស់​ហង្សមាស រ៉េត ស៊ូហ្សាណា នៅ​ថ្មី​ៗ​នេះ​បាន​បញ្ចេញ​ឲ្យ​អ្នក​គាំទ្រ​ឃើញ​នូវ​របៀប​ផាត់​មុខ​ថ្មី​យ៉ាង​កម្រ​មួយ ដែល​បាន​បង្ហាញ​ពី​ភាព​ខុស​ប្លែក​នៃ​សម្រស់​របស់​នាង មើល​សឹង​មិន​ស្គាល់។

ហ្សាណា បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ថ្មី បន្ទាប់​ពី​មិន​សូវ​អើពើ​នឹង​ការ​ចេញ​មុខ​ចេញ​មាត់​តាម​រយៈ​បណ្ដាញ​សារព័ត៌មាន ដោយ​ការ​បង្ហោះ​រូបភាព និង​វីដេអូ​ខ្លី​មួយ​នៅ​លើ IG របស់​នាង​កាល​ពី​ថ្មី​ៗ​នេះ។ រូប​ភាព​នោះ តារា​ចម្រៀង​វ័យ​ក្មេង​និយម​ច្រៀង​ភាសា​អង់គ្លេស​រូប​នេះ ស្ថិត​ក្នុង​សំលៀកបំពាក់​អាវ​យឺត​ពណ៌​ក្រហម​អត់​ដៃ​យ៉ាង​សាមញ្ញ ប៉ុន្តែ​ផ្ទៃ​មុខ​គឺ​ខុស​រាល់​ដង ស្ទើរ​ចំណាំ​មិន​បាន។

ផ្ទៃ​មុខ​នាង ត្រូវ​បាន​ផាត់​ឲ្យ​​មើល​ទៅ​ឃើញ រាង​សិចស៊ី​ជាង​មុន ខណៈ​ចិញ្ចើម​បះ​ត្រង់​ទៅ​លើ​ដ៏​ពេញ​និយម ​ឯភ្នែក​ខ្មៅ​ក្រឹប និង​មូល​ក្រឡង់ ទាញ​នាង​ឲ្យ​មាន​វ័យ កាន់​តែ​ពេញ​ក្រមុំ ស្អាត​ជាង​មុន។ ទាំង​នេះ ត្រូវ​បាន​សាមី​ខ្លួន​បាន​អះអាង​ថា គឺ​ជា​របៀប​តុបតែង​មុខ​ថ្មី​របស់​នាង។ “My new style..គិត​ម៉េច​ដែរ ចំពោះ style ថ្មី​មួយ​នេះ? ពេញ​ចិត្ត​អត់ ហាហា!"។ រ៉េត ស៊ូហ្សាណា ថ្លែង។

ប្រិយមិត្ត​នាង​ជា​ច្រើន​បាន​ចូល​មក​ឆ្លើយ​តប​ទៅ​នឹង​ម្ចាស់​សំណេរ​ម្ចាស់​រូប ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា ស្ទីល​ផាត់​មុខ​របស់​តារា​ស្រី​រូប​នេះ ពិត​ជា​ស្អាត និង​មាន​ភាព​ទាក់​ទាញ​មិន​ធម្មតា ឯ​អ្នក​ខ្លះ​ទៀត បញ្ជាក់​ថា ពួក​គេ​មើល ហ្សាណា សឹង​មិន​ស្គាល់​ពិត​មែន។

ឈាន​មក​ដល់​ឆ្នាំ​នេះ រ៉េត ស៊ូហ្សាណា បាន​ឈាន​ដល់​វ័យ ១៩​ឆ្នាំ​ហើយ ហើយ​សម្រស់​របស់​នាង​ក៏​កាន់​តែ​ស្រស់​ឆើត​ជាង​មុខ​ដែរ។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​ប្រមាណ​៣​ឆ្នាំ​នៃ​ការ​ប្រឡូក​សិល្បៈ​មក​នេះ ហ្សាណា មិន​ទាន់​លេច​ឡើង​រឿង​រសើប​ពាក់​ព័ន្ធ​នឹង​ជីវិត​ស្នេហា​នៅ​ឡើយ។ ចំណុច​នេះ ក៏​ព្រោះ​គេ​បាន​ដឹង​ថា នាង​ត្រូវ​បាន​ការពារ​យ៉ាង​ល្អ​ដោយ​ឪពុក​របស់​នាង ដែល​តែង​តែ​ធ្វើ​ជា​អ្នក​លើក​ទូរសព្ទ​ជំនួស​កូន​ស្រី និង​ជា​អ្នក​អម​ដំណើរ​នាង​ទី​កន្លែង​ការងារ​នានា​ផង៕

ទស្សនា​វីដេអូ​បង្ហាញ​ពី​ការ​ផាត់​មុខ​បែប​ថ្មី​របស់ រ៉េត ស៊ូហ្សាណា ខាង​ក្រោម៖

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម