• 2019-12-20 03:38:04
  • ស្ទីលតារា

ម៉ូដត្រីជ្រូករបស់ ឯម រៀម ទាក់ទាញការចាប់អារម្មណ៍ខ្លាំងមិនធម្មតា

  • 2019-12-20 03:38:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឯម រៀម ដែលគេឲ្យឈ្មោះថា "បណ្ឌិតច្នៃម៉ូដ" ដោយសារតែលោកមានគំនិតច្នៃប្រឌិតប្លែកៗនោះ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាថ្មីទៀតនាពេលថ្ងៃមណ្ឌលការរបស់លោក ប៉ែន ចំរុង ដោយគ្រានោះលោកបានបង្ហាញវត្តមានជាមួយម៉ូដត្រីក្រជ្រូកប្លែក​ភ្នែក​មួយ​ឈុត។

ម៉ូដនោះ តាមការបញ្ជាក់របស់សាមីខ្លួន គឺលោកជាច្នៃម៉ូដដោយខ្លួនឯងដូចតែរាល់លើក ក្នុងនោះតម្លៃ គឺមិនជាថ្លៃណាស់ណានោះទេ គឺមួយឈុតនេះមានតម្លៃខ្ទង់ជាង ១០ដុល្លារប៉ុណ្ណោះ។ លោក ច្នៃម៉ូដពិសេសនេះ ដើម្បីចូលរួមមង្គលការរបស់លោក ចំរុង និងធ្វើតាមការស្នើសុំរបស់កូនកំលោះមកពីខេត្តបាត់ដំបងនេះផង។

បណ្ឌិតច្នៃម៉ូដ លើកឡើងថា ភ្ញៀវកិត្តិយសដែលចូលរួមមង្គលការលោក ប៉ែន ចំរុង ត្រូវបានលើកទឹកចិត្តឲ្យស្លៀកពាក់យកលំនាំតាមបែបផែនសមុទ្រ ក្នុងនោះបើពណ៌គួរមានពណ៌ទឹកសមុទ្រ ឬក៏ច្នៃម៉ូដជារបៀបសត្វសមុទ្រក៏បាន។ ធ្វើបែបនេះ ដោយសារតែកូនកំលោះលោក ប៉ែន ចំរុង ជាមនុស្សចូលចិត្តសមុទ្របំផុត។

ជាក់ស្ដែងនៅក្នុងថ្ងៃមង្គលការរបស់ខ្លួន តារាប្រុសមានប្រជាប្រិយរូបនេះ បានកុម្ម៉ង់ឲ្យគេរៀបចំក្នុងទិដ្ឋភាពពិធី ជារបៀបជីវិតក្នុងសមុទ្រទាំងអស់។ ងាកមកបណ្ឌិតច្នៃម៉ូដឯណេះវិញ លោកប្រាប់ថា ក្រោយពីទទួលបានធៀបការពីលោក ចំរុង និងការលើកទឹកចិត្តឲ្យស្លៀកឈុតពាក់ព័ន្ធសមុទ្របែបនេះ លោកក៏ចាប់ផ្ដើមរកនឹកថា គួរច្នៃម៉ូដយ៉ាងម៉េច។

ក្រោយពីរកនឹកមួយរយៈពេលវែងគួរសម លោក ឯម រៀម ប្រាប់ថា លោកក៏នឹកឃើញម៉ូដរបស់ត្រីជ្រូក ហើយក៏បានម្នីម្នាទៅទិញក្រណាត់ យកច្នៃម៉ូដ ហើយកាត់ខ្លួនឯងរហូតរួចរាល់។ មកដល់ក្នុងថ្ងៃមង្គលការរបស់លោក ប៉ែន ចំរុង វិញ បណ្ឌិតច្នៃម៉ូដ ត្រូវបានគេកត់សម្គាល់ថា ពិតជាទទួលបានការចាប់អារម្មណ៍ច្រើនមែនតាមរយៈឈុតប្លែកភ្នែកនេះ។

ជាក់ស្ដែងភ្ញៀវកិត្តិយសដែលមិនត្រឹមតែសាមញ្ញជន ប៉ុន្តែសូម្បីតែសិល្បករគ្នាឯង ក៏សុំលោក ឯម រៀម ថតរូបហូរហែដែរ។ សិល្បកររូបនេះ ញញឹមពព្រាយ ហើយលោកថា លោករីករាយក្រោយមិត្តភ័ក្តិចាប់អារម្មណ៍លើគំនិតច្នៃប្រឌិតសំលៀកបំពាក់របស់លោកដូច្នេះ៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់
អត្ថបទពេញនិយម