- 2020-05-13 06:08:20
- ព័ត៌មាន
រឿងលំបាកៗដែលអ្នកមិនធ្លាប់ដឹង នៅពីក្រោយភាពស្រស់ស្អាតក្នុងរឿងបុរាណចិន
- 2020-05-13 06:08:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងលំបាកៗដែលអ្នកមិនធ្លាប់ដឹង នៅពីក្រោយភាពស្រស់ស្អាតក្នុងរឿងបុរាណចិន
ចន្លោះមិនឃើញ
រឿងភាគបុរាណចិនដែលមានសំលៀកបំពាក់ស្អាតៗ ដូចជារឿង "The Empress of China” និង "Empresses in the Palace” តែងតែទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ទាំងនៅប្រទេសចិន និងនៅប្រទេសផ្សេងៗ។ ទោះយ៉ាងណា សំលៀកបំពាក់ និងភាពស្រស់ស្អាតទាំងនេះ គឺបានមកពីការចំណាយកម្លាំង ពេលវេលា និងថវិកា ជាច្រើន ទម្រាំថតចេញជារឿងដ៏ល្អមួយ។
១. សម្ភារៈ និងសំលៀកបំពាក់តួអង្គ
ក្នុងរឿងភាគបុរាណ ភាគច្រើន គេត្រូវប្រើប្រាស់ឡានដឹកទំនិញច្រើនជាងរឿងធម្មតា សម្រាប់តែការដឹកជញ្ជូនសម្ភារៈ និងសំលៀកបំពាក់តួអង្គ។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន គេតែងចំណាយប្រាក់ជាច្រើន សម្រាប់សំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់របស់តួអង្គ។ ក្នុងរឿង "The Empress of China” គ្រាន់តែតារាសម្ដែង និងផលិតកររឿង Fan Bingbing ម្នាក់ឯងគឺត្រូវការសំលៀកបំពាក់ដល់ទៅ ២៦០ឈុត និងជាង ៣០០០ឈុតទៀត សម្រាប់តួអង្គផ្សេងៗ។ ក្នុងនោះឈុតដែលថ្លៃជាងគេ គឺរ៉ូបនាគរាជ ដែលចំណាយអស់ ៨ម៉ឺនដុល្លារ។
២. ការតុបតែងមុខ
តួអង្គស្រីភាគច្រើនក្នុងរឿងភាគបុរាណចិន មានសក់ខ្មៅរលើបរលោង ស្បែកសព្រិល និងភ្នែកធំៗ ហើយភ្លឺថ្លា។ ទោះយ៉ាងណាពួកគេតែងចំណាយពេលរាប់ម៉ោងដើម្បីផាត់មុខ និងតែងខ្លួនឲ្យក្លាយជាតួអង្គដែលខ្លួនសម្ដែង។
តារាសម្ដែង Fan Bingbing ដែលសម្ដែងជាតួម្ចាស់ក្សត្រិយ៍ Wu Zetain តាំងពីក្មេងដល់ចាស់ បានចំណាយពេល ៧ម៉ោងក្នុងមួយថ្ងៃដើម្បីតែងមុខជាមនុស្សចាស់។ លើសពីនេះ នៅពេលថតម្ដងៗ តួសម្ដែងតែងហត់ បែកញើសខ្លាំងដោយសារការផាត់ម្សៅក្រាស់ និងសំលៀកបំពាក់យោលយោកពេញខ្លួន។
៣. ការរៀនពីបុគ្គលិកលក្ខណៈតួអង្គ
រវាងមនុស្សជំនាន់បុរាណ និងមនុស្សសម័យថ្មី ប្រាកដជាមានភាពខុសគ្នាឆ្ងាយ ទាំងការនិយាយស្ដី ការហូបអាហារ ការដើរ និងឥរិយាបថផ្សេងៗទៀត។ ម្ល៉ោះហើយតួសម្ដែងនីមួយៗត្រូវចំណាយពេលច្រើនដើម្បីហាត់រៀនពីរឿងនេះ។
តារាសម្ដែងហុងកុង Aarif Lee ដែលសម្ដែងជាអធិរាជ Gaozong ជាស្វាមីរបស់ម្ចាស់ក្សត្រិយ៍ Wu Zetian ក្នុងរឿង "Empress of China” បានចំណាយពេល ៨ម៉ោងស្ទើរតែរៀងរាល់ថ្ងៃក្នុងរយៈពេលពីរខែដើម្បីហាត់រៀនពីលក្ខណៈរបស់តួអង្គមុននឹងចូលសម្ដែង។
តារាសម្ដែងស្រី Sun Li ដែលដើរតួ Zhen Huan ក្នុងរឿង "Empresses in the Palace” បានខ្ចីស្បែកជើងដែលនាងត្រូវពាក់សម្ដែង ពីក្រុមការងារ យកមកពាក់និងហាត់ដើរនៅផ្ទះរយៈពេលមួយខែមុនថតរឿង ប៉ុន្តែនៅពេលថតនាងនៅតែដួលជាញឹកញាប់ និងធ្លាប់ថ្លោះកជើងទៀតផង។
ដើម្បីស្វែងយល់ឲ្យបានច្បាស់ពីតួអង្គម្នាក់ៗ តារាសម្ដែងក៏ត្រូវសិក្សាពីប្រវត្តិសាស្ត្រពេលដែលតួអង្គនោះរស់នៅផងដែរ។
៤. ពាក្យពេចន៍ក្នុងរឿង
ការប្រើប្រាស់ពាក្យពេចន៍ និងវេយ្យាករណ៍ នៃភាសាចិន បច្ចុប្បន្ន និងភាសាចិនសម័យបុរាណ ក៏មានភាពខុសគ្នាជាច្រើនដែរ។ តារាសម្ដែងភាគច្រើនមានការលំបាកយ៉ាងខ្លាំងក្នុងការស្វែងយល់ពីពាក្យពេចន៍ដែលតួអង្គនិយាយ ហើយជួនកាលគឺត្រូវទន្ទេញទាំងមិនយល់។
តារាសម្ដែង Aarif Lee បាននិយាយថា "ខ្ញុំអត់យល់អ្វីទាំងអស់ពេលអានអត្ថបទរឿង។ ពាក្យភាគច្រើនសុទ្ធតែពាក្យដែលគេកម្រប្រើ ហើយកថាខណ្ឌនីមួយៗក៏វែងទៀត។ ដូច្នេះខ្ញុំត្រូវចំណាយពេលទន្ទេញវាពីរខែមុនចូលថត"។
៥. ដើមទុន
រឿងភាគ "The Empress of China” ត្រូវបានផលិតកម្មអះអាងថាចំណាយដើមទុនលើសពី ៣០០លានយាន់ (ជិត ៥០លានដុល្លារ)។ នេះគឺជាការចំណាយដើមទុនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររឿងភាគចិន ដោយកំណត់ត្រាលើកមុនរឿង "Heroes in Sui and Tang Dynasties” កាលពីឆ្នាំ២០១៣ បានចំណាយអស់ ២៨០លានយាន់៕