- 2019-11-14 08:38:42
- ភាពយន្ត
តួអង្គរឿង "នំប៉័ងបញ្ចាំស្នេហ៍" ១០ឆ្នាំមកនេះប្រែប្រួលអស់ ហើយមានម្នាក់បានធ្វើអត្តឃាត
- 2019-11-14 08:38:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួអង្គរឿង "នំប៉័ងបញ្ចាំស្នេហ៍" ១០ឆ្នាំមកនេះប្រែប្រួលអស់ ហើយមានម្នាក់បានធ្វើអត្តឃាត
ចន្លោះមិនឃើញ
"នំប៉័ងបញ្ចាំស្នេហ៍" គឺជារឿងភាគល្បីកូរ៉េដ៏ល្បីមួយប្រចាំឆ្នាំ ២០១០។ ខ្សែភាពយន្តភាគនេះ អាចឈ្នះបានពានរង្វាន់សំខាន់ចំនួន ៦ នៅកម្មវិធី KBS Drama Awards ឆ្នាំ ២០១០ ដែលជួយឲ្យតួអង្គឯក និងតួរាយរងល្បីទូទាំងអាស៊ីតែម្ដង។ តទៅនេះមកតាមដានដំណើរជីវិតតួអង្គសំខាន់ៗ មើលថាមានការផ្លាស់ប្ដូរយ៉ាងណាខ្លះ ៖
១. Yoon Shi Yoon
តួអង្គឯក Kim Tak Goo គឺសម្ដែងដោយ Yoon Shi Yoon ដែលជាកូនចុងរបស់ប្រធានក្រុមហ៊ុនចំណីអាហារល្បីឈ្មោះមួយ។ Yoon Shi Yoon មានឈ្មោះពិត Yoon Dong Goo កើតនៅឆ្នាំ ១៩៨៦ ដែលចូលប្រឡូកវិស័យសិល្បៈនៅឆ្នាំ ២០០៩។ បន្ទាប់ពីរឿង "នំប៉័ងបញ្ចាំស្នេហ៍" រូបគេបានសម្ដែងក្នុងភាពយន្តជាច្រើន ប៉ុន្តែមិនល្បីដូចកាលសម្ដែងជា Kim Tak Goo ឡើយ។
Yoon Shi Yoon បានព្យាយាមចូលរួមបង្ហាញមុខក្នុងកម្មវិធីទូរទស្សន៍ដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន ប៉ុន្តែបែរជាមិនដូចចិត្ត។ ជាក់ស្ដែងកម្មវិធី "Two Days, One Night” ដែល Yoon Shi Yoon ចូលបង្ហាញមុខ ត្រូវបញ្ឈប់ការចាក់ផ្សាយទាំងស្រុង ដោយសាររឿងអាស្រូវផ្លូវភេទរបស់ពិធីករម្នាក់ក្នុងកម្មវិធីនេះបានផ្ទុះឡើង។
នៅថ្ងៃទី ២០ ខែវិច្ឆិកា ភាពយន្ត "Psychopath Dairy” ដែលសម្ដែងដោយ Yoon Shi Yoon នឹងត្រូវចាក់ផ្សាយ ហើយអ្នកគាំទ្រភាគច្រើនរំពឹងថាតារារូបនេះនឹងទទួលបានការចាប់អារម្មណ៍ដូចពេលសម្ដែងរឿង "នំប៉័ងបញ្ចាំស្នេហ៍" ដែរ។ អំពីជីវិតផ្ទាល់ខ្លួនវិញ រូបគេមិនដែលទាក់ទងនារីណាម្នាក់ដោយបើកចំហនោះឡើយ។
២. Joo Won
Joo Won សម្ដែងជាតួ Ma Joon កូនប្រុសទីពីរនៃប្រធានក្រុមហ៊ុនចំណីអាហារ ដែលត្រូវជាបងប្អូនម្ដាយដោយឡែកជាមួយ Kim Tak Goo។ Joo Won កើតនៅឆ្នាំ ១៩៨៧ និងចូលសម្ដែងតាំងពីឆ្នាំ ២០០៧។ បន្ទាប់ពីរឿង "នំប៉័ងបញ្ចាំស្នេហ៍" តារារូបនេះទទួលបានការងារល្បីៗជាច្រើន អាចទទួលបានការសរសើរពីអ្នកជំនាញជាតារាសម្ដែងប្រុសដ៏មានទេពកោសល្យម្នាក់។
ស្នាដៃលេចធ្លោរបស់ Joo Won មាន "The Farmer's Farm" "The Bride's Mask" "The White Angel" និង "The Wandering Genius" ដែលសម្ដែងជាមួយ Kim Tae Hee។ តារាប្រុសរូបនេះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាចម្រៀងទោល BoA ប៉ុន្តែបានចែកផ្លូវគ្នា ដោយសារគ្មានពេលគ្រប់គ្រាន់សម្រាប់គ្នា។
៣. Eugene
តួឯកស្រី Shin Yoo Kyung សម្ដែងដោយតារាជើងចាស់ Eugene ដែលនាងជាស្នេហាដំបូងរបស់ Kim Tak Goo និងជាមនុស្សស្រីដែល Ma Joo លួចបេតីផងដែរ។ Eugene គឺជារាជិនីសម្រស់ម្នាក់របស់កូរ៉េ ប្រចាំ ២ ទសវត្សកន្លងមក។ នាងកើតនៅឆ្នាំ ១៩៨១ មានឈ្មោះពិត Kim Yoo Jin ដែលជាប្រឡូកជាតារាចម្រៀងប្រចាំក្រុម SES រួចទើបចូលប្រឡូកការសម្ដែងជាក្រោយ។
រឿងល្បីៗរបស់ Eugene រួមមាន "Loving you" "The last dance" " One mother, three dads " និង "Hundred-year heritage" ជាដើម។ នៅខែធ្នូ នាងនឹងត្រឡប់បង្ហាញមុខចំពោះទស្សនិកជនជាថ្មី ក្រោយស្ងប់ស្ងាត់អស់ ១០ ឆ្នាំ ជាមួយខ្សែភាពយន្ត "Paper Flower”។
Eugene និងតារាសម្ដែង Ki Tae Young គឺជាគូស្នេហ៍ដ៏មានសុភមង្គលមួយក្នុងវិស័យកម្សាន្តកូរ៉េ។ ពួកគេចាប់ផ្ដើមចាប់អារម្មណ៍លើគ្នា ក្រោយបានសម្ដែងក្នុងរឿង "Creating Destiny” នៅឆ្នាំ ២០០៩ ជាមួយគ្នា និងបានរៀបការនៅឆ្នាំ ២០១១ ហើយមានកូនស្រីចំនួន ២ នាក់។
៤. Lee Young Ah
Lee Young Ah សម្ដែងជាតួ Yang Mi Sun ដែលចូលចិត្តនឹងការធ្វើនំប៉័ងដូចជា Kim Tak Goo និងលួចស្នេហ៍ Tak Goo តែម្នាក់ឯង។ នាងកើតនៅឆ្នាំ ១៩៨៤ និងបានសម្ដែងតាំងពីឆ្នាំ ២០០៣ តាមរយៈភាពយន្តកំប្លែង "Nonstop 4” ដ៏ល្បីមួយរបស់កូរ៉េ។
ក្រោយពីរឿង "នំប៉័ងបញ្ចាំស្នេហ៍" តារាស្រីរូបនេះ មិនបានស្នាដៃធំដុំអ្វីនោះឡើយ។ ងាកមើលជីវិតគូស្នេហ៍វិញ Young Ah បានសាងទំនាក់ទំនងជាមួយមិត្តរួមអាជីព Kang Eun Tak នៅពេលសម្ដែងរឿងភាគ "Love to the End” នៅឆ្នាំ ២០១៨ ប៉ុន្តែបានបែកគ្នាវិញកាលពីខែខែមេសា។
៥. Oh Jae Moo
តួ Kim Tak Goo ពេលនៅក្មេងគឺសម្ដែងដោយតារាសម្ដែងក្មេង Oh Jae Moo។ រូបគេកើតនៅឆ្នាំ ១៩៩៨ ហើយ "នំប៉័ងបញ្ចាំស្នេហ៍" ជាការឈានជើងចូលសិល្បៈលើកដំបូងរបស់ខ្លួន។ រឿងដែល Jae Moo សម្ដែងបន្តបន្ទាប់មាន "Faith” “Mr. Kim's Foster Father” “Golden Rainbow” និង "Strange Father” ជាដើម។ Jae Moo បានបញ្ឈប់ការសម្ដែង ២ ឆ្នាំ ដើម្បីផ្ដោតការសិក្សានៅសកលវិទ្យាល័យ។
៦. Jeon Mi Seon
តួអង្គ Kim Mi Sun ដែលជាម្ដាយ Kim Tak Goo សម្ដែងដោយតារាជើងចាស់ Jeon Mi Seon។ តារាស្រីរូបនេះកើតនៅឆ្នាំ ១៩៧០ ហើយបានសម្ដែងរឿងតាំងពីឆ្នាំ ១៩៨៦។ ប្រឡូកបាន ៣៣ ឆ្នាំ តារារូបនេះបានចូលរួមសម្ដែងក្នុងខ្សែភាពយន្តភាគ និងភាពយន្តខ្នាតធំប្រមាណ ១០០ រឿង។ ស្នាដៃលេចធ្លោមានដូចគ្នា "Christmas in August" "Moon embraces the sun" "Reply 1988" និង "School 2015"។
Mi Sun បានរៀបការជាមួយអ្នកដឹកនាំរឿង Park Sang-hoon នៅឆ្នាំ ២០០៦ និងមានកូនប្រុសម្នាក់ជាចំណងដៃ។ នៅថ្ងៃទី ២៩ ខែមិថុនា Mi Sun ត្រូវបានគេប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹកនៅសណ្ឋាគារតូចមួយនៅខេត្ត Jeonju ប្រទេសកូរ៉េ។ សមត្ថកិច្ចនិយាយថាជាការធ្វើអត្តឃាត ហើយឲ្យដឹងទៀតថាតារាស្រីរូបនេះបានព្យាយាមព្យាបាលជំងឺបាក់ទឹកចិត្តរាប់ឆ្នាំមកហើយ។
៧. Joon Kwang Ryul
តារាសម្ដែង Joon Kwang Ryul ដើរតួជា Goo Il Jong ដែលជាប្រធានក្រុមហ៊ុនចំណីអាហារ ជាឪពុករបស់ Kim Tak Goo និង Ma Joon។ លោកគឺជាតារាសម្ដែងជើងចាស់មួយរូប កើតនៅឆ្នាំ ១៩៦០។ ស្នាដៃគួរឲ្យកត់សម្គាល់មាន "Model" "Jang Hee Bin" " Legend of Joo Mong " និង "Warrior Baek Dong Soo"។
៨. Jeon In Haw
តួអង្គ Seo In Sook ម្ដាយរបស់ Ma Joon គឺសម្ដែងដោយតារាសម្ដែង Jeon In Hwa។ តារាស្រីរូបនេះកើតនៅឆ្នាំ ១៩៦៥ និងចាប់ផ្ដើមសម្ដែងនៅឆ្នាំ ១៩៨៤។ ភាពយន្តល្បីៗមានដូចជា "The King and I" "Banquet of the Gods" "Hundred Years of Heritage" និង "My Daughter, Geum Sa Wol "។ ទាក់ទងជីវិតផ្ទាល់ខ្លួន រយៈពេល ៣០ ឆ្នាំមកនេះ In Hwa រស់នៅយ៉ាងមានក្ដីសុខជាមួយតារាសម្ដែង Yoo Dong Geun ដែលមានកូនចំនួនពីរនាក់៕
ចុចអាន ៖ ក្រុមនារី K-Pop ទាំងនេះហើយ ធ្វើឲ្យកូរ៉េរីកមុខមាត់សម្បើមពេញពិភពលោក