• 2020-06-09 08:13:57
  • ចម្រៀង

បក​ទៅ​៧​ឆ្នាំ​មុន តាម​សាច់​រឿង​ពិត​របស់​បទ​ដំបូង​ដែល ភរិយា និពន្ធ​ឲ្យ ឆាយ វីរៈ​យុទ្ធ ច្រៀង

  • 2020-06-09 08:13:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "មក​រក​បង បង​រង់ចាំ" ឬ "អ្នក​ណា​ឲ្យ​អូន​ឃ្លាត" គឺ​ជា​បទ​ដំបូង​បំផុត​ដែល​អ្នក​នាង សែ ចាន់ឌី កាល​មិន​ទាន់​ទាក់​ទង​គ្នា​នៅ​ឡើយ បាន​និពន្ធ​ឲ្យ​លោក ឆាយ វីរៈយុទ្ធ ច្រៀង ដែល​ក្រោយ​ពី​និពន្ធ​ហើយ តារា​ចម្រៀង​យក​ទៅ​ទុក​មើល​ប៉ារ៉ូល ២​ឆ្នាំ​ទម្រាំ​យក​មក​ច្រៀង។

“មក​រក​បង បង​រង់ចាំ" ឬ "អ្នក​ណា​ឲ្យ​អូន​ឃ្លាត" បាន​ចេញ​នៅ​លើ​ទីផ្សារ​អស់​រយៈ​ពេល ៥​ឆ្នាំ​មក​ហើយ ហើយ​បើ​តាម​អ្នកនាង សែ ចាន់​ឌី ភរិយា​លោក ឆាយ វីរៈ​យុទ្ធ បាន​ឲ្យ​ដឹង​ថា បទ​នេះ គឺ​ជា​សាច់​រឿង​ពិត​របស់​បុរស​ម្នាក់ ដែល​បាន​មក​សារ​ស័ព្ទ​សាច់​រឿង​ពិត​របស់​ខ្លួន។ ក្រោយ​មក​នាង​ក៏បាន​យក​សាច់​រឿង​នោះ​មក​និពន្ធ​ជា​បទ​ចម្រៀង​តែ​ម្ដង ហើយ​ជាក់​ស្ដែង បទ​​នេះ ពិត​ជា​បទ​ដែល​ពោរពេញ​ដោយ​មនោសញ្ចេតនា។

បទ​នេះ ត្រូវ​បាន​និពន្ធ​ទុក​២​ឆ្នាំ ទើប​តារា​ចម្រៀង​យក​មក​ច្រៀង ហើយ​បន្ទាប់​ពី​​មក​ច្រៀង​មក​ដល់​ឥឡូវ គឺ​មាន​រយៈ​៥​ឆ្នាំ​ហើយ។ សរុប​មក បទ “មក​រក​បង បង​រង់ចាំ" ឬ "អ្នក​ណា​ឲ្យ​អូន​ឃ្លាត" មាន​អាយុ​កាល​៧​ឆ្នាំ​មក​ហើយ ចាប់​តាំង​ពី​វា​បាន​ចាប់​កំណើត​ជាមួយ​ចុង​ប៊ិច​របស់​អ្នក​និពន្ធ​រូប​ស្រស់ សែ ចាន់ដី និង​ឆ្លង​កាត់​ទឹក​ដម​សំនៀង​ដ៏​ក្រអួន​ក្រអៅ​របស់​លោក ឆាយ វីរៈ​យុទ្ធ។

ដ្បិត​ថា វា​បាន​កន្លង​ទៅ​ហួស​ជិត ១​ទសវត្ស ប៉ុន្តែ​បទ​ដែល​ស្ដែង​ជា​រឿង​ស្នេហា​របស់​សង្សារ​មួយ​គូ​នេះ នៅ​តែ​រស់​រវើក​ក្នុង​បេះដូង​អ្នក​ស្ដាប់ ដែល​ពោរពេញ​ដោយ​មនោសញ្ចេតនា​ស៊ី​ជម្រៅ និង​នៅ​តែ​ពេញ​និយម ដោយ​មាន​អ្នក​យក​មក​ច្រៀង​តាម (Cover) ជា​ច្រើន​នា​រយៈ​ប៉ុន្មាន​ខែ​នេះ នៅ​លើ​យូធូប។

ជា​ពិសេស បទ​នេះ ក៏​ត្រូវ​ម្ចាស់​បទ លើក​យក​មក​ច្រៀង​គោក​ឲ្យ​ម្ចាស់​សំណេរ​ស្ដាប់ នៅ​ក្នុង​ថ្ងៃ​ខួប៣​ឆ្នាំ​នៃ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ​ដែល​កាល​ពី​ដើម​ខែ​ឧសភា​ទៅ​នេះ។ តោះ...ស្ដាប់​បទ​អនុស្សាវរីយ​ដំបូង​របស់​ភរិយា ជាមួយ​លោក ឆាយ វីរៈយុទ្ធ “មក​រក​បង បង​រង់ចាំ" ឬ "អ្នក​ណា​ឲ្យ​អូន​ឃ្លាត" ដ៏​ពោរពេញ​ដោយ​មនោសញ្ចេតនា​មួយ​នេះ។

ខាង​ក្រោម​នេះ គឺ​វីដេអូ​អនុស្សាវរីយ លោក​ឆាយ វីរៈ​យុទ្ធ បាន​យក​បទ​ខ្លួន​ជា​ច្រើន​បទ​មក​ច្រៀង​ឲ្យ​ភរិយា​ស្ដាប់​ក្នុង​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​គម្រប់ ៣​ឆ្នាំ ហើយ​ក្នុង​នោះ ក៏​មាន​បទ “មក​រក​បង បង​រង់ចាំ" ឬ "អ្នក​ណា​ឲ្យ​អូន​ឃ្លាត" នេះ​ដែរ ព្រោះ​ថា អ្នក​នាង សែ ចាន់ឌី ជា​អ្នក​និពន្ធ បញ្ជាក់​ថា អ្នក​នាង ពេញ​ចិត្ត​បទ​នេះ ខ្លាំង​ណាស់៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម