• 2020-07-07 03:02:58
  • ចម្រៀង

ហេង ស្រីពេជ្រ សោក​ស្ដាយ និង​ពិបាក​ចិត្ត​ខ្លាំង ក្រោយ​សម្ដែង​ចូល​តួ​ពេក​ក្នុង​បទ "អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា” រហូត​ធ្វើ​ឲ្យ​កក្រើក​

  • 2020-07-07 03:02:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង ហេង ស្រីពេជ្រ ដែល​ជា​តួអង្គ​សំខាន់​ក្នុង​បទ"អ្នក​ព្រៃវែង​អាក្រក់​ត្រង់​ណា" សោក​ស្ដាយ​ចំពោះ​រឿង​រ៉ាវ​ដែល​បាន​កើត​ឡើង​នឹក​ស្មាន​មិន​ដល់ ហើយ​នាង​ក៏​សុំ​ទោស​ដល់បងប្អូន​អ្នក​ខេត្ត​ព្រៃ​វែង​គ្រប់គ្នាដែរ។

ហេង ស្រីពេជ្រ បាន​ប្រាប់ Sabay នៅ​មុន​នេះ​បន្តិច​ថា ចិត្ត​អារម្មណ៍​ពិត​របស់​នាង​មិន​ដែល​ហ៊ាន​សូម្បី​តែ​គិត​ថា​ស្អប់​អ្នក​ខេត្ដព្រៃវែង ប៉ុន្តែ​ដើម្បី​សម្ដែង​បាន​ល្អ​ក្នុង​តួអង្គ​អាក្រក់​នៅ​ក្នុងMV នោះ នាង​ត្រូវ​តែ​សម្ដែង​ឲ្យ​ដល់​ទៅ​តាម​សាច់​រឿង​ដែល​ផលិតកម្ម​បាន​ដាក់​ឲ្យសម្ដែង​ប៉ុណ្ណោះ។ ស្រីពេជ្រ យល់ថាសាច់​រឿង​ទាំង​មូល​នៅក្នុង MV នេះ តាម​ពិត​ចង់​លើក​តម្កើង​អ្នក​ខេត្ត​ព្រៃវែង​ទៅវិញទេ ប៉ុន្តែ​មាន​ឈុត​ខ្លះ​អាក្រក់ទើបធ្វើឲ្យមហាជនប្រតិកម្មបែបនេះ។

ស្រីពេជ្រ៖ "ចំពោះ​ខ្លួន​ខ្ញុំ​មាន​អារម្មណ៍​ខ្វាយខ្វល់ និងពិបាក​ចិត្ដ​ខ្លាំង​ដល់​ពេល​មាន​រឿង​អីចឹង ហើយ​សង្ឃឹម​ថា​បង​ប្អូន​អ្នក​ខេត្ត​ព្រៃវែង​ទាំងអស់អធ្យាស្រ័យ​ដល់​រូប​ខ្ញុំ និង​ក្រុម​ការងារ​របស់​ផលិតកម្ម ​មរតក​មេឌៀរ​ទាំង​អស់"។

ផលិតកម្ម​មរតក មេឌៀរ បាន​ផលិត​ MV មួយ​ដែល​មាន​ចំណង​ជើង​ថា"អ្នក​ខេត្ដ​ព្រៃវែង​អាក្រក់​ត្រង់​ណា" កាល​ពី​ពេល​ថ្មីៗ​​ ហើយ​បាន​បង្ហោះ​នៅ​លើ​ផេក​ផ្លូវការ​របស់​ខ្លួន។ ក្រោយបង្ហោះភ្លាមៗ បទនេះ ត្រូវ​បាន​គេ​ប្រតិកម្ម ហើយ​ចែក​រំលែក​គ្នាជា​បន្ដបន្ទាប់​តាម​បណ្ដាញ​សង្គម។ ការណ៍​នេះ បាន​ធ្វើ​ឲ្យ​អភិបាល​ខេត្ត​ព្រៃវែង​លោក ជា សុមេធី បានចេញ​លិខិត​ប្រតិកម្មដែរ ហើយ​ស្នើ​សុំ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​ចាត់​វិធានការ​លើម្ចាស់ផលិតកម្ម។

នៅ​ក្នុង​លិខិត​របស់​អភិបាល​ខេត្ត​រូប​នេះ បានរិះគន់​អ្នក​និពន្ធ និង​ដឹកនាំ​ផលិតកម្ម​មរតក​មេឌៀរ ថា MV នេះ​មាន​បង្កប់​នូវ​សាច់​រឿង​អាក្រក់ដែល​នាំ​អោយ​មាន​ការ​រើសអើង និង​បន្តុះបង្អាប់​អ្នក​ខេត្ត​ព្រៃវែង។ ភ្លាម​ៗ ក្រោយ​មាន​លិខិត​របស់​អភិបាល​ខេត្ត​នេះ តំណាង​ផលិតកម្ម និង​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​នេះផ្ទាល់ គឺ​លោក សយ រតនា បាន​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចំពោះ​កំហុស​ឆ្គង​របស់​ខ្លួន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់