• 2020-07-28 06:18:53
  • ព័ត៌មាន

៥ដង Anti-Fan ព្យាយាមធ្វើស៊ីតារា K-Pop តែ​មិន​បាន​សម្រេច​បាន​ត្រឹមអង្គុយខកចិត្ត

  • 2020-07-28 06:18:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រ​ដែល​ចាំ​តែ​ទើស ឬ​ Anti-Fan ពិត​ជាមាន​ច្រើន​ក្នុង​ពិភព​ K-Pop ដែល​តែង​ធ្វើ​ឲ្យ​មាន​ចលាចល​មិន​ចេះ​ចប់ រហូត​កើត​មាន​រឿង​រ៉ាវ​ផ្សេងៗ ធ្វើ​ឲ្យ​តារា​ឈឺក្បាល។ ក្រុម​មនុស្ស​ទាំង​នោះ​ខ្លះ​ព្យាយាមធ្វើ​បាតុកម្ម​បណ្ដេញ​តារា​ចេញ​ពី​ក្រុម ឬ​ប្រឌិត​ព័ត៌មាន​មិនពិត​ និង​និយាយ​តៗ​គ្នា​ ប៉ុន្តែ​ចុង​ក្រោយ​បញ្ចប់​ត្រឹម​ការ​បរាជ័យ​ប៉ុណ្ណោះ ដោយសារ​ចំនួន​នៃ​អ្នក​ស្រឡាញ់​គាំទ្រ​មាន​ច្រើន​ជាង។

ដូចនេះ​សូម​លើក​យក​ សកម្មភាព​ទាំង​ ៥​របស់​ក្រុម​ Anti-Fan ដែល​ព្យាយាម​បាញ់​ព្រួញ​មក​កាន់តារា K-Pop នាពេល​កន្លងមក៖

១. Anti-Fan ព្យាយាម​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ពី BTS

មាន​ហ្វេន​ម្នាក់​ធ្លាប់​បាន​បង្ហោះ​ Post មួយ​លើ Pann ដោយ​ព្យាយាម​អះអាង​ថា​ សមាជិក​ BTS សុទ្ធ​តែ​ធ្វើ​​ឈ្លើយដាក់តារា​ជើង​ចាស់ Im Chang Jung ពេល​លោក​ថត​រូប​បង្ហោះ​លើ Instagram។ គ្រាន់​តែ​ឃើញ​រូប​នោះ​ភ្លាម ហ្វេន​ម្នាក់​នោះ​បាន​លើក​ឡើង​ថា​ BTS ជា​ក្មេង​ឈ្លើយ មិន​រវល់​នឹង​ចាស់ទុំ​ដែល​ឈរ​នៅ​ពីមុខ បែរ​ជា​ឈរ​និយាយ​គ្នា​លេង​ធម្មតា។

ប៉ុន្តែ​មែន​ទែន​ទៅ ប្រហែល​ជា​ Anti-Fan ម្នាក់​នោះ​មិន​បាន​មើល Caption ពី​លើ​រូប​ទេមើលទៅ ព្រោះថា Im Chang Jung បាន​សរសេរ​អួត​សរសើរ​មិន​ដាច់ពីមាត់នឹង​ចរិត​ចេះ​គួរសម​របស់​ BTS ទាំង​រូប​ស្រស់សង្ហា និង​សុទ្ធ​តែ​ចិត្តល្អទៀតផង។

២. គម្រោង​បណ្ដេញ Chen ចេញ​ពី​ EXO របស់​ Anti-Fan ត្រូវ​បរាជ័យ

កាលពី​ពេល​ដែល​ Chen ប្រកាស​ពី​មង្គលការរបស់លោក​នៅ​ដើមឆ្នាំ ២០២០ អ្នក​គាំទ្រ​មួយចំនួន​តូច​របស់​ EXO បែរ​ជា​ប្រែ​មុខ​មក​ជា​ Anti-Fan ទៅវិញ រហូត​ហ៊ាន​រៀបគម្រោង​បណ្ដេញ Chen ចេញ​ពី​ក្រុម​ទៀត​ផង។ ពួកគេ​ហ៊ាន​ទាំង​មក​ធ្វើ​បាតុកម្ម​នៅ​មុខ​អគារ​ SM និង​ជួល​ឡាន​ក្រុង​ដោយ​ភ្ជាប់​ដោយ​ផ្ទាំង​សរសេរ​ថា​ «Our_Future_Has_No_Chen» និង​ឃ្លាផ្សេង​ទៀត​ដែល​ចោទ​ Chen ថា​បំផ្លាញទំនុក​ចិត្ត​អ្នក​គាំទ្រ។

ស្របពេល​ហ្វេន​ទាំង​នោះ​ដុតដៃដុតជើង​រក​គ្រប់មធ្យោបាយ​បណ្ដេញ​ Chen យ៉ាង​ណា​ក៏​មិន​បាន​ការ​ដែរ ព្រោះ​ SM មិនអាចធ្វើ​តាម​បានទេ​ និង​បញ្ជាក់​ថា​ Chen នឹង​ត្រូវនៅ​ជាមួយ​ក្រុម​បន្ត​ទៀត។

៣. Anti-Fan ព្យាយាម​ដក​ IZ*ONE ពី​កម្មវិធី Music Bank

ពេល​ IZONE វិល​មក​វិញ​ជាមួយ​នឹង​បទ​ «Fiesta» មនុស្ស​មួយ​ក្រុម​ដែលមាន​គ្នា ៥០០០នាក់បាន​ធ្វើ​បាតុកម្ម​ដោយ​រៀប​លិខិត​ហាមប្រាម​មិន​ឲ្យ​ក្រុម​នេះ​មាន​មុខក្នុង​កម្មវិធី​ Music Bank ដាច់ខាត។ ទោះ​ជា​យ៉ាងណា​ KBS មិន​បាន​ចាត់​ការ​តាម​ការ​ស្នើរ​សុំ​ឡើយ​ ដោយ​បញ្ជាក់​បន្ថែម​ថា​ក្រុម​ IZONE នឹង​បង្ហាញ​មុខ​សម្ដែង​ក្នុង​កម្មវិធី​ Music Bank ជាធម្មតា។

៤. Anti-Fan នាំគ្នា​ឌឺដង​ដាក់ Mina (ក្រុម TWICE)

ក្រុម​មនុស្ស​ទាំង​នោះ​ព្យាយាម​ ផ្លែផ្កា​ និង​នាំ​រឿង​ឥតឈប់​ដាក់​ Mina ក្រោយ​រូប​ភាព​នាង​ និង​ BamBam (ក្រុម GOT7) ចេញ​ផ្សាយ។

ក្រោយ​មក​ផលិតកម្ម JYP ក៏​បាន​បញ្ជាក់​ដែរថា​តារា​ទាំង ២មិន​បាន​ស្រឡាញ់​ទេ​ ប៉ុន្តែ​អ្នក​មិន​ពេញ​ចិត្ត​ទាំង​នោះ​នៅ​តែ​មាន​អារម្មណ៍​ថា​ ហាក់​ដូចជា​នៅ​មាន​អាថ៌កំបាំង​នៅ​ពី​ក្រោយ​រូប​ថត​នេះ។ ចំនួន​រិះ​គន់​ច្រើន​យ៉ាង​ក៏​នៅ​តែ​មិន​បាន​ធ្វើ​ឲ្យ​ប្រជាប្រិយភាព​របស់​តារា​ស្រីរូប​នេះ​ធ្លាក់​ចុះដែរ មាន​តែ​កើន​ឡើង​ថែម​ទៀត។

៥. Anti-Fan ព្យាយាមផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​រូប​ថត​របស់​ BLACKPINK

ឡានការ៉េម​តូច​មាន​ឈ្មោះ​ Jennie ពី​លើ​ ដែល​បង្ហាញ​ក្នុង​បទ​ «As If It's Your Last» ធ្លាប់​ត្រូវ​បាន​ដាក់​ឲ្យ​ BLINKs មក​យក​ការ៉េម​ញ៉ាំ​កាលពីមុន។ ប៉ុន្តែ​អ្នក​គាំទ្រ​ដែល​មិន​ចូល​ចិត្ត​ខ្លះ បែរ​ជា​កែ​ពាក្យ​លើ​ឡាន​នោះ​មក​ជា​ឃ្លា​ដែល​មាន​ន័យ​មិន​ល្អទៅវិញ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម