• 2020-07-29 02:49:30
  • ស្ទីលតារា

មើល​មួយ​ភ្លែត​ច្បាស់​ចាប់​ច្រឡំ អ្នក​គាំទ្រ ថា កែវ ស្រី​នាង និង​កូន​ស្រី​តែ​ម្នាក់ សម​ជា​កូន​ភ្លោះ​ជាង​ម្ដាយ និង​កូន

  • 2020-07-29 02:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

ត្បិត​ថា​បាន​រៀបការ​មាន​ស្វាមី​ច្រើន​ឆ្នាំ ព្រម​ទាំង​មាន​កូន​ម្នាក់​ផង ប៉ុន្តែ កែវ ស្រី​នាង កម្រ​នឹង​បញ្ចេញ​ព័ត៌មាន​ពី​កូន​រូប​នោះ​ណាស់ ពោល​គឺ​យូរ​ៗ​ទើប​នាង​បញ្ចេញ​ម្ដង ដូច​ជា​ពេល​នេះ តាម​រយៈ​រូបភាព​ប៉ុន្មាន​សន្លឹក​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា កូន​ស្រី​របស់​នាង​ពេល​នេះ ពេញ​ក្រមុំ​ទៅ​ហើយ ហើយ​សម្រស់​ក៏​ស្រស់​ស្អាត​ដូច​គ្នា​ថែម​ទៀត។

នេះ​គឺ​ជា​កូន​ស្រី​ទោល​ក្នុង​គ្រួសារ​របស់ កែវ ស្រីនាង និង​ស្វាមី​ជា​អ្នក​ជំនួញ​ជនជាតិ​អង់គ្លេស។ តាំង​ពី​មាន​កូន​ស្រី​នេះ​មក តាម​ការ​កត់​សម្គាល់ ស្រី​នាង មិន​ធ្លាប់​បង្ហាញ​មុខ​ក្នុង​ពេល កូន​ស្រី​នៅ​តូច​ៗ​នោះ​ទេ។ តារា​ស្រី បាន​ចេញ​មុខ​ជាមួយ​កូន​ស្រី ចាប់​ពី​ឆ្នាំ ២០១៨ មក ក្នុង​ពេល​ដែល​គេ​មើល​ឃើញ​ថា កូន​ស្រី​តែ​ម្នាក់​របស់​តារា​សម្ដែង​ជើង​ចាស់ គឺ​ធំ​ប៉ុន​ម្ដាយ​ទៅ​ហើយ។

យ៉ាង​ណា​ដោយ​សារ​ទម្លាប់​មិន​សូវ​បើក​កកាយ​ពី​ក្នុង​ក្រុម​គ្រួសារ មក​ទល់​បច្ចុប្បន្ន​គេ​មិន​ទាន់​ដឹង​ថា កូន​ស្រី​ដែល​ពេញ​រូប​ពេញ​រាង​រូប​នេះ មាន​ឈ្មោះ​អ្វី​នោះ​ទេ។ អ្វី​ដែល​ដឹង​នៅ​ពេល​នេះ គឺ​ថា យុវតី ពិត​ជា​មាន​សម្រស់​ស្រស់​ស្អាត​មិន​ធម្មតា​ក្នុង​នាម​ជា​កូន​កាត់ ខ្មែរ និង​អង់គ្លេស។ ចំណុច​គួរ​ចាប់​អារម្មណ៍​មួយ​ទៀត ម្ដាយ និង​កូន​ស្រី រូប​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន លើក​ឡើង​ថា ពួក​គេ​សម​ជា​បង​ប្អូន ជា​ជាង​ម្ដាយ និង​កូន ឯ​អ្នក​ខ្លះ​ទៀត​ថា ពួក​គេ​សម​ជា​កូន​ភ្លោះ​ជាង។

ចំណុច​នេះ ដោយ​សារ​ថា ស្រី​នាង ត្បិត​ថា​ពេល​នេះ​មាន​វ័យ ៣៨​ឆ្នាំ​ទៅ​ហើយ នោះ​នៅ​តែ​រក្សា​សម្រស់​បាន​ស្រស់​ស្អាត និង​ហាក់​មិន​ព្រម​ចាស់​សោះ។ ដូច្នេះ​ហើយ ស្រប​ពេល​កូន​ស្រី​កាន់​តែ​ចម្រើន​វ័យ ឈាន​ដល់​វ័យ​ពេញ​ក្រមុំ ទើប​គេ​មើល​ឃើញ​ថា ម្ដាយ​កូន​២នាក់​នេះ ត្រដុំ​ត្រសង​នឹង​គ្នា ពោល​គឺ​ស្អាត​ដូច​ៗ​គ្នា​តែ​ម្ដង។

កែវ ស្រីនាង បាន​ចូល​ប្រឡូក​សិល្បៈ​ក្នុង​ឆ្នាំ ២០០៣ ក្រោម​ការ​ណែនាំ​របស់​បង​ស្រី​របស់​នាង កែវ ពិសី ដែល​ជា​តារា​ដ៏​ល្បី​នា​ពេល​នោះ។ នាង​បាន​សាង​កេរ្តិ៍​ឈ្មោះ​តាម​រយៈ​ការ​សម្ដែង​ក្នុង​រឿង​ដំបូង​មាន​ចំណង​ជើង​ថា "ទណ្ឌកម្ម​ស្នេហ៍" ដោយ​នាង​សម្ដែង​ជា​តួ​អង្គ​ឈ្មោះ "មុំ" ជាមួយ​តួប្រុស លោក ស៊ុក សុភា សម្ដែង​ជា​តួ​នាយ "ខៀវ"។ តារា​ប្រុស​ស្រី​១​គូ​នេះ ចាប់​ផ្ដើម​ល្បី​ឈ្មោះ​តាម​រយៈ​រឿង​នេះ​ជាមួយ​គ្នា។

ល្បី​ឈ្មោះ​មិន​បាន​ប៉ុន្មាន​ផង ស្រី​នាង ក៏​ត្រូវ​បាន​បុរស​ជនជាតិ​អង់គ្លេស​ឈ្មោះ Briyan ជា​អ្នក​ជំនួញ ចាប់​ចិត្ត​ប្រតិព័ទ្ធ ហើយ​ទី​បំផុត​នៅ​ចុង​ឆ្នាំ ២០០៣ ពួក​គេ​ក៏​បាន​ចូល​រោងការ​ជាមួយ​គ្នា​យ៉ាង​អធិកអធម។ ក្រោយ​មក​នាង ពួក​គេ​ទទួល​បាន​ចំណង​ដៃ​កូន​ស្រី​ម្នាក់​រហូត​មក​ដល់​បច្ចុប្បន្ន ពោល​គឺ​ជា​យុវតី​ដ៏​ស្រស់​ស្អាត ដូច​ប្រិយមិត្ត​បាន​ឃើញ​នៅ​ពេល​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់