
- ពុធ, 29 កក្កដា 2020 03:42
- ព័ត៌មាន
ស្រីម៉ុច៖ ទោះជាស្លាប់ទៅ ក៏ខ្ញុំមិនចោលភាពសិចសុីនោះដែរ
- ពុធ, 29 កក្កដា 2020 03:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីម៉ុច៖ ទោះជាស្លាប់ទៅ ក៏ខ្ញុំមិនចោលភាពសិចសុីនោះដែរ
ចន្លោះមិនឃើញ
ស្រីម៉ុច ត្រូវបានគេស្គាល់ថាជាអតីតតារាសម្ដែងដ៏សិចស៊ីបំផុតមួយរូប ក្នុងចំណោមតារាស្រីនៅកម្ពុជា។ ទោះបីជាដើរចេញពីវិស័យសិល្បៈទៅហើយក្ដី ក៏អ្នកគាំទ្រ នៅតែបន្តគាំទ្រអ្នកនាង ស្រីម៉ុច តាមរយៈបណ្ដាញសង្គម Facebook និង Instagram។ តាមរយៈបណ្ដាញសង្គមទាំងនោះ គេចាប់អារម្មណ៍រឿង២ គឺទី១ អ្នកនាងនៅតែស្រស់ស្អាត ទោះអាយុកាន់តែច្រើន និងកាន់តែសិចស៊ីដដែល ទោះធ្លាប់មានអ្នករិះគន់នាពេលកន្លងមកក៏ដោយ។
ទាក់ទងបញ្ហាសម្រស់ក្មេងជាងវ័យនេះដែរ ស្រីម៉ុច បានថ្លែងប្រាប់ [Sabay] ថា "គ្មាននរណាម្នាក់ស្អាត perfect ពីធម្មជាតិនោះទេ ត្រូវតែមានជំនួយខាងវិទ្យាសាស្រ្ដខ្លះហើយ។ បន្ថែមលើនេះ សុខភាពផ្លូវចិត្តក៏ជារឿងសំខាន់ ដែលរួមចំណែកដល់សម្រស់ផងដែរ។ ខ្ញុំជាមនុស្សចូលចិត្តសប្បាយ ខ្ញុំមើលពិភពលោកក្នុងផ្លូវល្អជានិច្ច ហើយស្វាមីខ្ញុំក៏គាំទ្រគ្រប់អ្វីដែលខ្ញុំបានធ្វើ។ ចំណែកសំខាន់មួយទៀត គឺការហាត់ប្រាណ។ ខ្ញុំសូមណែនាំបងប្អូន ឲ្យចំណាយពេលយ៉ាងតិច ១៥នាទីក្នុង១ថ្ងៃ សម្រាប់សុខភាព និងសម្រស់យើងទាំងអស់គ្នា"។
ទាក់ទងនឹងភាពសិចស៊ីវិញ អ្នកនាងស្រីម៉ុច នៅតែប្រកាន់ជំហរសិចស៊ី មិនផ្លាស់ប្ដូរនោះទេ ទោះមានអ្នករិះគន់អ្នកស្រីយ៉ាងណាក្ដី។ អតីតតារាសម្ដែង វ័យ ៤០ឆ្នាំ បានថ្លែងថា៖ "គ្មានប្រយោជន៍អ្វី ដែលខ្ញុំត្រូវឆ្លើយតបទៅកាន់អ្នកដែលមិនយល់ មិនចូលចិត្ត ឬអ្នកយករឿងគេមកនិយាយ ជេរគេទាំងមិនដែលស្គាល់គេផង។ ខ្ញុំមិនអាចហាមមិនឲ្យពួកគាត់បានទេ ព្រោះជាសិទ្ធិរបស់ពួកគាត់ តែសូមមេត្តាបញ្ចេញយោបល់របៀបអ្នកចេះដឹងរៀនសូត្រ កុំអាងមានមាត់ចេះតែនិយាយ"។
ស្រីម៉ុច បន្ថែមថា៖ "ខ្ញុំចូលចិត្តនូវអ្វីដែលខ្ញុំធ្វើមាន។ ខ្ញុំសូមអរគុណដល់អ្នកគាំទ្រ ដែលបានស្រលាញ់អ្នកនាងតាំងពីដើមមក។ ខ្ញុំសូមផ្តាំថា ទោះជាស្លាប់ទៅ ក៏មិនចោលភាពសិចសុីនោះដែរ ហើយខ្ញុំក៏កំពុងបង្រៀនកូនស្រីតែមួយរបស់ខ្ញុំ ឲ្យចេះសិចសុីដូចខ្ញុំអ៊ីចឹង"។
គួររំលឹកផងដែរថា ស្រីម៉ុច បានចាកចេញពីវិស័យសិល្បៈប្រមាណជា ១០ឆ្នាំមកហើយ ហើយក៏មិនមានបំណងចង់វិលត្រឡប់វិញដែរ ក្រោមហេតុផលមមិនចង់ប្រឈមមុខនឹងការជេរប្រទេច ដោយមិនសមហេតុផល ហើយជាពិសេសគឺអ្នកនាង ទុកពេលវេលាមើលថែកូនៗ៕