• 2018-05-26 01:30:00
  • ព័ត៌មាន

ល្ខោនយីកេមានប្រវត្តិ និងចំណុចពិសេស កម្រមានអ្នកដឹង​​​

  • 2018-05-26 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ខោន​យីកេ​មិន​សូវ​មាន​អ្នក​ដឹង​ពី​ប្រវត្តិ​របស់​វា​នោះ​ទេ​ ហើយ​ក៏​មិន​ស៊ូវ​មាន​សកម្មភាព​ចេញ​សម្ដែង​ដែរ ទោះ​ជា​ល្ខោន​មួយ​នេះបាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​មហាជន​ខ្មែរ​ជា​យូរ​ឆ្នាំ​មក​ហើយ​ក្តី​។

១. ការពន្យល់ ជុំវិញ​ប្រវត្តិល្ខោនយីកេ

បើ​តាម​ប្រសាសន៍​របស់​អ្នក​គ្រូ​ អ៊ុយ​ ល​តាវណ្ណ​ គ្រូ​បង្ហាត់​យី​កេ​នៅ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ថា​ ល្ខោន​នេះ​អាច​មាន​ប្រភព​មក​ពី​កោះ ជ្វា​។ អ្នកគ្រូបាន​រៀប​រាប់​ពី​ប្រវត្តិ​ទម្រង់​ល្ខោន​យីកេថា​ មាន​ប្រវត្តិ​ទាក់​ទង​នឹងប្រវត្តិ​សាស្ត្រ​ច្រើន​ ហើយ​តាម​ការ​​សន្និដ្ឋាន​របស់​អ្នក​ស្រាវ​ជ្រា​វ​បាន​លើក​ឡើង​ថា​ អាច​មាន​ប្រភព​មក​ពី​កោះ​ជ្វា​ ក្នុង ​អំឡុង​គ.ស ​៨០២​ ដោយ​ផ្អែក​ទៅ​លើទំនាក់​ទំនង​ពី​បុព្វកាល​។

អ្នក​គ្រូ​ អ៊ុយ​ ល​តាវណ្ណ​ គ្រូ​បង្ហាត់​យី​កេ​នៅ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​

ដូច​គ្នា​នេះ​ដែរតាម​សៀវ​ភៅ​យីកេ​ និង​ល្ខោនបាសាក់ របស់​លោក​ ពេជ្រ​ ទុំក្រ​វិល​ ឆ្នាំ ១៩៩៧ បង្ហាញ​សេច​​ក្តី​សន្និដ្ឋានថា ​ទម្រង់​ល្ខោន​យីកេ​នេះ​អាច​មាន​ប្រភព​មក​ពី​កោះ​ជ្វា​ ឬ​ម៉ាឡាយូ  ហើយ​ថា​ល្ខោន​នេះ​មាន​ប្រភេទ​ល្ខោន​រាំ​ផង​ច្រៀង​ផង។

កត្តា​ដែល​គេ​បាន​លើក​ឡើង​ដូច្នេះ​ព្រោះមាន​ទឡ្ហី​ករណ៍ ៥ចំណុច គឺ ប្រវត្តិសាស្ត្រ របៀបសម្តែង ចម្រៀង ការ​តុប​តែង​កាយ និងឧបករណ៍​ស្គរ​យី​កេ​ជា​ដើម។​ ចំណុច​ប្រវត្តិ​សាស្ត្រ​ទំនាក់​ទំនង​ខ្មែរ ​និង​ចាម ​អាច​មាន​តាំង​សតវត្សទី១ នៃ គ.ស។ ចំណែក​កត្តា​ចម្រៀង​ដែល​ប្រើ​ក្នុង​ការ​សម្តែង​យីកេ ​មាន​បទ​ម៉ារី​យឹង​ ដែល​ដូច​គ្នា​សុទ្ធ​សាធ​ទៅ​នឹងបទ​ធម្ម​ស្មូត​របស់​ចាម។

ចំពោះ​ការ​តុប​តែង​ខ្លួន​ក្នុង​ពេល​សម្តែង​តាម​សៀវ​ភៅ​យីកេ​ និង ​ល្ខោន​បាសាក់ ​របស់​លោក​ ពេជ្រ ​ក្រទុំ​វិល​ ឆ្នាំ​ ១៩៩៧​ បាន​រៀប​រាប់​ថា ​មាន​លក្ខណៈ​ដូច​គ្រឿង​លម្អ​នៅ​លើ​ក្បាល​ដូច​ជា​គ្រឿង​លម្អ​សក់​របស់​ស្ដេច​ចាម​។ ចំណែក​ស្គរ​យីកេ​ក៏​ជា​ឧបករណ៍​មួយ​ដែល​មាន​រូប​រាង​ប្រហាក់​ប្រហែល​ទៅ​នឹងស្គរ​សក្ការៈ​ ចាម​ជ្វា ​(របាំ​រាំ​ថ្វាយ​អាទិ​ទេព) ឬ​ពិធី​រៀប​ការ​ចាម​ជ្វា ​គេ​ឃើញ​មាន​ប្រើ​ស្គរ​យីកេ​នេះ។ ចំណុចមួយ​ទៀត​របៀប​សម្តែង​យីកេ​ពី​បុរាណ​ គេ​សម្តែង​ មាន​លក្ខណៈ​ដូច​អង្គុយ​ដំ​កង់​ ហើយ​វា​ក៏​ដូច​ទៅ​នឹងជន​ជាតិ​ចាម​អង្គុយ​ដំ​កង់​សូត្រ​ធម៌​ ដោយ​មាន​ការ​វាយ​ស្គរ​ផង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​សារល្ខោន​យីកេ​បាន​ចូល​ក្នុង​សង្គម​ខ្មែរ​ជា​ច្រើន​ទសវត្ស​រ៍ ក៏​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ទៅ​ជា​មាន​លក្ខណៈ​ខ្មែរ។​​ កាល​បើ​ស្ដាប់​បទ​ចម្រៀង​យីកេ​ មាន​ពាក្យ​មួយ​ចំនួន​ ជា​ពិសេស ​ពាក្យ​ឡាំ ឬ​ ពាក្យ​បន្ទរ ជា​គឺ​ពាក្យ​មិន​អាច​ពន្យល់​ ឬ​ក៏​មិន​អាច​កំណត់​ថា​ជា​ភាសា​ជាតិ​សាសន៍​ណា​មួយ​ឲ្យ​ច្បាស់​លាស់​នោះ​ទេ​។

រាំហោមរោង

២. ក្បាច់​ល្ខោនយីកេ​​ និងការ​ពេញ​និយម​ ​ ល្ខោន​នេះ​មាន​លក្ខណៈពិសេស​ម្យ៉ាងទៀត គឺសិល្បករ​ល្ខោនយីកេ​នេះ ត្រូវ​ចេះ​ទាំង​រាំ និងចេះ​ទាំង​ច្រៀង​។ ល្ខោន យីកេ​នេះ​មាន​៤ក្បាច់​ក្នុង​ការរាំ ​ដូចជា​ ក្បាច់​ហោមរោង ក្បាច់​ដើរ ក្បាច់​បញ្ជូន​ចម្រៀង​ និងក្បាច់​សម្រាប់​ច្បាំង​ជា​ដើម។

ចំពោះ​ចំណុច​ពិសេស​ របស់​ល្ខោន​យីកេ ​គឺ​ស្ថិត​នៅ​លើ​ការ​ពោល​ដឹក​រឿង​ រួម​នឹងស្គរយីកេ អាច២ ឬមាន១៣ស្គរស្រេចលើវង់តូច និងវង់​ធំ ។ អ្នក​ពោល​ជា​គ្រូ​នៃ​វង់​ល្ខោន​យី​កេ គឺ​ជា​អ្នក​ដឹក​នាំ​ការ​សម្ដែង​ទាំង​មូល​ក្នុង​ដំណើរ​រឿង​ ។ ល្ខោន​នេះ មាន​ការ​និយម​​នៅ​ខេត្ត​តាកែ កំពត កំពង់ចាម សៀមរាប កំពង់ឆ្នាំង ស្វាយរៀង  ពោធិ៍សាត់​ជាដើម​ ។

ឆាកមួយក្នុងរឿងសព្វ​សិទ្ធ​

៣.បទ​​ចម្រៀងបម្រើ​ឲ្យ​ការសម្ដែង​ក្នុង​ល្ខោន​យីកេ​

យី​កេ​ជា​ប្រភេទ​ល្ខោន​មួយ​ដែល​មាន​វ័យ​ចំណាស់ ហើយមាន​បទ​ចម្រៀង​ប្រមាណ ​៨៣​ បទ​សម្រាប់​ចម្រៀង​​ក្នុង​ពេល​សម្តែង​ ក្នុង​នោះ​បទ​ចម្រៀង​ គឺ​គេ​ប្រើ​តាម​បរិយាកាស​ផ្សេងៗ​ដូច​ជា​ ៖ បទ​សម្រាប់​ដំណើរ​ យីកេមាន១៨បទ  ចែចង់៤បទ  កម្សត់មាន៩ បទ រៀប​រាប់​ពីអ្វី​មួយ មាន៧បទ។ បើ​យោង​តាម​សៀវភៅ​របស់​មន្ទីរ​វប្បធម៌ ​និងវិចិត្រ​សិល្បៈ​ខេត្ត​តាកែវ "ឯក​សារ​ចម្រៀង​យីកេ" បោះពុម្ពឆ្នាំ២០០៦ បានរកឃើញបទចម្រៀងបន្ថែមប្រមាណ៧បទបន្ថែមទៀត។ ចំណែក​ឧបករណ៍​ដែល​ប្រើ​ក្នុង​ទម្រង់​សិល្បៈ​នេះ​មាន​ ស្គរ​យីកេ ​២ឬ ១៣ ទ្រអ៊ូ១ និង ស្រឡៃ១។ តាម​ការ​អង្កេត​មើល​សាច់​រឿង​ដែល​គេ​លើក​យក​មក​សម្តែង​ ជា​ប្រភេទ​រឿង​កម្សត់ ​មាន​ដូច​ជា រឿង​ម៉ាក់ថឺង រឿង​ទុំទាវ និង រឿង​សព្វ​សិទ្ធ​ជា​ដើម៕ 

ឆាកមួយក្នុងរឿងសព្វ​សិទ្ធ​

   

ឆាកមួយក្នុងរឿងម៉ាក់ថឹង

អត្ថបទ៖ ច្រឹក ស្រីអូន

មតិយោបល់
អត្ថបទថ្មី