• 2023-08-08 02:51:42
  • ភាពយន្ត

ព្រឹត្តិការណ៍សប្តាហ៍ផ្លាស់ប្ដូរភាពយន្ត និងវប្បធម៌កម្ពុជា-ចិន២០២៣ ធ្វើឡើងក្រោមវត្ដមានរដ្ឋមន្ដ្រីក្រសួងវប្បធម៌

  • 2023-08-08 02:51:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីចិន បានរៀបចំពិធីបើកសប្តាហ៍ផ្លាស់ប្ដូរភាពយន្តនិងវប្បធម៌ កម្ពុជា ចិន នៅរោងភាពយន្តLegend Olympia នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។ គោលបំណងធំ នៃកម្មវិធីនេះ គឺដើម្បីរួមចំណែកលើកកម្ពស់ កិច្ចសន្ទនាវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ស្របពេលដែលប្រទេសទាំងពីរ ប្រារព្ធខួបលើក ទី៦៥ នៃទំនាក់ទំនងការទូត។

ថ្លែងក្នុងពិធីបើក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថាការរៀបចំសប្តាហ៍ផ្លាស់ប្ដូរភាពយន្ត និងវប្បធម៌កម្ពុជា-ចិន នាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ក្នុងការលើកកម្ពស់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យភាពយន្ត និងឱកាសសម្រាប់អ្នកដឹកនាំរឿង ផលិតករ និងអ្នកដែលមានអាជីពក្នុងវិស័យភាពយន្ត ជួបជុំគ្នា ចែករំលែកចំណេះដឹង បទពិសោធពីគ្នាទៅវិញទៅមក និងស្វែងរក ឱកាសវិនិយោគថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្ត និងវប្បធម៌ទេសទាំងពីរ។

លោកជំទាវបន្តថា ពិតណាស់ ទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ មានតាំងពីសម័យកាលយូរលង់ មកហើយ។ ឈរលើមូលដ្ឋាន នៃទំនាក់ទំនងជាប្រវត្តិសាស្ត្រនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានរួមគ្នាប្រឹងប្រែង ពូនជ្រុំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំថែមទៀតជាលំដាប់ រហូតឈានដល់ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានេះដែរ លោកជំទាវ LU JING សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិកាបក្សទីក្រុង ហ្វូជូវ នៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ថា ទំនាក់ទនងកម្ពុជា-ចិន ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈ។ ជាក់ស្តែងនៅពេលនេះ សប្តាហ៍ផ្លាស់ប្ដូរភាពយន្ត និងវប្បធម៌កម្ពុជា-ចិន បានបង្ហាញយ៉ាងច្បាស់ពីការការខិតខំជំរុញ កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។

លោកជំទាវបន្ថែមថា ពួកយើងយកភាពយន្តធ្វើជាខ្សែក្រវាត់ ដើម្បីជាការខិតខំបង្កើតសហប្រតិបត្តិការរវាងគ្នាទៅវិញទៅមក ជំរុញឱ្យស្គាល់គ្នាទៅវិញទៅមកផ្នែកវប្បធម៌ អរិយធម៌ និងការយល់គ្នារវាងប្រជាជន និងប្រជាជន ហើយបង្កើតក្តីស្រមៃ រួមគ្នាឆ្ពោះទៅរកអនាគតរួមគ្នា។

សូមបញ្ជាក់ថា ក្រោមក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀងផ្នែកវប្បធម៌ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងក្រោមក្របខ័ណ្ឌនៃកម្មវិធីសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា និងក្រសួងវប្បធម៌ និងទេសចរណ៍ចិន ភាគីទាំងពីរបានធ្វើការផ្លាស់ប្ដូរទស្សនកិច្ចវប្បធម៌ រៀបចំសកម្មភាពសិល្បៈ និងវប្បធម៌នានា ដូចជាការសម្តែងសិល្បៈ ការតាំងពិព័រណ៍ មហោស្រពវប្បធម៌ ការបញ្ចាំងភាពយន្ត ការសិក្សាស្រាវជ្រាវ និងការគាំទ្រដល់កិច្ចសហប្រតិបត្តិការផ្នែកបុរាណវិទ្យា សារមន្ទីរ បណ្ណាល័យ និងការអភិរក្សបេតិកភណ្ឌវប្បធម៌។ ទន្ទឹមនេះ មិត្តចិនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងគាំទ្រដល់ការបណ្តុះបណ្តាលជំនាញ លើវិស័យវប្បធម៌ ជាបន្តបន្ទាប់ទៀតផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម