• 2022-07-19 07:56:57
  • ព័ត៌មាន

ដឹងពីអត្ថន័យដ៏ជ្រាលជ្រៅនៃក្បាច់កាយវិការ ទាំង៨ តែងឃើញក្នុងរបាំបុរាណ កូនខ្មែរមួយចំនួនមិនធ្លាប់ដឹង

  • 2022-07-19 07:56:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់ទម្រង់ក្បាច់កាយវិការ ដែលបង្ហាញនៅក្នុងរបាំបុរាណខ្មែរសុទ្ធតែបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ តាមរយៈការបង្ហាញពីសំណាក់សិល្បករ-សិល្បការិនី ដែលជាតួអង្គសម្ដែងក្នុងរបាំនីមួយៗ។ ក្បាច់ពត់ពែន ល្វតល្វន់នៅក្នុងរបាំខ្មែរ មានច្រើនបែប ច្រើនយ៉ាង និងច្រើនទម្រង់ណាស់ ប៉ុន្តែថ្ងៃនេះយើងមកស្វែងយល់ទាំងអស់គ្នាពីភាសាក្បាច់មួយចំនួន ដែលបង្កប់អត្ថន័យផ្សារភ្ជាប់នឹងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ បើតាមកិច្ចសម្ភាសជាមួយលោកជំទាវសាស្ត្រាចារ្យ សុទ្ធ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអធិប្បាយបង្ហាញពីអត្ថន័យភាសាក្បាច់មួយចំនួន ក្នុងរបាំបុរាណខ្មែរដូចខាងក្រោម៖

១.ក្បាច់ស្រឡាញ់

ដៃទាំងពីរត្រូវដាក់ខ្វែងគ្នាជាប់ទ្រូង មានន័យថាដូចឱបជាប់ទ្រូង។

២.ក្បាច់សប្បាយ

យកដៃពីរផ្ទំគ្មាហើយយកដាក់ត្រឹមមាត់ រួចលាដៃមកមុខជាបែបរបាំគឺ ស្មើនឹងក្បាច់សើច មានន័យថាសប្បាយ។

៣.ក្បាច់យំ

យកដៃឆ្វេងជ្រងក្បាលរួចប្រើក្បាច់ជូតទឹកភ្នែក។

លោកជំទាវក៏បានបន្ថែមទៀតផងដែរថាក្បាច់ខ្មែរប្រៀបដូចជារុក្ខជាតិមួយ ដែលបន្ដដុះចលនាចាប់ផ្ដើមពីលូតលាស់រហូតដល់ផ្លែផ្ការួចជ្រុះមកវិញហើយបន្តលូតលាស់ជាបន្តបន្ទាប់ទៀតដូចមានខាងក្រោម៖

៤.ក្បាច់ចង្អុល

ដោយប្រើដៃឆ្វេងយកម្រាមចង្អុលដៃចង្អុលទៅមុខរួចយកម្រាមទាំងបី មកផ្ទប់ជាមួយមេដៃមានន័យថាចង្អុលជិតចង្អុលឆ្ងាយបើប្រៀបធៀបជាមួយរុក្ខជាតិមានន័យថាលាស់ត្រួយ ដែលកើតពីការដាំដុះមក។

៥.ក្បាច់លា

យកម្រាមដៃទាំងបួនលាហើយយកមេដៃចង្អុលមកមុខ ដើម្បីជាសោភ័ណហើយជាតំណាងឲ្យស្លឹក។

៦.ក្បាច់ជីប

យកមេដៃ និងចង្អុលដៃផ្គុំគ្មារួចម្រាមដៃទាំងបីទៀតដាក់លាទៅមុខបញ្រ្ចាស់គ្នា។ ក្បាច់នេះមានន័យថាក្បាច់ផ្កា ផ្ការីកឫផ្កាក្រពុំ ។

៧.ក្បាច់ផ្លែ

យកមេដៃ និងម្រាមដៃកណ្ដាលផ្គុំគ្មារួចលាម្រាមដៃទាំងបីទៅមុខហើយផ្កាប់ដៃទៅមុខឡើងលើ។

៨.ក្បាច់ជ្រុះ

យកមេដៃ និងម្រាមដៃកណ្ដាលផ្គុំគ្នារួចលាម្រាមដៃទាំងបីទៅមុខហើយផ្ងាដៃឡើងមកលើវិញ។

លោកជំទាវបានសង្កត់ធ្ងន់ទៀតថា របាំក្បាច់បុរាណខ្មែរនៅតែបន្តដុះ បាត់ទៅហើយ ដុះឡើងវិញ ប្រៀបបីដូចជាការបន្តវេនពីយុវជនជំនាន់ក្រោយ ក្នុងការថែរក្សាសិល្បៈបុរាណខ្មែរ បើសិនជាយើងនៅរក្សាដុះពន្លក រហូតមានផ្លែជ្រុះទុំទៅវិញ ហើយនិងដុះច្រើនមកវិញថែមទៀត។ ដើម្បីចូលរួមលើកតម្កើនសិល្បៈ វប្បធម៌ របាំបុរាណខ្មែរ ក្រុមយុវជន ស.ស.យ.ក. ខេត្តស្វាយរៀង បានសហការជាមួយស្ថានីយទូរទស្សន៍បាយ័ន ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធីប្រឡងផ្នែកសិល្បៈបុរាណខ្មែរដ៏ធំមួយក្នុងឆ្នាំ២០២២នេះ។ កម្មវិធីប្រឡងក្នុងទម្រង់ សិល្បៈបុរាណខ្មែរនេះ នឹងប្រកាសជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះហើយ៕

មតិយោបល់