• 2020-09-22 08:17:53
  • ព័ត៌មាន

ឡូយ​តើ! ខូវីដ​១៩បើក​ផ្លូវ លាង ឧត្តម បើក​ទីផ្សារ​ដែរ ក្រោយ​សម្ងំ​ចាយ​លុយ​ចាស់​ចង់​ដាច់​ស្តុក

  • 2020-09-22 08:17:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី ខូវីដ ១៩ យាយី​ធ្វើ​ឲ្យ​ផ្អាក​ដំណើរ​ការ​អាជីវកម្ម​នានា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​មិន​ថា​សាមញ្ញជន​ ឬ​សិល្បករ​នោះ ឥឡូវ​នេះ​លោក លាង ឧត្តម បាន​បើក​ទីផ្សារ​ថ្មី​ដែរ​ហើយ ក្រោយ​ការ​យាយី​ក្នុង​ស្រុក​ហាក់​ត្រូវ​គ្រប់​គ្រង​បាន។

ឧត្ដម បាន​ឲ្យដឹង​ថា ដូច​គ្នា​សិល្បករ​ដទៃ​ទៀត​ដែរ ដែល​បាន​ជួប​ប្រទះ​ការ​លំបាក​ខាង​ផ្នែក​សេដ្ឋកិច្ច​អំឡុង​ខូវីដ១៩ គំរាម​កំហែង​ខ្លាំង​កាល​ពី​ប៉ុន្មាន​ខែ​មុន​នោះ គឺ​លោក​បាន​ស្ថិត​ក្នុង​សភាព​ស្ងាត់​ឈឹង ស្រប​ពេល​ការងារ​សិល្បៈ​ទាំង​ឡាយ​ត្រូវ​ផ្អាក​ទាំង​អស់ ធ្វើ​ឲ្យ​ដង្ហើម​សេដ្ឋកិច្ច​ក៏​ស្ទើរ​តែ​ស្ទះ​ដែរ។ “កាល​មុន​ខូវីដ ការងារ​ច្រើន​ដែរ​ហ្នឹង គ្រាន់​តែ​ ខូវីដ មក​ដល់ អា​ចាស់​ផ្អាក​អស់ អា​ថ្មី​ស្ងាត់​ឈឹង ដល់​អីចឹង​មាន​អី មាន​តែ​ដេក​ចាយ​លុយ​អា​ចាស់​ហ្នឹង​បង!”។

តារា​ប្រុស​បាន​បញ្ជាក់​ថា លោក​បាន​យក​ប្រាក់​ដែល​បាន​សន្សំ​ពី​ការងារ​ចាស់ មក​ដោះ​ស្រាយ​ភាព​ទីទ័ល ហើយ​លុយ​នោះ ក៏របេះ​ចង់​អស់​ដែរ។ លោក​ថា ប្រសិន​បើ​អ្វី​ៗ​នៅ​តែ​មិន​ប្រសើរ​លោក ទំនង​ជា​កាន់​តែ​យ៉ាប់​ជាង​នេះ ស្រប​ពេល​ដែល​លោក​មិន​មាន​ចំណូល​អ្វី​ផ្សេង​ក្រៅ​ពី​ការងារ​សិល្បៈ​នេះ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ គិត​មក​ត្រឹម​ពេល​នេះ ការ​យាយី​របស់​មេរោគ​សាហាវ ខូវីដ១៩ ត្រូវ​បាន​រាជរដ្ឋាភិបាល​គ្រប់​គ្រង​បាន ។ គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បាន​អោយ​ដឹង​ថា គ្មាន​ករណី​ឆ្លង​ថ្មី ជំងឺ​កូវីដ១៩ ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។ សព្វ​ថ្ងៃ​នេះ កម្ពុជា​មាន​អ្នក​ជំងឺ​កូវីដ១៩ តែ​ម្នាក់​ប៉ុណ្ណោះ ដែល​បាន និង​កំពុង​សម្រាក​ព្យាបាល នៅ​ក្នុង​មន្ទីពេទ្យ មិត្តភាព ខ្មែរ-សូវៀត ហើយ​នោះ​ជា​ករណី​នាំ​ចូល។

អំណោយ​ផល​ពី​ការ​ថមថយ​ការ​គំរាម​កំហែង ការងារ​សិល្បៈ​ក៏​វិល​មក​វិញ។ ឧត្ដម ប្រាប់​ថា គ្រាន់​ស្ថានភាព​វិល​មក​ល្អ​ប្រសើរ​បន្តិច​ម្ដងៗ លោក​ក៏​ចាប់​ផ្ដើម​បើក​ទីផ្សារ​វិញ​ដែរ ដោយ​ពេល​នេះ លោក បាន និង​កំពុង​ត្រៀម​ថត​រឿង​ចំនួន​២អោយ​ទូរទស្សន៍​ក្នុង​ស្រុក​២​ដែរ នោះ​គឺ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស "ខោល" និង​រឿង "ធុង​ពេជ្រ" របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥។ ក្រៅ​ពី​នេះ ក៏​មាន​ខ្សែ​រឿង​ខ្លះ​ទៀត ក៏​បាន​ទាក់​ទង​លោក​ដែរ ដោយ​អ្វី​ៗ​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​លក្ខខណ្ឌ​ការងារ​ជាមួយ​គ្នា។

លាង​ ឧត្តម ស្លៀក​ឯកសណ្ឋាន​ប៉ូលីស​ក្នុង​សាច់​រឿង

តារា​ពេញ​និយម​សម្រាប់​ភាពយន្ត បញ្ជាក​់ថា លោក​នឹង​ប្រឹង​ប្រែង​រក​ប្រាក់​ពី​ការងារ​សិល្បៈ​យក​មក​សន្សំ​បង្គ្រប់​នូវ​អ្វី​ដែល​បាន​ដក​ចាយ​អំឡុង​ពេលសម្រាក​ពី​ការងារ​វិញ ព្រោះ​ថា កញ្ចប់​ថវិកា​សន្សំ​ដែល​លោក​មិន​បាន​បញ្ចេញ​តួលេខ​លម្អិត​នោះ គឺ​លោក​មាន​បំណង​យក​ទៅ​វិនិយោគ​លើ​អាជីវកម្ម​មួយ​។ យ៉ាង​ណា សាមី​ខ្លួន​ក៏​មិន​បាន​បញ្ចេញ​ឲ្យ​ដឹង​ច្បាស់​ទេ​ថា លោក​កំពុង​គិត​គម្រោង​រកស៊ី​អ្វី​ផ្សេង​ក្រៅ​ពី​ការងារ​សិល្បៈ ខណៈ​កន្លង​មក លោក​ក៏​ធ្លាប់គេ​ដឹង​ថា ធ្លាប់​បើក​អាជីវកម្ម​លក់​ដូរ​ទូរស័ព្ទ​នៅ​ជម្ពូវ័ន្ត​ដែរ៕

រូបភាព៖ ហ្វេសប៊ុក លាង ឧត្តម

អត្ថបទ៖ ទារិកា

មតិយោបល់