• 2020-10-20 07:22:36
  • ព័ត៌មាន

ដំណើរ​សិក្សា​រដិបរដុប​បន្តិច ប៉ុន្តែ ស៊ីន យូប៊ីន និយាយ​៣​ភាសា​នេះ ឡើង​រ៉ាវ!

  • 2020-10-20 07:22:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

មាន​ការ​ភ្ញាក់ផ្អើល​មិន​តិច​ទេ ក្រោយ​ពី​ឃើញ​តារា​សម្ដែង​ស្រី​ដ៏​មាន​ប្រជាប្រិយភាព ស៊ីន យូប៊ីន និយាយ​ភាសា​ថៃ​យ៉ាង​ស្ទាត់​ជំនាញ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ការងារ​ជាមួយ​ជនជាតិ​ថៃ​ម្នាក់ ក្នុង​ឱកាស​ដែល​នាង​បាន​ចូល​រួម​ក្នុង​ពិធី​ក្រុងពាលី​ថត​រឿង​មួយ​នៅ​ស្ថានីយ​ទូរទស្សន៍ ភី អិន អិន កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

ស៊ីន យូប៊ីន បង្ហើប​ថា ក្រៅ​ពី​ភាសា​ខ្មែរ​ដែល​ជា​ភាសា​កំណើត នាង​អាច​និយាយ​ប្រាស្រ័យ​ទាក់ទង​ក្នុង​ការងារ​រកស៊ី ឬ​ការងារ​ក្នុង​វិស័យ​សិល្បៈ​ជាមួយ​ជនជាតិ​បរទេស​ដោយ​ប្រើ​ភាសា​ចំនួន​៣ ពោល​គឺ​ភាសា​ថៃ ឡាវ និង​អង់គ្លេស។ ចំពោះ​ភាសា​ថៃ និង​ឡាវ នាង​មិន​បាន​ចូល​រៀន​ជាប់​លាប់​នោះ​ទេ ប៉ុន្តែ​ដោយ​មាន​ការ​ស្រាវជ្រាវ និង​សិក្សា​បន្ថែម​ដោយ​ខ្លួន​ឯង ទើប​អាច​និយាយ​បាន ហើយ​នាង​ក៏​គ្រោង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​បន្ត ដើម្បី​ពង្រឹង​ភាសា​ទាំង​នេះ​ដែរ។

ស៊ីន យូប៊ីន៖"ភាសា​គោល​ដែល​ខ្ញុំ​រៀន​ហ្មង គឺ​មាន​តែ​២​ទេ គឺ​ខ្មែរ និង​អង់គ្លេស ហើយ​ភាសា​ថៃ និង​ឡាវ អាច​និយាយ​បាន​ក៏​ដោយសារ​ខ្ញុំ​រៀន​ក្រៅ​ម៉ោង សិក្សា​ស្រាវជ្រាវ​និយាយ​ខ្លួន​ឯង​បន្ថែម ទើប​ប្រើការ​បាន"។

អតីត​សិស្ស​រៀន​នៅ​វិទ្យាស្ថាន​ប៊ែលធី កញ្ញា ស៊ីន យូប៊ីន ឲ្យ​ដឹង​ថា ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី១២ នៅ​សាលា​ប៊ែលធី នាង​បាន​បន្ត​ថ្នាក់​ឧត្ដមសិក្សា​នៅ​សាលា​លីមកុងវីញ។ រៀន​បាន​ត្រឹម​ថ្នាក់​មូលដ្ឋាន​នៅ​សាលា​នេះ នាង​ក៏​ប្ដូរ​ចិត្ត​ផ្លាស់​ទៅ​រៀន​នៅ​សាកល​វិទ្យាល័យ​ស៊ី​តិច​វិញ ដោយ​ចាប់​យក​ជំនាញ​វិស្វកម្ម និង​សំណង់។

ក្រោយ​មក គឺ​នៅ​ឆ្នាំ២០១៤ ការងារ​សិល្បៈ​របស់​នាង​កាន់​តែ​រវល់​បាន​បង្ខំចិត្ដ​ឲ្យ​នាង​ព្យួរ​ឈ្មោះ​សិក្សា​ជំនាញ វិស្វកម្ម និង​សំណង់ នៅ​សាលា​ស៊ី​តិច ត្រឹម​ឆ្នាំ​ទី៣។ ប៉ុន្តែ​នាង​បញ្ជាក់​ថា​នឹង​ចូល​សិក្សា​បន្ត​នៅ​ពេល​ឆាប់ៗ​នេះ​វិញ ដោយ​នាង​កំពុង​លៃលក​ពេល​វេលា​ពី​ការងារ​សិល្បៈ និង​ជំនួញ​ក្រៅ​សិល្ប​សព្វថ្ងៃ​សិន៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម