
- ព្រហស្បតិ៍, 26 វិច្ឆិកា 2020 04:05
- ព័ត៌មាន
តារាកំប្លែងថ្មី២រូប ដែលកំពុងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ ក្រោយចេញរឿង "ពឺតនាងពឺត”
- ព្រហស្បតិ៍, 26 វិច្ឆិកា 2020 04:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាកំប្លែងថ្មី២រូប ដែលកំពុងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ ក្រោយចេញរឿង "ពឺតនាងពឺត”
ចន្លោះមិនឃើញ
បុរសខ្មែរ មុខចិនម្នាក់ បាន និងកំពុងធ្វើឲ្យមានការចាប់អារម្មណ៍ពីទស្សនិកជន ក្រោយពីលោក និងក្រុមការងារបានផលិតឈុតសម្តែងរឿងខ្លី”ពឺតនាងពឺត” រហូតផ្ទុះការគាំទ្រខ្លាំងនិងមានអ្នកចូលទស្សនាច្រើនជាង១លានដងលើបណ្តាញសង្គម។
តាមព័ត៌មាន តារាកំប្លែងស្ងួតរូបនេះ មានឈ្មោះជា សុផានិត វ័យ ៣៣ឆ្នាំ មានមុខរបរជាអ្នកគ្រប់គ្រងបុគ្គលិកក្នុងក្រុមហ៊ុន Logistics មួយ។ សុផានិត បានផ្តើមការថត គឺក្រុមការងារសុទ្ធតែជាបងប្អូននឹងគ្នាប្រមាណ៦នាក់ប៉ុណ្ណោះ ខណៈដែលជិត១ឆ្នាំនៃការរាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យពួកគាត់អផ្សុក ស្របនឹងការចូលចិត្តនិយាយ និងកាយវិការបែបកំប្លែងផង ទើបរួមគ្នាផលិតជាវីដេអូកំប្លែងខ្លីឡើង។
លោកបន្តថា ជាការកម្សាន្ត និងមិនមានការចំណាយប្រាក់នោះទេ ប៉ុន្តែក្រោយពីការបញ្ចេញជាវីដេអូមួយចំនួនបានធ្វើឲ្យគេចាប់អារម្មណ៍ ទើបលោកនិងបងប្អូនបន្តផលិតជាបន្តបន្ទាប់រហូតដល់វីដេអូថ្មីចុងក្រោយគឺរឿង ”ពឺតនាងពឺត”។ សាច់រឿងនេះ គឺកើតក្រោយលោកបានស្តាប់បទចម្រៀង”ពឺតៗ” របស់លោក ខេមរៈ សិរីមន្ត ដោយបាននាំឲ្យលោកនឹកឃើញដល់ចំណុចមួយដែលបង្កើតជាសាច់រឿងថ្មីវិញ។
ដូច្នេះហើយ លោក និងប្អូនស្រី រួមទាំងមិត្តភ័ក្តិ ក៏សម្រេចបង្កើតជាវីដេអូខ្លីដែលចំណាយការថត និងកាត់តរយៈពេល២ថ្ងៃប៉ុណ្ណោះ។ ក្រោយពីវីដេអូនេះចេញបានប៉ុន្មានថ្ងៃប៉ុណ្ណោះ ស្រាប់តែមានអ្នកចុចមើលភ្លូកទឹកភ្លូកដ។ លោក ជា សុផានិត ឲ្យដឹងថា លោកមានភ្ញាក់ផ្អើលក្រោយពីមានអ្នកចូលទស្សនា និងចែករំលែកជាច្រើន។ លោកថាបទពិសោធន៍ជីវិតមួយចំនួនដែលលោកធ្លាប់បានឆ្លងកាត់ហើយចែករំលែកជាវីដេអូខ្លីលើបណ្តាញសង្គមកន្លងមកក៏ទទួលបានការគាំទ្រច្រើនដែរដែលជាកម្លាំងចិត្តសម្រាប់លោកនិងក្រុមការងារផលិតបន្ត។
លោកថាក្រៅពីវីដេអូកំប្លែងមួយចំនួនដែលបាលផលិតរួចលោកក៏នឹងបន្តផលិតវីដេអូកំប្លែងមួយចំនួនបន្ថែម ពិសេសឃ្លីបអប់រំខ្លីផង និងអប់រំជាភាគ ដែលលោករំពឹងថា មិនត្រឹមតែជាការកំប្លែងកម្សាន្តសប្បាយរីករាយទេ គឺក៏ផ្តល់ចំណេះដឹង និងអប់រំផងដែរ ហើយលោកក៏ស្វាគមន៍សមាជិកថ្មីដែរ ប្រសិនបើពួកគាត់មានទេពកោសល្យ សមត្ថភាព និងសាច់រឿងល្អៗនោះ។
ងាកមក កញ្ញា ពេញ បួយណៃ អាយុ ១៨ឆ្នាំ ដែលជាតួស្រីក្នុងវីដេអូនេះលើកឡើងដែរថា នាងក៏ភ្ញាក់ផ្អើលដូចគ្នា ក្រោយវីដេអូខ្លីរបស់ខ្លួន ទទួលបានការពេញចិត្តច្រើន ។ កញ្ញា ថាមួយឈុតរឿង “ពឺតនាងពឺត” ធ្វើឲ្យនាងពេញចិត្តខ្លាំងហើយចាប់ផ្តើមមានអ្នកស្គាល់នាងច្រើនជាងមុន។ កញ្ញា ថាកន្លងទៅកញ្ញាធ្លាប់ថតវីដេអូមួយចំនួនជាមួយតួប្រុសខាងលើហើយ ប៉ុន្តែនេះគឺជាវីដេអូដំបូងដែលផ្ទុះការគាំទ្រ ហើយនាងនិងក្រុមការងារគ្រោងបញ្ចេញឈុតបន្តពីវគ្គនេះឆាប់ៗខាងមុខ៕