
- សុក្រ, 19 កុម្ភៈ 2021 06:42
- ព័ត៌មាន
ចុងសប្ដាហ៍ល្មម! មាន សូនីតា បញ្ចេញបទពិសោធន៍មិនធ្លាប់ជួបមួយ ពេលដើរកម្សាន្តទៅខេត្តកំពតខែមុន
- សុក្រ, 19 កុម្ភៈ 2021 06:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចុងសប្ដាហ៍ល្មម! មាន សូនីតា បញ្ចេញបទពិសោធន៍មិនធ្លាប់ជួបមួយ ពេលដើរកម្សាន្តទៅខេត្តកំពតខែមុន
ចន្លោះមិនឃើញ
មាន សូនីតា តារាស្រីដែលត្រូវបានគេកត់សម្គាល់ថាជាអ្នកដែលនិយមការដើរកម្សាន្តបំផុត មិនថាក្នុង និងក្រៅប្រទេសនោះ បានប្រាប់បទពិសោធន៍ថ្មីក្នុងដំណើរកម្សាន្តមួយទៅខេត្តកំពតដែលនាងមិនធ្លាប់ជួបកាលពីចុងខែមុន។
ដំណើរកម្សាន្តនោះ ត្រូវបានដាក់ឈ្មោះថា ដំណើរកម្សាន្ត "សាកថ្មីឲ្យជីវិត" ដែលពេលនោះ តារាស្រីត្រូវបានអញ្ជើញធ្វើជាវាគ្មិនកិត្តិយសដំបូងបំផុត ស្របពេលកម្មវិធីដំណើរកម្សាន្តមួយនេះ ក៏ទើបនឹងចាប់ដំណើរផ្គត់ផ្គង់សេវាជាលើកទី១ដែរ។ សូនីតា ប្រាប់ថា នាងទទួលយល់ព្រមភ្លាមៗ ដោយឥតមានស្ទាក់ស្ទើរ បន្ទាប់ពីទទួលបានការសាកសួរចិត្ត។
“និយាយដោយឥតលាក់បាំងបង គ្រាន់តែលឺឈ្មោះ និងដឹងពីខ្លឹមសារកម្មវិធីហ្នឹង ខ្ញុំឆ្លើយអូខេ ភ្លាមៗហ្មង!។ សូនីតា ថ្លែង។
ហេតុផលមួយចំនួនដែលជំរុញឲ្យមាន សូនីតា ឆ្លើយភ្លាមសម្រាប់ដំណើរកម្សាន្តខាងលើ ទី១នាងជាអ្នកចូលចិត្តការធ្វើដំណើរកម្សាន្តស្រាប់។ ទី២ នាងពេញចិត្តខ្លឹមសាររបស់កម្មវិធី ដែលនាងមិនដែលជួបសម្រាប់ដំណើរកម្សាន្តនានាក្នុងអតីតកាលរបស់នាង ទាំងដំណើរកម្សាន្ត និងក្រៅស្រុក។
កម្មវិធីដំណើរកម្សាន្ត "សាកថ្មឲ្យជីវិត" រៀបចំដោយក្រុម Amata-អមតា បានចេញដំណើរកាលពីចុងខែមករា ២០២១ នាំយក មាន សូនីតា និងបុគ្គលសាមញ្ញជាង២០នាក់ផ្សេងទៀត ឆ្ពោះទៅកាន់រមណីយដ្ឋានល្បីៗមួយចំនួនក្នុងខេត្តកំពតក្នុងដំណើរកម្សាន្ត ២ថ្ងៃ ១យប់។ តាម សូនីតា កម្មវិធីនេះ ប្រមូលផ្ដុំដោយនាក់ដែលមានវិបត្តិផ្លូវចិត្ត ខូចចិត្ត ឬបាក់ទឹកចិត្ត នឹងបញ្ហាជាច្រើននៅក្នុងឆាកជីវិត។
ចំណុចនេះឯង ដែលទាក់ទាញទឹកចិត្តតារាស្រីភ្លាមៗ។ សូនីតា លើកឡើងថា ចំណុចនេះហើយដែលនាងមិនធ្លាប់ជួបពីមុនមកក្នុងដំណើរកម្សាន្ត។ "កន្លងមក យើងដើរកម្សាន្តគ្រាន់តែដើម្បីលេងកម្សាន្តនឹងទេសភាព ឬកន្លែងកម្សាន្តផ្សេងៗ និយាយរួម គឺគ្រាន់តែផ្លាស់ប្ដូរបរិយាកាសណាបង តែលើកនេះ គឺខ្ញុំបានរាប់អានមិត្ត បានចែករំលែករឿងរ៉ាវផ្សេងៗជាមួយគ្នា...ចូលរួមកម្មវិធីហ្នឹង ខ្ញុំដូចរៀនបានច្រើនទៀតពីរឿងរ៉ាវជីវិត ដឹងពីរបៀបរស់នៅប្រឈមនឹងបញ្ហា រឹងមាំអីចឹងណាបង!”។
រាជិនីក្រមា បន្តថា នៅដំណើរកម្សាន្តខាងលើ មានសកម្មភាពលេងល្បែងកម្សាន្ត វគ្គចែករំលែកបទពិសោធន៍ជីវិតដែលជួបបញ្ហា និងមានវគ្គពង្រឹងស្មារតី ជាដើម ជាបច្ច័យឲ្យនាង ក៏ដូចជាប្រិយមិត្តផ្សេងទៀត រៀនបានច្រើនពីការពង្រឹងខ្លួន ទប់ទល់នឹងបញ្ហា យល់ដឹងពីបំណិនជីវិតជាដើម។
"និយាយទៅសម្រាប់ខ្ញុំ កម្មវិធីហ្នឹងល្អ ព្រោះយើងដឹងហើយ រាល់ថ្ងៃមនុស្សយើងម្នាក់ មិនដែលថា អ្នកណាអត់មានបញ្ហានោះទេ គឺសុទ្ធតែមាន ខ្លះមានតិច ខ្លះមានច្រើន អីចឹងហើយបើមានកន្លែងដែលអាចដើរលេងផង រៀនសូត្រពីជីវិតខ្លះផងអីចឹង គឺល្អ សម្រាប់ខ្ញុំគឺរីករាយ ហើយខ្ញុំគិតថា Session ហ្នឹងគួរតែមានឲ្យច្រើនជាងហ្នឹង ហើយខ្ញុំក៏ចូលរួមទៀតដែរ បើមានឱកាស!”។
មាន សូនីតា គឺជាតារាស្រីដែលមានបទពិសោធន៍ជោគជាំមួយរូបនៅក្នុងដំណើរកម្សាន្ត។ នៅមុន កូវីដ ១៩ ចូលមកដល់ គេឃើញបាននាងទៅដើរកម្សាន្តច្រើនកន្លែង ទាំងក្នុងប្រទេស តំបន់អាស៊ី និងអឺរ៉ុប។ រឿងនេះ សាមីខ្លួនបានលើកឡើងថា សម្រាប់នាងការដើរកម្សាន្ត មិនមែនជាចំណាយពេល ឬថវិកាឥតប្រយោជន៍នោះទេ តែជាការវិនិយោគ ព្រោះនាងតែងទទួលបានរឿងថ្មីៗ គំនិតអភិវឌ្ឍន៍ជាច្រើន ពិសេសពីបណ្ដាប្រទេសអភិវឌ្ឍន៍ដូចជាអឺរ៉ុប។
រឿងទាំងនោះ វាអំណោយផលដល់ការធ្វើអាជីវកម្ម ឬធុរកិច្ចផ្សេងៗ ហើយការដើរកម្សាន្តចុងក្រោយជាមួយ អមតា គឺនាងបានរៀនយ៉ាងច្រើនបន្ថែមទៀតពីជីវិត ដែលជាចំណុចសំខាន់មួយទៀត។ នាងថា ចង់ជោគជ័យលើអ្វីមួយ ផ្ដើមចេញពីជោគជ័យលើការចាត់ចែងជីវិតមុនសិន ជម្រះចិត្តសៅហ្មងឲ្យស្អាត ទើបធ្វើកិច្ចការអ្វីមួយបានលទ្ធផលល្អ៕