• 2021-02-27 15:24:42
  • ព័ត៌មាន

ទិនហ្វី ចេញ​សារ​ភ្លាម ក្រោយ​ដឹង​ដំណឹង​ដៃគូ​សម្ដែង​ដ៏​សាកសម​បាន​ទទួល​មរណភាព

  • 2021-02-27 15:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ជា​អ្នក​ដឹកនាំ​រឿង Stepen Chow ដែល​ប្រិយមិត្ត​ស្គាល់​ថា​ជា ទិនហ្វី បាន​ផ្ញើ​សារ​ខ្លី​មួយ​ទៅ​កាន់​អតីត​ដៃគូ​សម្ដែង​ដ៏​សាក​សម គឺ​លោក Ng Man Tat ក្រោយ​ដឹង​ថា​ដៃគូ​រូប​នេះ​បាន​លា​ចាក​លោក​ទៅ​ហើយ។

ទិនហ្វី បង្ហោះ​សារ​នៅ​លើ IG របស់​ខ្លួន​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​មួយ​សន្លឹក​ដែល​មាន​លោក និង​ដៃគូ​សម្ដែង។ រូប​នោះ គឺ​ជា​ការ​សម្ដែង​របស់​លោក​ជាមួយ​នឹង Ng Man Tat ក្នុង​រឿង "ក្រុម​បាល់​ទាត់​សៅលីញ" ដ៏​ល្បី។ សារ​ខ្លី​របស់​តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយ គឺ​សូម​ឲ្យ​មិត្ត​រួម​អាជីព​បាន​ទៅ​សោយសុខ​នៅ​ឋាន​សុគតិភព ដែល​ជាមួយ​គ្នា​ក៏​មាន​ប្រិយមិត្ត​លោក​ជា​ច្រើន​បាន​ចូល​មក​សម្ដែង​ការ​សោក​ស្ដាយ ចំពោះ​ការ​បាត់​បង់​តារាសម្ដែង​ដ៏​កំប្លែង​ដ៏​ល្បី។

លោក Ng Man Tat ត្រូវ​បាន​គេ​រាយការណ៍​ថា បាត់​បង់​ជីវិត​នៅ​ថ្ងៃ​ទី ២៧ កុម្ភៈ​នេះ ដោយ​រោគ​មហារីក​ថ្លើម ក្នុង​អាយុ ៧០​ឆ្នាំ។ សារព័ត៌មាន​បាន​ស្រង់​សំដី​មិត្ត​ជិត​ស្និទ្ធ​របស់​សិល្បករ​ជើងចាស់ គឺ​លោក Tin Kai Man ថា លោក Ng Man Tat បាន​បាត់​បង់​ជីវិត​ទៅ​ហើយ​នៅ​វេលា​ម៉ោង ៥ និង​១៦​នាទី​ម៉ោង​នៅ​ទីក្រុងហុងកុង នៅ​ក្នុង​មន្ទីរ​​ពេទ្យ​សហព័ន្ធ​របស់​ទីក្រុង​នេះ។

Tin Kai Man បាន​ប្រាប់​សារព័ត៌មាន​ទៀត​ថា មាន​មិត្តភ័ក្ត​ជា​ច្រើន​បាន​ទៅ​សួរ​សុខ​ទុក្ខ តារា​សម្ដែង​ជើងចាស់​សម្រាប់​វិនាទី​ចុង​ក្រោយ។ គ្រា​នោះ Ng បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា លោក​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់ ហើយ​ដើម្បី​រំដោះ​ការ​ឈឺ​ចាប់ លោក​បាន​ទទួល​យក​ការ​ចាក់​សារធាតុ​គីមី​នៅ​រៀងរាល់ ៤ម៉ោង​ម្ដង។ ប៉ុន្តែ​វា​ជួយ​អ្វី​តារា​សម្ដែង​មិន​បាន​យូរ​ទេ ហើយ​ទី​បំផុត​លោក ក៏​លា​ចាក​លោក​ទៅ។

Ng Man Tat កើត​នៅFujian ខេត្ត​ភាគ​ខាង​ត្បូង​របស់​ចិន។ លោក និង​គ្រួសារ​បាន​ផ្លាស់​ប្ដូរ​ទីលំនៅ​មក​រស់​នៅ​ទីក្រុង​ហុងកុង​ពេល​ដែល​មាន​អាយុ ៧​ឆ្នាំ។ នៅ​ឆ្នាំ ១៩៧៣ លោក​បាន​ដាក់​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​ការ​សម្ដែង ហើយ​ក្រោយ​មក​លោក បាន​បោះ​ជំហាន​ផ្លូវ​ការ​ចូល​ឧស្សាហកម្ម​ភាពយន្ត និង​ទូរទស្សន៍។

លោក ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ដៃគូ​សម្ដែង​សាក​សម​ឥតខ្ចោះ​ជាមួយទិនហ្វី។ ពួក​គេ​ទាំង​ពីរ​បាន​ចូល​សម្ដែង​រួម​គ្នា​ក្នុង​ខ្សែ​ភាពយន្ត​ជា​ច្រើន និង​​បាន​ក្លាយ​ជា​តារា​ក្នុង​ដួង​ចិត្ត​របស់​មនុស្ស​ជា​ច្រើន។ ស្នាដៃ​របស់​លោក បាន​ជួយ​ឲ្យ​មាន​​រីកចម្រើន​យ៉ាង​ខ្លាំង​របស់​នៃ​ភាពយន្ត​ហុងកុង​ជា​ពិសេស​ក្នុង​ទសវត្សរ៍​ទី ៨០។

ខ្សែ​ភាពយន្ត Ng Man Tat បាន​សម្ដែង​ជាមួយ ទិនហ្វី មាន​ដូច​ជា "Fight Back to School", "A Chinese Odyssey", "Shaolin Soccer" និង "Hail the Judge" ជា​ដើម។ ក្នុង​រយៈ​ជិត ៥​ទសវត្សរ៍ Ng Man Tat បាន​ទទួល​ពាន​រង្វាន់​ជា​ច្រើន ហើយ​ពាន​មួយ​ដ៏​គួរ​ចាប់​អារម្មណ៍ គឺ​ពាន "តួ​សម្ដែង​អម​ដ៏​ឆ្នើម" ឬ "Golden Supporting Role”៕

ប្រភព៖ CGTN | todayonline ប្រែ​សម្រួល៖ ទារិកា

មតិយោបល់