• 2021-03-16 01:07:41
  • ព័ត៌មាន

ចេញ​ពី​សិល្បៈ​ដំបូង ទៅ​លក់​ម្ជូរ ឥឡូវ​ក្លាយ​ជា​ថៅកែ​ជំនួញ​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ

  • 2021-03-16 01:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង អេន យ៉ាដាវ ឬ Madam Ly បាន​បាត់​មុខ​ពី​សិល្បៈ​ខ្ទង់​ជិត​១០​ឆ្នាំ​ទៅ​ហើយ ដោយ​ក្នុង​វេលា​នោះ នាង​បាន​ប្រឡូក​ជំនួញ​ជា​ច្រើន ចាប់​តាំង​ពី​លក់​ម្ជូរ​ក្នុង​ទី​តាំង​តូច​មួយ​នៅ​ម្ដុំ​ផ្សារ​ស៊ីលិប រហូត​ដល់​បច្ចុប្បន្ន​នាង​បាន​ក្លាយ​ជា​ថៅកែ​ក្រុមហ៊ុន​មាន​តម្លៃ​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក​ឯណោះ។

តាម​ការ​បញ្ជាក់​របស់​សាមី​ខ្លួន តារា​សម្ដែង​សាច់​ស​​ខ្ចី បាន​សម្រេច​ផ្អាក​ការងារ​សិល្បៈ​ទាំង​ម៉ូដែល និង​សម្ដែង អំឡុង​ឆ្នាំ ២០១៣។ ក្រោយ​មក​នាង ក៏​បាន​​ជួប​ជាមួយ​គូស្នេហ៍​ដែល​ជា​អ្នក​ជំនួញ​មួយ​រូប ដែល​នាំ​ឲ្យ​នាង​ចេះ​រក​ស៊ី​ដែរ។ ដំបូង​បំផុត​ គឺ​ យ៉ាដាវ បាន​លក់​គ្រឿង​ម្ជូរ​នៅ​ម្ដុំ​ផ្សារ​ស៊ីលិប ហើយ​ជាមួយ​គ្នា​តារា​ស្រី ក៏​បាន​រក​ស៊ី​ផ្សេង​ទៀត​ដែរ ដូច​ជា លក់​ឡេ និង​គ្រឿង​កាឡៃ​ជា​ដើម។

របរ​ទាំង​នោះ ត្បិត​ថា​មើល​ទៅ​មិន​សូវ​ធំ​ដុំ ប៉ុន្តែ​បាន​ផ្លែ​ផ្កា​ច្រើន​គួរ​សម រហូត​ដល់​នាង​អាច​សន្សំ​បាន​ប្រាក់​មួយ​ចំនួន​បូក​ផ្សំ​ប្រាក់​បាន​ពី​ជំនួញ​របស់​គូស្នេហ៍​ផង យ៉ាដាវ មាន​លទ្ធភាព​ទិញ​ផ្ទះ​មួយ​កន្លែង​នៅ​ក្នុង​បុរី​ប៉េង​ហួត។ ហើយ​ចុង​ក្រោយ នាង​បាន​មាន​លទ្ធភាព​ឈាន​ទៅ​បើក​ក្រុមហ៊ុន​ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា "កំពូល​ម៉ូត" កាល​ពី​ប្រមាណ ២​ឆ្នាំ​ជាង​មុន។

ក្រុម​ហ៊ុន​របស់​ថៅកែ​ស្រី មាន​លក់ និង​ចែក​ចាយ​ទំនិញ​ជា​ច្រើន ដូច​ជា៖ ​គ្រឿង​អលង្ការ គ្រឿង​សង្ហារិម ឡេ​លាប​ស្បែក និង​ផលិតផល​សម្រាប់​ស្ត្រី​ជា​ច្រើន​ទៀត។ យ៉ាង​ណា ក្នុង​ចំណោម​នេះ បើ​តាម​ការ​បញ្ជាក់​របស់ Madam Ly នាង​បាន និង​កំពុង​ជោគជ័យ​ខ្លាំង​ជាមួយ​នឹង​ផលិតផល​ថែ​រក្សា​សម្ផស្ស "JJ ស​ស្អាត"។

ដោយ​សារ​បែប​នេះ តារា​ស្រី​ដែល​មាន​សម្រស់​ស្បែក​​ស្អាត​តាំង​ពី​ប្រឡូក​សិល្បៈ នៅ​តែ​មាន​សាច់​ស្អាត​បើ​ទោះ​បច្ចុប្បន្ន​មាន​កូន​ដល់​ទៅ ៤នាក់​ទៅ​ហើយ​ក្ដី។ យ៉ាដាវ លើក​ឡើង​ថា ក្រោយ​ចាក​ចេញ​ជិត ១០​ឆ្នាំ នាង​ក៏​មាន​ការ​នឹក​រលឹក​ការងារ​សិល្បៈ​ណាស់​ដែរ ប៉ុន្តែ​នៅ​ពេល​នេះ នាង​មិន​ទាន់​អាច​លៃ​ពេល​បាន​នោះ​ទេ ដោយ​សារ​តែ​អាជីវកម្ម​កំពុង​មមាញឹក។

ប៉ុន្តែ​ក្រោយ​ពី​អ្វី​ៗ​បាន​ដំណើរ​ស្រួល​ហើយ នាង​នឹង​ងាក​ទៅ​រក​ការងារ​សិល្បៈ​ខ្លះ​ឡើង​វិញ។ "ខ្ញុំ​មិន​ចោល​ទេ​សិល្បៈ តែ​បើ​ឲ្យ​ទៅ​សម្ដែង បែប​មិន​ទេ យ៉ាង​ចាស់​ហើយ គេ​មិន​យក​យើង​សម្ដែង​ទេ បើ​ខ្ញុំ​ទៅ​វិញ គឺ​ខ្ញុំ​ចង់​បើក​ផលិតកម្ម​មួយ តែ​ចាំ​អាជីវកម្ម​ជោគជ័យ​ខ្លាំង ហើយ​កូន​រាង​ធំ​ៗ​បន្តិច​សិន!” Madam Ly ថ្លែង៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម