• 2021-04-06 08:03:14
  • ចម្រៀង

សែនស្ដាយ​! ផាន់ រុង ប្រាប់​មូលហេតុ​ផ្អាក​ចេញ​បទ​ចម្រៀង​ដែល​ខំ​ធ្វើកន្លះខែក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ

  • 2021-04-06 08:03:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ទើប​រះ​ក្នុង​វិស័យ​ភាពយន្ត និង​ចម្រៀង​ខ្មែរ គឺ​លោក ផាន់ រុង សម្រេច​ផ្អាក​ចេញ​បទ​ចម្រៀង​១​បទ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​២០២១ នេះ។ លោក​មាន​ហេតុផល​សំខាន់​២ ក្នុង​ការ​ពន្យារ​ពេល​ចេញ​បទ​ថ្មី​នេះ គឺ​ទី​១​ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩ និង​ទី២ មិន​ចង់​ឲ្យ​ខាត​បទ​ចម្រៀង ព្រោះ​ពលរដ្ឋ​មិន​ទាន់​អាច​ជួបជុំ និង​រាំ​លេង​បាន។

ផាន់ រុង ប្រាប់ Sabay នៅ​រសៀល​ថ្ងៃទី៦ ខែ​មេសា នេះ​ថា បទ​ថ្មី​ចង្វាក់​ឆឺត នេះ ត្រូវ​បាន​លោក​សម្រិតសម្រាំង​បង្កើត​ទំនុក​ច្រៀង និង​សាច់​ភ្លេង​រយៈ​ពេល​១៥​ថ្ងៃ​ពេញ គឺ​នៅ​តែ​ថត​សំឡេង​យក​ប៉ុណ្ណោះ។ ដូច្នេះ​លោក​មិន​ចង់​ចេញ​បទ​មួយ​ដែល​ខំ​ចំណាយ​ទាំង​កម្លាំង​កាយ និង​ចិត្ដ​ធ្វើ​យូរ​មក​ហើយ​នោះ​ទៅ​ជា​អសារបង់​នោះ​ទេ។

ផាន់ រុង៖"អត់​ចេញ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​បាន យើង​សម្រេច​លើក​ពេល​ទៅ​ចេញ​ក្នុង​ឱកាស​បុណ្យ​កឋិន បុណ្យ​ភ្ជុំបិណ្ឌ ឬ​បុណ្យ​អុំទូក​អី​វិញ។ ក្រៅ​ពី​បទ​នេះ​ខ្ញុំ​ត្រៀម​១​បទ​ទៀត​ដែរ ដែល​ច្រៀង​រួម​គ្នា​ជាមួយ​អ្នក​ចម្រៀង​ប្រុស​បី​នាក់ ក្នុង​ហ្នឹង​ក៏​មាន​សាន់​តា​ម្នាក់​ដែរ"។

ផាន់ រុង គឺ​ជា​ពន្លក​សិល្បករ​ម្នាក់​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​តាម​រយៈ​ផលិត​ខ្សែភាពយន្ត​អប់រំ បង្កប់​នូវ​ឈុត​ឆាក​កំប្លែង​ៗ ច្រើន​ជាង​ការ​ផលិត​បទ​ចម្រៀង។ ផាន់ រុង ចាប់​ផ្ដើម​ទទួល​បាន​ការ​គាំទ្រ​ច្រើន ក្រោយ​ពី​លោក​ផលិត​Original Song បាន​មិន​ក្រោម​២០​បទ ហើយ​រឿង​ខ្លី​ប្រមាណ​៥០​រឿង គិត​ចាប់​តាំង​រូប​គេ​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ក្នុង​ឆ្នាំ​២០២១៨ មក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម